លោក​ត្រាំ ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ជាមួយ​កូរ៉េខាងត្បូង និង​បង្ហាញ​អំពី​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
229
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ ណ​ល​ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន ជេ​អ៊ី​ន​បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​នៃ​របៀប​វីរ​ពាណិជ្ជកម្ម​របស់លោក​ត្រាំ ក្នុងពេល​ដ៏​មមាញឹក​មួយ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ក្នុងពេល​ជាមួយគ្នានេះដែរ លោក​ត្រាំ​ក៏បាន​លើកឡើង​អំពី​ជំនួប​កំពូល ដែល​លោក​នឹង​ជួបគ្នា​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ចុង​អ៊ុន​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ចុះ​កិច្ចព្រមព្រៀង​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​កូរ៉េខាងត្បូង ដែលមាន​ស្រាប់​ដោយ​បានធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កិច្ចព្រមព្រៀង​នោះ​បន្ថែម​។ លោក​ត្រាំ​បាន​ហៅ​ទង្វើ​នោះ​ថា គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ ហើយ​លោក​បន្តថា កិច្ចព្រមព្រៀង​ថ្មី​នេះ នឹងធ្វើ​ការអភិវឌ្ឍ​យ៉ាង​ខ្ឡាំ​ង​ក្លា ដើម្បី​កាត់បន្ថយ​ឳ​ន​ភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​បង្កើត​ឱកាស​ថ្មី ដើម្បី​នាំចេញ​នូវ​ផលិតផល​អាមេរិកាំង​ទៅកាន់​កូរ៉េខាងត្បូង​។​ ​លោក​ត្រាំ​ថា «​កិច្ចព្រមព្រៀង​នេះ​នឹង​កាត់បន្ថយ​ការិយាធិបតេយ្យ និង​បង្កើន​ភាព​វិបុលភាព​នៅក្នុង​ប្រទេស​ទាំង​ពីរ​របស់​យើង​។ កម្មករ​នៅ​កូរ៉េខាងត្បូង និង​អាមេរិក​នឹង​ស្វែងរក​អតិថិជន​ថ្មី និង​ឱកាស​ថ្មី ដើម្បី​ពង្រីក​ខ្លួន និង​រីកចម្រើន​។ លោក​បន្តថា ក្រុមការងារ​របស់​យើង​នឹង​ធ្វើការ​ដើម្បី​ធានាថា កិច្ចព្រមព្រៀង​ដ៏​ធំ​នេះ ត្រូវបាន​អនុវត្តន៍​តាម​»​។​ ​ក្នុងអំឡុងពេល​បង្ហាញ​ខ្លួន​ជាមួយ លោក មូ​ន លោក​ត្រាំ​ក៏បាន​លើកឡើង​ពី​ក្តីសង្ឃឹម នៅឯ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​ថា ជំនួប​លើក​ទី​ពីរ​ជាមួយ​លោក​គីម ជុង​អ៊ុន អាច​កើតមាន​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​កាលពី​ឆ្នាំមុន លោក​ធ្លាប់បាន​ហៅ​លោក​គីម​ថា បុ​រ​គ្រាប់​រ៉ុក្កែត​ដ៏​តូច និង​ធ្លាប់​គម្រាម​កម្ទេច​ប្រទេស​កូរ៉េខាងជើង​ផងដែរ​។ លោក​ត្រាំ​សរសើរ​លោក​គីម​ថា បើក​ចិត្ត​ទូលាយ និង​អស្ចារ្យ ខណៈដែល​ភាព​ធូរស្រាល​ផ្នែក​នយោបាយ បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​៕DNT-NEWS