ឧ​ប្ប​ទេវ​ហេតុ​ធ្លាក់​យន្តហោះ បណ្តាល​មនុស្ស​ស្លាប់ និង​រងរបួស​រាប់សិប​នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
353
​ឧ​ប្ប​ទេវ​ហេតុ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ដ៏​គួរ​រន្ធត់​មួយ​របស់​រុស្ស៊ី បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់សិប​នាក់ ពេលដែល​យន្តហោះ បាន​ហោះ​ទៅបុក​ចំហៀង​អគារ​ស្តារលូ ស្ថិតនៅ​ទីក្រុង Nizhneangarsk តំបន់​ស៊ី​បេ​រី​ខាងកើត ប្រទេស​រុស្ស៊ី ។​ ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Angara Airlines ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង Ulan Ude បាន​បង្ខំ​ចុះចត​បន្ទាន់ ប៉ុន្តែ​បែរជា​ផុត​ផ្លូវ​រត់​ចម្ងាយ ១០០​ម៉ែត្រ ហើយ​បាន​ជ្រុល​ទៅបុក​អគារ​រោងចក្រ​ស្តារលូ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​។​ កាសែត Russia Today បាន​រាយការណ៍​ថា មនុស្ស​២​នាក់​ដែល​បាន​បាត់​ជីវិត​នោះ គឺជា​សមាជិក​អាកាសយានិក​តែម្តង​។ មនុស្ស​៧​នាក់​ផ្សេងទៀត នៅលើ​យន្តហោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈដែល​មនុស្ស​៤៣​នាក់​ផ្សេងទៀត ត្រូវបាន​ជួយសង្គ្រោះ​។​ ​លោក​អា​ឡេច​ស៊ី ហ្វី​សេវ គឺជា​អ្នកនាំពាក្យ​សាធារណរដ្ឋ Buryatia នៃ​តំបន់​ស៊ី​បេ​រី ជា​កន្លែង​ដែល​ឧ​ប្ប​ទេវ​ហេតុ​ធ្លាក់​យន្តហោះ​បានកើត​ឡើង​នោះ បាន​ពន្យល់ថា ម៉ាស៊ីន​មួយ​របស់​យន្តហោះ​បាន​ខូច ពេលដែល​យន្តហោះ ហោះ​ឡើង ហើយ​ក្រុម​ពី​ឡុ​ត ក៏​សម្រេចចិត្ត​វិលត្រឡប់​មកកាន់​អាកាសយានដ្ឋាន​វិញ​។​ ​ក្រុមហ៊ុន Angara Airlines គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី ដែល​ភាគច្រើន​គឺ​ហោះហើរ​ទៅកាន់​តំបន់​ស៊ី​បេ​រី​ខាងកើត ប៉ុន្តែ​ពេលខ្លះ​ក្រុមហ៊ុន​នេះ​ក៏បាន​ហោះហើរ​អន្តរជាតិ​ផងដែរ ទៅកាន់​ទីក្រុង​ភាគ​ពាយព្យ Manzhouli របស់​ប្រទេស​ចិន ចេញពី​ទីក្រុង Irkutsk ។​ ​ការហោះហើរ​ចេញពី​ទីក្រុង Nizhneangarsk ទៅកាន់​ទីក្រុង Ulan Ud ត្រូវការ​ចំណាយពេល​៦​ម៉ោង និង​៥៥​នាទី ដោយមាន​ការឈប់​សំចត​នៅ​ទីក្រុង Irkutsk ។​ ​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ទាំង​២​នាក់​នោះ គឺជា​កា​ពី​ទែន និង​ជាង​ម៉ាស៊ីន​។​ ​សូមបញ្ជាក់ថា សោកនាដកម្ម​ធ្លាក់​យន្តហោះ​នេះ បាន​កើតមានឡើង​រយៈ​ពេល​១​ខែ​ប៉ុណ្ណោះ ក្រោយពេល​មនុស្ស​៤១​នាក់ បាន​ស្លាប់​ក្រោយ​ពេលដែល​យន្តហោះ Aeroflot រង​កា​វាយប្រហារ​ដោយ​ផ្គរ​រន្ទះ និង​ផ្ទុះ​ចេញ​ជា​អណ្តាតភ្លើង​៕​