អ៊ីស្រាអែល ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ដោះស្រាយ​ចំពោះ​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់

Uncategorized
0
344
​រដ្ឋមន្ត្រីក្រសួង​ការពារ​អ៊ីស្រាអែល លោក Avigdor Lieberman បាន​និយាយថា អ៊ីស្រាអែល​មិន​កំណត់​ខ្លួនឯង​ចំពោះតែ​ប្រទេស​ស៊ី​រី​នោះទេ ប្រសិនបើ​ខ្លួន​ត្រូវការ​ដោះស្រាយ​ជាមួយ​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​។​ ​ថ្លែង​នៅក្នុង​ស​ន្និសិទ្ន​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​យ៉េ​រូ​សា​ឡិ​មកាល​ពីថ្ងៃ​ចន្ទ លោក​បាន​និយាយថា «​យើង​កំពុងតែ​ឃ្លាំមើល​អ្វីៗ​គ្រប់យ៉ាង ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​កំពុងតែ​ចាត់ទុក​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់​ថា យើង​មិន​កំណត់​ខ្លួនឯង​នៅត្រឹម​ទឹកដី​ស៊ី​រី​ប៉ុណ្ណោះ​នោះទេ​»​។​ ​ត្រូវបាន​សួរ​ដោយ​ត្រង់ៗ​ថា តើ​អ៊ីស្រាអែល​នឹង​តម្រង់​គោលដៅ​ទៅរក​ប្រទេស​អ៊ីរ៉ាក់​ឬ​យ៉ាណា លោក​លី​បឺ​មែន​បាន​និយាយថា «​ខ្ញុំ​កំពុងតែ​និយាយថា យើង​នឹង​ដោះស្រាយ​ចំពោះ​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់ មិន​ថា​វា​មកពីណា​នោះទេ អ៊ីស្រាអែល​មាន​សិទ្ធ​ពេញទី​។ យើង​រក្សា​សិទ្ធ​ចំពោះ​ទង្វើ​នេះ​»​។​ ​កាលពី​ថ្ងៃអាទិត្យ ក្រសួងការបរទេស​អ៊ីរ៉ាក់​បាន​និយាយថា ខ្លួន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជុំវិញ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​សកម្មភាព​នៃ​ការបញ្ជូន​គ្រាប់​មី​ស៊ី​ល​មកកាន់​ប្រទេស​អ៊ីរ៉ាក់ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ការលើកឡើង​បែបនេះ​ដោយ​គ្មាន​ភស្តុតាង និង​មិនអាច​ទទួលយកបាន​នោះទេ​។​ ​អ៊ីរ៉ង់ ដែលជា​ប្រទេសមួយ​មាន​ឧស្សាហកម្ម​គ្រាប់​មី​ស៊ី​ល​ក្នុងស្រុក​យ៉ាងរឹងមាំ ដោយមាន​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម​ប្រមាណ​ជាង ១​ពាន់​គ្រាប់ ត្រូវបាន​ហាមប្រាម​ក្នុងការ​បញ្ជូន​អាវុធ​ទាំងនោះ​ទៅ​ឲ្យ​ប្រទេស​ផ្សេងទៀត ក្រោម​កិ​ច្ជ​ព្រម​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក រួមទាំង​សម្ព័ន្ធមិត្ត បាន​កើន​ឡើ​ខ្លាំង​បន្ទាប់ពី​ការដកខ្លួន​ចេញ​របស់លោក​ត្រាំ​ពី​កិច្ចព្រមព្រៀង​នេះ​៕