នាវាមុជទឹក​ចក្រភព​អង់គ្លេស​ត្រូវបាន​បញ្ជូន​ទៅដល់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​រ បន្ទាប់ពី​រុស្ស៊ី​ព្រមាន​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
517
​កងទ័ពជើងទឹក​ចក្រ​ភព​អង់គ្លេស​បាន​បញ្ជូន​នាវាមុចទឹក​របស់ខ្លួន​ទៅកាន់​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​រ ដើម្បី​ចូលរួម​សកម្មភាព​ជាមួយ​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​។ ការបញ្ជូន​នាវាមុចទឹក​របស់ខ្លួន​ទៅ​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​នេះ គឺ​ដើម្បី​ផ្តុំ​កម្លាំង​ទ័ព​ទឹក​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​រុស្ស៊ី​បានធ្វើការ​គម្រាម​បើក​ការវាយប្រហារ​ទៅលើ​កងទ័ព​សហរដ្ឋអាមេរិក នៅ​ជួរ​សមរភូមិ ដែល​ក្រុម​ឧទ្ទាម​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​។​ ​ការដាក់​ពង្រាយ​នាវាមុជទឹក​របស់​ចក្រ​ភព​អង់គ្លេស​នេះ ធ្វើឡើង​បន្ទាប់ពី​ការព្រមាន​ពី​សំណាក់​មន្ត្រី​បេសកជន​ពិសេស​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ស៊ី​រី​ថា អាវុធ​គីមី​ត្រូវបាន​រៀបចំ​ទុក​រួចរាល់​ហើយ សម្រាប់​ត្រៀម​បើក​ការវាយប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​ស៊ី​រី​។ នាវាមុចទឹក​នុយក្លេអ៊ែ​រ​របស់​ចក្រភព​អង់គ្លេស​នេះ ស្ថិតក្នុង​ប្រភេទ Trafalgar-class មាន​ឈ្មោះថា HMS Talent បានធ្វើ​ដំណើរ​នៅលើ​ផ្លូវទឹក​នៃ​តំបន់​សមុទ្រ Gibraltar កាលពី​ថ្ងៃទី​៨ កញ្ញា​។ នាវា​នេះ​មាន​សមត្ថភាព​ផ្ទុក​គ្រាប់​មី​ស៊ី​ល​តូ​ម៉ា​ហក​ចំនួន ៣០​គ្រាប់​។​ កាលពីពេល​ថ្មីៗ​នេះ នាវាមុជទឹក​ស្ថិតក្នុង​ប្រភេទ Los Angeles-class មាន​ឈ្មោះថា USS News ដែលមាន​សមត្ថភាព​បា​ញ់​គ្រាប់​មី​ស៊ី​ល​តូ​ម៉ា​ហក បានធ្វើ​ដំណើរ​ចាក​ចេញពី​កំពង់ផែ Gibraltar ដើម្បី​ទៅ​ចូលរួម​ជាមួយ​នាវាមុជទឹក​នុយក្លេអ៊ែរ​ចំនួន ៣​គ្រឿង និង​នាវា​ពិឃាត ៣​គ្រឿង​ផ្សេងទៀត​ផងដែរ​។ នាវា​ទាំងនោះ​គឺ the USS Carney, USS Ross និង USS Winston S. Churchill​។​ ​ថ្មីៗ​នេះ ទីក្រុង​មូ​ស្គូ​បាន​ព្រមាន​ថា ខ្លួន​នឹង​បើក​ការវាយប្រហារ​ទៅលើ​កងកម្លាំង​សហរដ្ឋអាមេរិក ដែល​កំពុងតែ​រារាំង​ដល់​ដំណើរការ​វាយប្រហារ​រ​បស់​ខ្លួន​ទៅលើ​ក្រុម​ឧទ្ទាម​។ ទង្វើ​នៃ​ការ​ចល័ត​ទ័ព​សហរដ្ឋអាមេរិក​នេះ ត្រូវបាន​គេ​មើលឃើញថា សហរដ្ឋអាមេរិក​ទំនង​កំពុង​ត្រៀមខ្លួន​បើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​៕DNT-NEWS