អា​រ៉ា​ប៊ី​សា​អូឌីត​ត្រៀមខ្លួន​ទទួលស្គាល់ថា អ្នកកាសែត Jamal Khashoggi បាន​ស្លាប់​ក្នុងកំឡុងពេល​ជជីក​សួរ​

ព្រឹត្តិការណ៍ថ្មីៗ
0
298
​យោងតាម​ប្រភព​មួយចំនួន​បានឱ្យដឹងថា អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ត្រៀម​សម្រាប់​ការ​ទទួលស្គាល់ថា អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត លោក Jamal Khashoggi បាន​ស្លាប់​សោយ​សារ​តែ​ការ​ជជីក​សួរ ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ ដែលមាន​បំណង​នាំ​ឲ្យ​មានការ​ពង្រត់​ខ្លួន​លោក​ចេញពី​ប្រទេស​តួ​ក​គី​។ ​ប្រភព​មួយ​បាន​និយាយថា របាយការណ៍​នេះ​ទំនងជា​សន្និដ្ឋានថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​គ្មាន​ភាព​ស្អាតស្អំ និង​គ្មាន​តម្លាភាព ហើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងនោះ​ត្រូវតែ​ទទួលខុសត្រូវ​។​ ​ប្រភព​មួយ​ក្នុងចំណោម​ប្រភព​មួយចំនួន​បាន​ទទួលស្គាល់ថា របាយការណ៍​នេះ​កំពុង​ត្រូវបាន​គេ​ត្រៀម​រៀបចំ និង​បាន​ព្រមាន​ថា អាច​នឹងមាន​ការប្រែប្រួល​។​ ​អ្នកកាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​បាត់​ខ្លួន បន្ទាប់ពី​លោក​បាន​ចូលខ្លួន​ទៅកាន់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​០២ ខែតុលា​។ កាលពីមុន អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​អះអាងថា អ្នកកាសែត Khashoggi បាន​ចាក់​ចេញពី​ស្ថាន​កុងស៊ុល​នេះ នៅ​រសៀល​ថ្ងៃ​ដែល​លោក​បាន​ចូលខ្លួន​ទៅកាន់​ស្ថាន​កុងស៊ុល​នេះ ប៉ុន្តែ​ការលើកឡើង​របស់​អាជ្ញា​ធ​រអា​រ៉ា​ប៊ី​សា​អូឌីត​នេះ មិនមាន​ភស្តុតាង​មក​បញ្ជាក់​នោះទេ​។​ ​គូ​ដណ្តឹង​របស់លោក Khashoggi គឺ​អ្នកស្រី Hatice Cengiz ដែល​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​នេះ​និយាយថា អ្នកស្រី​មិនបាន​ឃើញ​រូបលោក​ចេញពី​ស្ថាន​កុងស៊ុល​នេះ​ទេ​។​ ​ការបាត់​ខ្លួន​អ្នកកាសែត​នេះ បានធ្វើ​ឲ្យ​មាន​ភាព​តាម​តឹង​ផ្នែក​ការទូត​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច​។ ជាមួយគ្នានេះ ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​បាន​ដកខ្លួន​ចេញពី​ជំនួប​កំពូល​វិនិយោគ បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង​។​ ​កាលពីមុន​អាជ្ញាធរ​តួ​ក​គី​បាន​និយាយថា ពួកគេ​ជឿថា ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន ១៥​នាក់​បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល កាលពី​ថ្ងៃទី​២ តុលា គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាត់​ខ្លួន និង​ការធ្វើឃាត​ទៅលើ​លោក Khashoggi​។ កាលពី​ថ្ងៃ​សុក្រ ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន CNN ថា អា​ជ្ញ​ធរ​តួ​ក​គី​មាន​ខ្សែអាត់​សម្លេង និង​ភស្តុតាង​ជាក់ស្តែង​ដែល​បង្ហាញថា អ្នកកា​សែង Khashoggi ត្រូវបាន​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​នេះ​៕​