លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយសារ​សុខភាព​រប​ស់គា​ត់​

ព្រឹត្តិការណ៍ថ្មីៗ
0
292
​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ នៅ​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃទី​១០ ខែកញ្ញា ២០១៨​នេះ​។​ ​ស្របពេល​ជាមួយគ្នា​នោះដែរ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​លិខិត​ប្រកាសជូន​សាធារណជន​ថា ទោះបីជា លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយសារ​សុខភាព​រប​ស់​គាត់​ក៏ពិតមែន ប៉ុន្តែ​លោក កឹម សុខា មិនអាច​រត់គេចខ្លួន​ពី​នីតិវិធីតុលាការ​បានឡើយ ហើយ​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ កំពុង​អនុវត្ត​នីតិវិធី​របស់​ខ្លួន​បន្ត​។​ ​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បង្គាប់​ឱ្យ​ដោះលែង លោក កឹម សុខា ឱ្យនៅ​ក្រៅ​ឃុំ ហើយ​បានសម្រេច​ជំនួស​មកវិញ​នូវ​វិធានការ នៃ​ការដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​មួយចំនួន​។ ការសម្រេច​នេះ ដោយ​ផ្អែកទៅលើ​ហេតុផល​សុខភាព និង​មាន​ការធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ កឹម សុខា នឹង​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធីតុលាការ​ឡើយ​»​។​ ​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧៕