ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​កង​កម្មង់​ដូ ៨០០​នាក់​ទៅកាន់​ប្រទេស​ន័​រ​វ៉េ​ស ដើម្បី​ទប់ស្កាត់​សកម្មភាព​រុស្ស៊ី នៅ​តំបន់​អាក់ទិច​

ព្រឹត្តិការណ៍ថ្មីៗ
0
492
​ប្រឈម​ទៅនឹង​ស្ថានការណ៍​ដ៏​តានតឹង​ជាមួយ​រុស្ស៊ី បន្ទាប់ពី​ករណី​បំពុល​អតីតមន្ត្រី​ចារកម្ម​រុស្ស៊ី រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស បានបង្ហាញ​ពី​គម្រោង​មួយ​ដែល​ហៅថា យុទ្ធសាស្ត្រ​ការពារ​តំបន់​អាក់ទិច ដែលជា​ប្រតិបត្តិការ​ដ៏​ធំ​មួយ បន្ទាប់ពី​ការបញ្ចប់​នៃ​សង្គ្រាមត្រជាក់​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​ចក្រភព​អង់គ្លេស លោក ហ្កា​វី វីលៀម​សិន បានប្រកាស​នៅក្នុង​បទ​សម្ភា​ន៍​មួយ​ជាមួយ​សារព័ត៌មាន The Telegragh ថា ចក្រភព​អង់គ្លេស​គ្រោង​នឹង​បើក​មូលដ្ឋានទ័ព​ថ្មី​មួយ នៅ​ភាគ​ខាងជើង​ប្រទេស​ន័​រ​វ៉េ​ស និង​ដាក់ពង្រាយ​កង​កម្មង់​ដូ ៨០០​នាក់​ទៅកាន់​ប្រទេស​នេះ​ជា​រៀងរាល់​រដូវរងារ ក្នុង​រយៈពេល ១០​ឆ្នាំ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំក្រោយ​។ ការដាក់​ពង្រាយ​កងក​ម្លាំ​ង​ចក្រភព​អង់គ្លេស​នេះ នឹងត្រូវ​សហការ​ណ៍​ជាមួយ​សហរដ្ឋអាមេរិក និង​ហូ​ឡង់​។ ​រួមជាមួយ​កង​កម្មង់​ដូ ៣​ពាន់​នាក់ ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​របស់​អង្គការ​ណា​តូ ចំនួន​សរុប​នៃ​ការដាក់​ពង្រាយ​កងទ័ព​នេះ នឹង​កើន​ឡើងដល់ ៤​ម៉ឺន​នាក់​។​ ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស បាន​និយាយថា យុទ្ធសាស្ត្រ​ការពារ​តំបន់​អាក់ទិច​នេះ ត្រូវបាន​ពង្រឹងកម្លាំង ដើម្បី​បង្កើន​វត្តមាន​យោធា​របស់ខ្លួន ខណៈដែល​អង់គ្លេស​មាន​ការព្រួយបារម្ភ​អំពី​សកម្មភាព​រុស្ស៊ី ដែល​កំពុង​រីកដុះដាល​។​ ​លោក​បានចង្អុលបង្ហាញ​ថា ប្រទេស​រុស្ស៊ី​បាន​បើក​មូលដ្ឋាន​របស់ខ្លួន​ឡើងវិញ ដែល​មូល​ដ្ឋ​នា​ទាំងនេះ​ត្រូវបាន​បិទទ្វារ បន្ទាប់ពី​ការដួលរលំ​នៃ​សហភាពសូវៀត​ហើយ​រុស្ស៊ី​បាន​បង្កើន​សកម្មភាព​នាវាមុជទឹក នៅ​តំបន់​អាក់​ទិ​ក ដែល​កាន់តែ​ខិត​ទៅរក​កម្រិត​នៃ​សង្គ្រាមត្រជាក់​។​ ​ប៉ុន្មាន​ខែ​មុន នាវាមុជទឹក​របស់​រុស្ស៊ី​ត្រូវបាន​គេ​ប្រទះឃើញ​ធ្វើ​សកម្មភាព នៅក្នុង​តំបន់​អា​ត្ល​ង់​ទិច​ខាងជើង ដែល​ទង្វើ​នេះ ត្រូវបាន​អង់គ្លេស និង​អាមេរិក​ចាត់ទុកថា ជាការ​បង្កក្តី​ព្រួយបារម្ភ​យ៉ាង​ខ្ឡាំ​ង​ដល់​ពួកគេ​។ ជារឿយៗ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផង នាវាមុជទឹក​ផង និង​នាវា​ពិឃាត​របស់ខ្លួន​ធ្វើដំណើរ​ចូល​ដែន​អត្តសញ្ញាណ​ការពារជាតិ​អង់គ្លេស និង​សហរដ្ឋអាមេរិក​។ ជាការ​ឆ្លើយតប អាមេរិក និង​អង់គ្លេស​បាន​ផ្គុំ​កម្លាំង​ដេញតាម​កម្លាំង​រុស្ស៊ី ដែល​ព្រហើន​ឈ្លានពាន​លើ​ដែន​អធិបតេយ្យភាព​របស់​ពួកគេ​។ សកម្មភាព​របស់​រុស្ស៊ី ដែល​អង់គ្លេស​ចោទថា​ឈ្លានពាន​មកលើ​ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អតីតមន្ត្រី​ចារកម្ម​រុស្ស៊ី លោក Skripal ត្រូវបាន​គេ​បំពុល​។ អង់គ្លេស​ចោទ​រុស្ស៊ី​ថា រុស្ស៊ី​គឺជា​អ្នករៀបចំ​ផែនការ​សម្លាប់​នេះ ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​បដិសេធ​ដោយ​រុស្ស៊ី​៕DNT-NEWS