អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ៖….. ថ្វី​ដ្បិត​ក្នុង​រយៈពេល​៣២​ថ្ងៃ​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី ប៉ុន្តែ​មិនមែន​មានន័យថា​វីរុស​កូ​វីដ​បាន​ចាក​ចេញពី​កម្ពុជា​នោះទេ

ព្រឹត្តិការណ៍ថ្មីៗ
0
1099
[wai id="6"]


​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ប្រកាសថា មិនមាន​ករណី ឆ្លង​ជំងឺ កូ​វីដ​១៩ ហើយក៏​ពុំមាន​ករណី​ជាសះស្បើយ​ដែរ ខណៈ​អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​សរុប​ចំនួន​១២១​នាក់​។​
​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ​។

​រយៈពេល​៣២​ថ្ងៃ​ហើយ ដែល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ខណៈ​នៅសល់​អ្នកជំងឺ​ត្រឹមតែ​១​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​។ ថ្វី​ដ្បិត​ក្នុង​រយៈពេល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ ប៉ុន្តែ​ក្រសួងសុខាភិបាល​នៅតែ​ព្រមាន​ដល់​ពលរដ្ឋ​ជានិច្ច​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ​។​

​លោកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ធ្លាប់បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស នៅ​កាលពី​ថ្ងៃទី ១៤ ឧសភា​នេះ​ថា បើទោះបីជា​ប្រទេស​កម្ពុជា មិនមាន​រកឃើញ​ករ​ណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ក្នុង​រយៈពេល​ជាង​មួយខែ​កន្លងមកនេះ​ក្តី ក៏ប៉ុន្តែ​ក្រសួងសុខាភិបាល​នៅតែ​ក្រើនរម្លឹក​ម្តង​ហើយ​ម្តងទៀត​ដល់​ពលរដ្ឋ​ទាំងអស់ មិនត្រូវ​មានការ​ធ្វេសប្រហែស​នោះឡើយ ដូច្នេះ​ទាមទារ​ឲ្យ​បុគ្គល​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការចម្លង​ឲ្យ​បាន​ជាប់​ជានិច្ច ដោយ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបទ​នៃ​ការរស់នៅ​របស់ខ្លួន​។​
ពាណិជ្ជកម្ម

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ បានបញ្ជាក់​ទៀតថា ទម្លាប់​និង​ឥរិយាបទ​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវតែ​កែប្រែ​ឲ្យ​ស្របទៅតាម «​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី (New Normal Life) ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩» ជា​ចាំបាច់​នោះ រួមមាន​៖ ការប្រកាន់យក​នូវ​ការអនុវត្ត​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ឬ​ប្រើ​ក្រ​ម៉ា កន្សែង ឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មានការ​ក្អក ឬ​កណ្តាស់ បន្ត​អនុវត្ត៍​គម្លាត​សុវត្ថិភាព និង​គម្លាត​សុវត្ថិភាព​បុគ្គល មិនត្រូវ​មានការ​ជួប​ជុំ ឬ​រៀបចំ​ពិ​ធិ​ណាមួយ​ដែលមាន​គ្នាច្រើន​កុះករ​ពេក ដូចជា​ការជួបជុំ​ផឹកស៊ី​ដែលមាន​គ្នាច្រើន ឬ​ការជួបជុំ​តាមបែប​សាសនា​ជាដើម ។​
​ដោយឡែក សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ព្រមទាំង​កន្លែង​លក់ដូរ​ផ្សេងៗ ត្រូវតែ​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ឲ្យ​ទៅតាម​បែប​នៃ​ការរស់នៅ «​សភាព​ធម្មតា​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩» នៅ​កម្ពុជា ដូច​ចំណុច​រៀបរាប់​ខាងលើ និង​អនុវត្តន៍​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ធានាថា «​ទីតាំង​ធុរកិច្ច​របស់ខ្លួន​មិនត្រូវ​ក្លាយជា​ទីកន្លែង​ចម្លង​វីរុស​កូ​វីដ​-១៩ ដល់​អតិថិជន ឬ​អ្នក​បម្រើការ​នៅ​ទី​នោះឡើយ ។​

​គួរ​បញ្ជាក់ដែរថា នា​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា ២០២០ នៅ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា ប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ណែនាំ​ដល់​អាជ្ញាធរ ឱ្យ​ចុះ​ពិនិត្យ​ភោជនីយដ្ឋាន​ទាំង ឡាយ​ណា បើ​ភោជនីយដ្ឋាន​ណា​មិន​អនុវត្តន៍​តាម​វិធាន​អនាម័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឬ​ទប់ស្កាត់​មិនឱ្យ​ជំងឺ នេះ​រីក​រាលដាល​ទេនោះ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ផងដែរ​។​​
[wai id="5"]