មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នឹង​បញ្ជូន​កងទ័ព​ជាង ៥​ពាន់​នាក់​ទៅ​ព្រំដែន ខណៈដែល​ជន​អន្តោរ​ប្រវេសន៍​កាន់តែ​ស្ថិតនៅ​កាន់តែ​កៀក​ព្រំដែន​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
382
​សារព័ត៌មាន Independent របស់​អង់គ្លេស​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ តុលា​នេះ​ថា សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​បញ្ជូន​កងទ័ព​របស់ខ្លួន ៥ ២០០​នាក់​ទៅកាន់​តំបន់​ព្រំដែន​ភាគ​ត្បូង​នៃ​ប្រទេស​នេះ មុន​ការមកដល់​នៃ​ក្រុម​អន្តោប្រវេសន៍ ដែល​កំពុង​បោះពួយ​សម្តៅ​ទៅរក​តំបន់​នេះ​។​ ​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា របាយការណ៍​ចុងក្រោយ​បំផុត​បានបង្ហាញ​អំពី​កងកម្លាំង​ប្រមាណ ៨០០​នាក់​ដែល​ត្រូវបាន​គេ​ឃើញ​បញ្ជូន​ទៅកាន់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ចន្ទ​។ ក្រសួង​បាន​អះអាងថា នៅ​ចុង​សប្តាហ៍​នេះ កងទ័ព ៥ ២០០​នាក់​នឹងត្រូវ​ដាក់ពង្រាយ​នៅតាម​តំបន់​ព្រំដែន ដើម្បី​ជួយ​សម្រួល​កិច្ចការ​។​ ​ទន្ទឹមនឹង​ការដាក់​ពង្រាយ​កម្លាំង​នេះ ចំនួន​ក្រុម​អន្តោរ​ប្រវេសន៍​មានការ​ថយ​ថយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កាលពីដើម​ឆ្នាំនេះ កងកម្លាំង​ឆ្មាំ​ការពារជាតិ​សហរដ្ឋអាមេរិក​ប្រហែល ២ ០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​នោះ រីឯ​មន្ត្រី​គយ ១៥ ០០០​នាក់​ត្រួតពិនិត្យ​ទៅលើ​ដំណើរការ​នៃ​ការធ្វើ​ពាណិជ្ជកម្ម ក្រុម​អន្តោរ​ប្រវេសន៍ និង​ក្រុម​អ្នក​ថ្មើរជើង ដែល​ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ​។​ ​ក្រុម​អន្តោប្រវេសន៍​បានរៀបចំ​គម្រោង​ឆ្ពោះទៅកាន់​ទីប្រជុំជន Niltepec នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ ដែលមាន​ចម្ងាយ ៧០​គីឡូម៉ែត្រ​ពី​ភាគ​និរតី​នៃ​រដ្ឋ Oaxaca​។ ជនអន្តោប្រវេសន៍​រាប់រយ​នាក់​បាន​ព្យាយាម​ឆ្លងកាត់​ទន្លេ Suchiate ដោយ​ធ្វើដំណើរ​ចេញពី​ហ្កូ​តេ​ម៉ា​ឡា​ឆ្ពោះទៅកាន់​ម៉ិ​ក​ស៊ិ​ក នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​ពួកគេ​ត្រូវ​ជួប​ជាមួយ​ប៉ូលិស​ហ​ព័ន្ធ​ម៉ិ​ក​ស៊ិ​ក ដែល​បាន​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​។​ ​ភាព​តានតឹង​នៅតាម​ដង​ទន្លេ​បាន​កើតមានឡើង បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​អំពើហិង្សា​នៅ​ជិត​ស្ពាន​មួយកន្លែង​ទាំងយប់ បន្ទាប់ពី​ក្រុម​អន្តោរ​ប្រវេសន៍​បាន​គប់​ដុំថ្ម និង​បាន​ប្រើ​ដំបង​ប្រឆាំងនឹង​ក្រុម​ប៉ូលីស​ម៉ិ​ក​ស៊ិ​ក​។ ជន​អន្តោរ​ប្រវេសន៍​ម្នាក់​បាន​ស្លាប់​ដោយសារ​របួស​ក្បាល​ខ្លាំង ប៉ុន្តែ​មិនដឹងថា មកពី​ការប៉ះទង្គិច​ជាមួយ​ប៉ូលីស ឬ​យ៉ាងណា​នោះទេ​។ ក្រុម​ជន​អន្តោរ​ប្រវេសន៍​ទាំងនោះ​នៅ​ត្រូវធ្វើ​ក្នុង​ចម្ងាយ ១ ៦០០​គីឡូ​ម៉េ​ត្រ​បន្តទៀត ដើម្បី​ទៅដល់​ជិត​ព្រំដែន​អាមេរិក​ដោយ​ឆ្លងកាត់​តាម​ទីក្រុង McAllen នៃ​តិច​សាស​។ ​លោក​ដូ ណ​ល​ត្រាំ បាន​បង្ហោះ​នៅ​ថ្ងៃ​ចន្ទ​ថា «​មាន​សមាជិក​ក្រុមបងធំ​ជាច្រើន​នាក់ និង​មនុស្ស​អាក្រក់​មួយចំនួន​ត្រូវបាន​បន្លំ​ខ្លួន​ក្នុងចំណោម​ហ្វូងមនុស្ស​ទាំងនោះ ឆ្ពោះ​សំដៅទៅ​កាន់​ព្រំដែន​ភាគខាងត្បូង​។ សូមមេត្តា​ត្រឡប់ក្រោយ អ្នក​នឹងមិន​ត្រូវបាន​អនុញ្ញាត​ចូល​ទឹកដី​សហរដ្ឋអាមេរិក​នោះទេ លុះត្រាតែ​អ្នក​ចូលមក​ដោយ​ស្របច្បាប់​»​។ លោក​បន្តថា «​នេះ​គឺជា​ការឈ្លានពាន​មកលើ​ប្រទេស​យើង​ហើយ ហើយ​កងក​ម្ឡាំ​ង​របស់​យើង​កំពុងតែ​រងចាំ​អ្នក​»​។​ ​ដោ​យៅ​ឡែក ក្រសួងមហាផ្ទៃ​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លេខ​អត្តសញ្ញាណ​បណ្តោះអាសន្ន​ត្រូវ​បានចេញ​ឱ្យដល់​ជនអន្តោប្រវេសន៍ ១១១​នាក់ ដែល​នឹង​អនុញ្ញាតឱ្យ​ពួកគេ​ស្នាក់នៅ និង​ធ្វើការ​នៅ​ម៉ិ​ក​ស៊ិ​ក​។ ក្រសួង​បាន​និយាយថា ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​មនុស្ស​ចាស់ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​ឥឡូវនេះ​ត្រូវបាន​គេ​ចូលរួម​នៅក្នុង​ជំរុំ​៕