លោក​ត្រាំ​គម្រាម​ប្រើ​កម្លាំងយោធា ដើម្បី​បិទ​ច្រកព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ី​ក​

ព្រឹត្តិការណ៍ថ្មីៗ
0
281
​សារព័ត៌មាន BBC បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៩ តុលា ២០១៨​នេះ​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ ណ​ល​ត្រាំ​បាន​គម្រាម​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​បិទ​ច្រកព្រំដែន​អាមេរិក ម៉ិ​ក​ស៊ី​ក​។​ ​ការព្រមាន​ធ្ងន់​របស់​លោក​ត្រាំ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បានធ្វើ​ឡើងខណៈ​ដែលមាន​ក្រុម​អន្តោប្រវេសន៍​ជា ៣​ពាន់​នាក់​មកពី​ប្រទេស​អែល​សាវ៉ា​ឌ័​រ ហុង​ឌូ​រ៉ា​ស់ និង​ហ្កូ​តេ​ម៉ា​ឡា បាន​បោះពួយ​សម្តៅទៅ​កាន់​ភាគ​ខាងជើង​សហរដ្ឋអាមេរិក​។​ ​ទន្ទឹមនេះដែរ លោក​ត្រាំ​ក៏បាន​គម្រាម​កាត់​ផ្តាច់ជំនួយ​ទៅកាន់​ប្រទេស​ទាំង ៣​នេះ​ផងដែរ​ជុំវិញ​ករណី​អន្តោប្រវេសន៍​នេះ​។ ​កាលពីពេល​កន្លងទៅនេះ លោក​ត្រាំ​បានគ​ម្រាម​កាត់​ផ្តាច់ជំនួយ​ទៅកាន់​ប្រទេស​ហុង​ឌូ​រ៉ា​ស់រួច​មកហើយ​។ កាល​ឆ្នាំ ២០១៦ និង ២០១៧ អាមេរិក​ផ្តល់ជំនួយ​ជាង ១៧៥​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជាតិ​អាមេរិក​។ ក្រុម​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​មាន​ភាព​ប្រាកដថា ពួកគេ​កំពុងធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​។​ ​ចាប់តាំងពី​លោក​បាន​ស្ថិតនៅក្នុង​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​មក លោក​ត្រាំ​ធ្វើការ​វាយប្រហារ​យ៉ាងខ្លាំង​ទៅនឹង​ក្រុម​អន្តោប្រវេសន៍​ខុសច្បាប់ ហើយ​ក្រុម​អន្តោប្រវេសន៍​អាមេរិក​ចុងក្រោយ​នេះ បានធ្វើ​ឡើង​ក្រោយ​ការបង្ក្រាប​ទៅលើ​ក្រុម​អន្ត​រោ​ប្រវេសន៍ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​អាមេរិក​ម៉ិ​ក​ស៊ី​កូ​។​ ​ការ​គម្រាមកំហែង​រប​ស់លោក​ត្រាំ​នេះ បាន​ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​តែប៉ុណ្ណោះ មុន​កាបោះឆ្នោត​ពាក់កណ្តាល​ឆមាស នៅ​ថ្ងៃទី​៦ វិច្ឆិកា​ខាងមុខ​។ មតិ​របស់លោក​ត្រាំ​ថ្មីៗ​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ជម្រុញ​នូវ​ការគាំទ្រ​តាមរយៈ​ការបង្ក្រាប​លើ​ក្រុម​អន្តោរ​ប្រវេសន៍​នេះ​។​ ​សារព័ត៌មាន Associated Press បាន​រាយការណ៍​ថា ជនអន្តោប្រវេសន៍​ជាច្រើន​មិនមាន​លិខិតឆ្លងដែន​នោះទេ ហើយ​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ជាតិ ដែល​អនុញ្ញាតឱ្យ​ពួកគេ​ធ្វើដំណើរ​បាន​នៅ​អាមេរិក​កណ្តាល​។ ជា​យ៉ាងណាក៏ដោយ ម៉ិ​ក​ស៊ិ​ក​តម្រូវឱ្យមាន​លិខិតឆ្លងដែន​នៅឯ​ច្រកចេញចូល​។​ ​ក្រុម​សិទ្ធិមនុស្ស​បាន​រិះគន់​ចំពោះ​ការឆ្លើយតប​របស់​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​ទៅលើ​ក្រុមមនុស្ស​ទាំងនោះ​។​ ​លោកស្រី Erika Guevara-Rosas នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​មិន​គួរប្រើ​វិធីសាស្ត្រ​របស់លោក​ត្រាំ ធ្វើ​ដាក់​ក្រុម​អន្តោរ​ប្រវេ​ស​ដូច​ជាការ​គម្រាមកំហែង​ផ្នែក​សន្តិសុខ​នោះទេ​»​។​ «​ក្រុមគ្រួសារ​ទាំងនេះ​សម​នឹង​ទទួល​សេចក្តីថ្លៃថ្នូរ និង​ការគោរព ដើម្បី​ធានាថា គ្មាន​នរណាម្នាក់​នឹង​វិលត្រឡប់​ទៅរក​ស្ថានភាព ដែល​ពួកគេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយសារ​អំពើហិង្សា​នោះទេ​៕