រុស្ស៊ី និង​ចិន​បាន​ចាប់ដៃគ្នា​ដំឡើង​សាច់ដុំ​ដាក់ សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
256
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ សីហា ២០១៨​នេះ​ថា រុស្ស៊ី និង​ចិន​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​ផ្នែក​យោធា​រួមគ្នា ស្រប​ពេលដែល​អាមេរិក​កំពុងតែ​ព្យាយាម​ប្រជែង​ទៅនឹង​ការ​ងើប​ឡើងវិញ​នៃ​ភាពជា​មហា​យក្ស​របស់​ពួកគេ​។​ ​កងទ័ព​រំដោះប្រជាជន​ចិន និង​កងទ័ព​រុស្ស៊ី​រួមទាំង​កងទ័ព​មកពី​បណ្តា​ប្រទេស​ចំ​នួ​យ ៦​ផ្សេងទៀត កំពុងតែធ្វើការ​ហ្វឹកហាត់​រួមគ្នា​ជា​លើកដំបូង​នៅក្នុង​សមយុទ្ធ​ប្រឆាំង​ទៅនឹង​ភេរវកម្ម ដែល​ហៅថា « Peace Mission 2018» ឬ​បេសកកម្ម​សន្តិភាព ២០១៨ ដែល​ធ្វើឡើង​នៅក្នុង​ក្របខណ្ឌ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​។ ក្រុម​ប្រទេស​ចំនួន ៨​នេះ​បានធ្វើ​សមយុទ្ធ​ចំនួន ៦​ដង មុន​សមយុទ្ធ​លើក​នេះ ប៉ុន្តែ​នេះ​គឺជា​លើកទីមួយ​ហើយ ដែលមាន​ការចូលរួម​ពី​ប្រទេស​គូសត្រូវ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បែបនេះ​។ សមយុទ្ធ​នេះ​បានចាប់ផ្តើម​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​មុន​មកម្ល៉េះ​។​ ​កាសែត Asia Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ចាប់តាំងពី​ថ្ងៃ​ចុងខែ​សីហា​នេះ រហូតដល់​ពាក់កណ្តាល​ខែកញ្ញា ទាហាន​មកពី​កងទ័ព​រំដោះប្រជាជន​ចិន​ប្រមាណ ៣.២០០​នាក់ នឹងត្រូវ​ធ្វើការ​ហ្វឹកហាត់​រួមគ្នា​ជាមួយ​កងទ័ព​រុស្ស៊ី និង​កងទ័ព​មុង​ហ្គោល​។ យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ការដាក់​ពង្រាយ​នៃ​ទាហាន​ចិន​បញ្ហា​ញ​ពី​និមិត្តសញ្ញា​ភ័ស្តុតាង​សម្ងាត់​នៃ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ប៉េកាំង​។​ ​សហរដ្ឋអាមេរិក​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រទេស​រុស្ស៊ី ដែលជា​គូប្រជែង​របស់ខ្លួន​តាម​រយៈ​ទណ្ឌកម្ម​ទៅលើ​ប្រទេស​នេះ បន្ទាប់ពី​បាន​ចោទប្រកាន់​ប្រទេស​នេះ​អំពី​ការចូល​ជ្រៀត​ជ្រែ​ត​បោះឆ្នោត​ផ្ទៃក្នុង​របស់​ប្រទេស​នេះ ដោយបាន​កាត់​យក​តំបន់​គ្រី​មៀ​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន និង​ការបំពុល​សម្លាប់​ទៅលើ​អតីត​ចារកម្ម​របស់ខ្លួន​នៅក្នុង​ទីក្រុង​សាលី​ស​ប៊ឺ​រី ប្រទេស​អង់គ្លេស​។ ថ្មីៗ​កន្លងទៅនេះ សហរដ្ឋអាមេរិក​បាន​បន្ត​ដាក់​គំនាប​តាមរយៈ​ទណ្ឌកម្ម​របស់ខ្លួន​ទៅលើ​ប្រទេស​រុស្ស៊ី​បន្តទៀត​។​ ​ការ​រឹតត្បិត​ផ្នែក​សេដ្ឋកិច្ច​នេះ បាន​ញ៉ាំង​ឲ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ថ្លែងថា សេនា​រី​យ៉ូ​សង្គ្រាមត្រជាក់ ដែល​គួរ​ត្រូវបាន​ពិភពលោក​បោះបង់ចោល ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងទៅនេះ ឥឡូវនេះ​កំពុងតែ​វិវត្តន៍​បន្ត​ហើយ​។​ ​ស្រដៀង​គ្នា​នេះ ក្រសួងការពារជាតិ​ចិន​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​បោះបង់​ចោល​ស្មារតី​នៃ​សង្គ្រាមត្រជាក់​បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​ចេញផ្សាយ​របាយការណ៍​ដែល​បង្ហាញ​ពី​ការកើនឡើង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង​នាពេល​ថ្មីៗ​នេះ​ថា ជាការ​មិនល្អ​សម្រាប់​តំបន់​នេះ​៕DNT-NEWS