លោកយាយ អាយុ​វែង​បំផុត​អះអាងថា​មិន​ទទួលបាន​ក្តី​សុខ​១​ថ្ងៃ​គ្មាន​ក្នុង​រយៈពេល​១២៨​ឆ្នាំ​កន្លងមកនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
269
​លោកយាយ​ម្នាក់​រស់នៅ​រុស្ស៊ី ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ជាម​នុស្សរ​ស់មាន​អាយុ​វែង​ជាងគេ​បំផុត​នៅ​វ័យ​១២៨​ឆ្នាំ​នោះ បាន​ត្អូញត្អែរ​ពី​ជីវិត​រស់នៅ​ដ៏​វែង​អន្លាយ​របស់​លោកយាយ​ថា លោកយាយ​មិនដែល​បាន​ស្គាល់​ជាតិ​ស្រួល​អ្វី​នឹង​គេ​ទេ​។ លោក​និយាយ​និយាយថា លោកយាយ​មិន​សប្បាយចិត្ត​សូម្បីតែ​១​ថ្ងៃ​នៅក្នុង​ជីវិត​របស់គាត់ ហើយ​ជីវិត​យូរ​បែបនេះ គឺជា​ការដាក់ទោស​ទៅវិញ​ទេ​។​​លោកយាយ Koku Istambulova ពិតជា​ធ្វើ​ឲ្យ​ពិភពលោក​មិន​ជឿ​នូវ​អាយុ​លើ​លិខិតឆ្លងដែន ដែល​ចេញ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ឡើយ​។ នេះ​ក៏​ព្រោះថា អ្នក​ដែល​ធ្លាប់មាន​អាយុ​វែង​ជាងគេ គឺ​ត្រឹមតែ​១២២​ឆ្នាំ​ប៉ុណ្ណោះ​។ ​លោកយាយ​បាន​និយាយថា​៖ “​ខ្ញុំ​មិនបាន​ស្គាល់​សេចក្តីសុខ​នៅ​ថ្ងៃ​ណាមួយ​ឡើយ​ក្នុង​ជីវិត​នេះ​។ ខ្ញុំ​តែងតែ​ធ្វើការ​ធ្ងន់ ហើយ​ខ្ញុំ​ពិតជា​ហត់​ណាស់​។ ការដែល​មាន​អាយុ​វែង​មិនមែនជា​អំណោយ​ពី​ព្រះ​ទេ​។ វា​ជា​ទារុណកម្ម​មកលើ​ខ្ញុំ​ទៅវិញ​ទេ​។​ ​ដោយសារ​សល់​តែ​ពេល​២​សប្តាហ៍​ទៀត​នឹង​ឈានដល់​វ័យ​១២៩​ឆ្នាំ​ហើយ​នោះ លោកយាយ បាន​និយាយថា លោកយាយ​មិន​សប្បាយចិត្ត​សូម្បីតែ​១​ថ្ងៃ​។​ ​នៅពេល​សួរថា​តើ​ហេតុអ្វី​បានជា​លោកយាយ​រស់នៅ​យូរ​បែបនេះ លោកយាយ​ឆ្លើយថា វា​គឺជា​បំណង​របស់​ព្រះ​។ លោកយាយ​មិនដឹងថា វា​កើតឡើង​ដោយសារ​អ្វី​នោះទេ​។ លោកយាយ​បាន​និយាយថា លោកយាយ​ឃើញ​គេ​រត់​ហាត់​កីឡា ញ៉ាំ​អាហារ​ពិសេស ថែ​រាង​របស់​ពួកគេ ប៉ុន្តែ​លោកយាយ​វិញ​មិនដឹង​នោះទេ​ថា​តើ​ហេតុអ្វី​បានជា​លោកយាយ​អាច​រស់​មកទល់នឹង​ពេលនេះ​បាន​។​​លោកយាយ​មានកូន​ស្លាប់ចោល​ទាំង​បួន​នាក់ ដែល​បន្សល់ទុក​លោកយាយ​រស់នៅ​ម្នាក់ឯង​។ ចំពោះ​វិធី​ធ្វើ​ឲ្យ​អាយុ​វែង​វិញ លោកយាយ​ប្រាប់ថា លោកយាយ​មិនដឹង​នោះទេ​។ លោកយាយ​គ្រាន់តែ​ប្រាប់ថា គាត់​ចូលចិត្ត​ពិសារ​ទឹកដោះគោ​ជូរ ហើយ​មិន​ពិសា​រសាច់ ឬ​ស៊ុប​ឡើយ​។​ ​សូមបញ្ជាក់ថា រដ្ឋាភិបាល​រុស្ស៊ី បាន​អះអាងថា លោកយាយ Koku គឺជា​មនុស្ស​អាយុ​ចាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​យោងតាម​សំបុត្រកំណើត​ចេញ​ដោយ​អតីត​សហភាពសូវៀត លោកយាយ Koku​កើត​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៨៨៩​។ លោកយាយ​មាន​វ័យ​៥៥​ឆ្នាំ ពេលដែល​សង្គ្រាមលោកលើកទី​២ បានបញ្ចប់​នៅក្នុង​ឆ្នាំ​១៩៤៥ ហើយ​លោក​មាន​អាយុ​១០២​ឆ្នាំ ពេលដែល​សហភាពសូវៀត​ដូ​ល​រំលំ​នៅក្នុង​ឆ្នាំ​១៩៩១​។ អំឡុង​សង្គ្រាម លោកយាយ​បាន​រៀបរាប់ថា រថក្រោះ​ក្រុម​ណា​ហ្ស៊ី បាន​បើក​កាត់មុខ​ផ្ទះ​គ្រួសារ​លោកយាយ​៕