អាមេរិក​៖ ប្រជាជន​ស៊ី​រី ត្រូវ​សម្រេចចិត្ត​លើ​ជោគវាសនា​អនាគត​ប្រទេស​របស់ខ្លួន គួរ​បន្ត​ជាមួយ​អាសាធ ឫ​យ៉ាងណា ?

ព្រឹត្តិការណ៍ថ្មីៗ
0
220
​យោងតាម​សារព័ត៌មាន News Week នៅ​ថ្ងៃ​សុក្រ​ទី​៣១ សីហា​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក លោក ជី​ម ម៉ា​ទី​ស​បានធ្វើ​ការអំពាវនាវ​សារជាថ្មី​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ចុះ​ចេញពី​អំណាច និង​បាន​លើកឡើងថា វា​អាស្រ័យ​លើ​ប្រជាជន​ស៊ី​រី ក្នុងការ​សម្រេចចិត្ត​លើ​ជោគវាសនា​អនាគត​ប្រទេស​របស់ខ្លួន​តែប៉ុណ្ណោះ​។​ ​នៅក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​មួយ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក​ម៉ា​តទី​សបាន​ហៅ​អាសាដ​ថា គឺជា​ជនបង្ក​នូវ​ភាពចលាចល និង​ជា​ឧក្រឹដ្ឋជន​សម្លាប់​ប្រជាជន​ខ្លួនឯង​អស់​រយៈពេល ៧​ឆ្នាំ​កន្លងទៅ​ចាប់តាំងពី​ការ​ងើប​បះបោរ​របស់​ប្រជាជន​នៅ​ឆ្នាំ ២០១១​។ ​លោក​ម៉ា​ត់ទី​សបាន​និយាយថា «​គោលដៅ​របស់​យើង​គឺ​ដើម្បី​ផ្លាស់ប្តូរ​សង្គ្រាមស៊ីវិល​ស៊ី​រី​ទៅជា​ដំណើរការ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​ឲ្យ​ប្រជាជន​ស៊ី​រី​អាចបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដែល​មិនមែន​ដឹកនាំ​ដោយ​អាសាដ​នោះទេ​»​។​ ​ការលើកឡើង​របស់លោក​ម៉ា​ទី​ស​នេះ បានធ្វើ​ឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​រុស្ស៊ី ជុំវិញ​វិញ​ការចោទប្រកាន់​អំពី​ការប្រើ​អាវុធ​គីមី​របស់​កងកម្លាំង​អាសាដ​នៅក្នុង​ប្រទេស​ស៊ី​រី​។ ទ​ន្ទឹ​ក​នឹង​ការលើកឡើង​បែបនេះ រុស្ស៊ី​បាន​ពង្រឹង​ក​ម្ឡាំ​ង​ទ័ព​របស់ខ្លួន​នៅក្នុង​តំបន់​យ៉ាង​សម្បើម ដោយបាន​បញ្ជូន​កង​នាវាចម្បាំង​រាប់សិប​គ្រឿង និង​ធ្វើ​សមយុទ្ធ​យ៉ាង​ឱឡារិក កក្រើក​ផ្ទៃសមុទ្រ​។​ ​យ៉ាងណាក៏ដោយ ការលើកឡើង​របស់លោក​ម៉ា​ទី​សកាល​ពីថ្ងៃ​អង្គា​រហាក់​ផ្ទុយ​ខុសពី​សភាពការណ៍​នៅក្នុង​ប្រទេស​ស៊ី​រី​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។ នៅ​ថ្ងៃ​សុក្រ​នេះ រុស្ស៊ី និង​អ៊ីរ៉ង់​នាំគ្នា​ជ្រុំ​ជ្រែង​ប្តេជ្ញា​វាយកម្ទេច​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​បះបោរ ដែល​នៅសល់​តែមួយ​ក្នុង​ខេត្ត​អ៊ី​ត​លី​ប​។ កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បានទទួល​ជោគជ័យ​គ្រប់​សមរភូមិ​ទាំងអស់​។ ទន្ទឹមនឹង​វត្តមាន​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​នេះ អ៊ីស្រាអែល​គម្រាមថា​នឹង​ចាត់​វិធានការណ៍​ក្តៅ​ប្រឆាំង​ទៅនឹង​វត្តមាន​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​។​ ​ជាមួយនឹង​គម្រោង​បើក​ការវាយប្រហារ និង​ការ​ជ្រួយ​ជ្រុំ​ជ្រែង​ពី​សំណាក់​រុស្ស៊ី និង​អ៊ីរ៉ង់​នេះ អង្គការសហប្រជាជាតិ​បាន​គម្រាមថា គ្រោះមហន្តរាយ​ដ៏​ខ្លាំងក្លា​នឹង​កើតមានឡើង​នៅក្នុង​ប្រទេស​នេះ ដោយសារតែ​វា​ជាការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​ចុងក្រោយ​របស់​ក្រុម​ឧ​ទ្ធា​ម​។ អង្គការ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រទេស​នេះ​ផងដែរ​។​ ​ប្រទេស​ស៊ី​រី​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​ប្រយុទ្ធ​ជាច្រើន​ក្រុម​។ ខាងក្រោម​នេះ គឺជា​រូបភាព​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ ដែល​បង្ហាញ​ពី​ការគ្រប់គ្រង​ដោយ​ក្រុម​ទាំងនោះ​នៅក្នុង​ទឹកដី​ស៊ី​រី កាលពី​ខែកក្កដា កន្លងទៅនេះ​។ ពណ៌​បៃតង​គឺជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​។ ពណ៌​លឿង គឺជា​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ប្រជាធិបតេយ្យ​ស៊ី​រី រួមជាមួយ​ក្រុម​ឃឺ​ដ​។ ពណ៌​ប្រផេះ​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ​ស៊ី​រី និង​ក្រុម​ជី​ហាត​។ រីឯ​ពណ៌​ខៀវ​ស្រគាំ​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ ដែល​ភ្ជាប់​ខ្លួន​ទៅនឹង​តួ​ក​គី​។ រីឯ​តំបន់​តូច​មួយចំនួនទៀត គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​៕DNT-NEWS