សម្តេច ស ខេង បាន​ព្រមានចំពោះ​ម្ចាស់​ក្លឹប​កម្សាន្ត​ដែល​បណ្តោយ​ឲ្យ​មានការ​ចែកចាយ​គ្រឿងញៀន​នៅ​កន្លែង​របស់ខ្លួន

ព្រឹត្តិការណ៍ថ្មីៗ
0
375
​ថ្មីៗ​នេះ សម្តេច ស ខេង បាន​ព្រមាន​ខ្លាំងៗ​ទៅកាន់​ម្ចាស់​កន្លែង​កម្សាន្ត​ថា​នឹងត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់ និង​បិទ​អាជីវកម្ម​របស់ខ្លួន​ថែមទៀត ប្រសិនបើ​សមត្ថកិច្ច​រកឃើញ​មានការ​ចែកចាយ​គ្រឿងញៀន​។​សម្តេច​ក្រឡាហោម បញ្ជាក់ថា “​យើង​មិនមែន​បង្ក្រាប​កន្លែង​កម្សាន្ត​ទេ គឺ​យើង​បង្ក្រាប​គ្រឿងញៀន ពីព្រោះ​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​កន្លែង​កម្សាន្ត តែ​មិន​អនុញ្ញាត​ឲ្យ​ចែកចាយ​គ្រឿងញៀន​ទេ​”​។ សម្តេច​ថ្លែង​បែបនេះ​វេទិកា​អន្តរ​សាសនា​ថ្នាក់ជាតិ នៅ​កម្ពុជា​លើក​ទី​២ ពិធី​សូត្រធម៌ អធិដ្ឋាន បញ្ជូន​សារ​ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស និង​បញ្ចប់​ទាសភាព​សម័យ​ទំនើប នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិ​ពណ៌ និង​សន្និបាត​កោះ​ពេជ្រ​។​ ​នៅក្នុង​ពិធី​នោះ សម្តេច​បាន​សង្កត់ធ្ងន់​ថា ការចុះទៅ​បង្ក្រាប​របស់​សមត្ថកិច្ច គឺ​មិនមែន​ទៅ​បង្ក្រាប​កន្លែង​កម្សាន្ត​នោះទេ ប៉ុន្តែ​គឺ​បង្ក្រាប​ការចែក​ចាយ​គ្រឿងញៀន​ប៉ុណ្ណោះ​។ សម្តេច ពន្យល់ថា ការបើក​អាជីវកម្ម​កន្លែង​កម្សាន្ត គឺ​ច្បាប់​អនុញ្ញាត តែ​ការ​បណ្តោយ​ឲ្យ​មាន​ចែកចាយ​គ្រឿងញៀន គឺជា​រឿង​ខុសច្បាប់​ដាច់ដោយឡែក​។ តែបើ​ម្ចាស់​រង្គសាល​អនុញ្ញាត​ឲ្យ​គេ​ចែកចាយ​គ្រឿងញៀន​នៅក្នុង​រង្គសាល​របស់ខ្លួន គឺ​ម្ចាស់​រង្គសាល​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​ ​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ដោយផ្ទាល់​មាត់​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការចែក​ចាយ​គ្រឿងញៀន ពីព្រោះ​នៅ​រាជធានី​ភ្នំពេញ មិនទាន់​ឃើញ​បង្ក្រាប​នៅឡើយ​ទេ​។​ ​សម្តេច​បាន​បន្តទៀតថា ដើម្បី​បង្ក្រាប​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​អាជ្ញា​ធរមាន​វិធីសាស្ត្រ​ចំនួន​ពីរ​នៅ​ចំពោះមុខ​នេះ ។ ទីមួយ អាជ្ញាធរ​ត្រូវ​សហការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ឆ្មក់​ចូល​បង្ក្រាប និង​ទី​ពីរ ត្រូវ​ប្រកាស​ជា​ចំហរ​ដល់​ម្ចាស់​កន្លែង​កម្សាន្ត​ទាំងអស់ ត្រូវ​លុបបំបាត់​បញ្ហា​នេះ​ដោយ​ខ្លួនឯង​។ សម្តេច ស ខេង បាន​ព្រមាន​ជាមុន​ថា បើសិន​ម្ចាស់​កន្លែង​កម្សាន្ត​លុបបំបាត់​ដោយ​ខ្លួនឯង នោះ​អាជីវកម្ម​របស់ខ្លួន​នឹង​ដំណើរ​ការបន្ត​។ ផ្ទុយទៅវិញ បើសិន​អាជ្ញាធរ​ចុះទៅ​បង្ក្រាប គឺ​បង្ក្រាប​ទាំង​បទល្មើស​គ្រឿងញៀន និង​អាច​នឹង​បិទ​អាជីវកម្ម​តែម្តង​។ ជាមួយគ្នានេះ សម្តេច ស ខេង ក៏បាន​បញ្ជា​ឲ្យ​ចៅហ្វាយក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​ចុះបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅលើ​កន្លែង​កម្សាន្ត​ណា ដែលមាន​បង្កប់​ការ​ចែកចាយ​គ្រឿងញៀន​៕