មនុស្សម្នា​ក់បាន​ស្លាប់ និង​រាប់រយ​នាក់​ត្រូវ​ជម្លៀសចេញ ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រិច​ទ័​រ ដែល​បាន​វាយប្រហារ​នៅ​ឥណ្ឌូនេស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
273
​ចា​កាតា​៖​បើតាម មន្ត្រី​ប៉ូលីស​ឥណ្ឌូនេស៊ី​ម្នាក់​បាន​និយាយថា យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ត្រូវបាន​រកឃើញ​បាត់បង់​ជីវិត ហើយ​មនុស្ស រាប់រយ​នាក់​ត្រូវបាន​គេ​ជម្លៀស បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី ៧.៣​រិច​ទ័​រ បាន​វាយប្រហារ​កោះ​ម៉ា​លូ​គូ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ។​ ​ការរញ្ជួយ​ដី​ដ៏​កក្រើក​នេះ បាន​កើតឡើង​ប្រមាណ ១៦៥ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Ternate នៅ​ភាគ​ខាងជើង ខេត្ត Maluku នៅវេលា​ម៉ោង ៦៖២៨ នាទី​ល្ងាច ម៉ោង​នៅក្នុង​ស្រុក​។​   ​បើតាម​សារព័ត៌មាន CNA ស្ត្រី​ម្នាក់​ត្រូវបាន​អះអាងថា​ស្លាប់​នៅក្នុង​គ្រោះមហន្តរាយ​នេះ ស្ថិតនៅក្នុង​សង្កាត់ Halmahera ដែលជា​តំបន់​ជិត​បំផុត​ទៅនឹង​ចំណុចកណ្តាល ហើយ​ផ្ទះ​ពលរដ្ឋ​ប្រមាណ ១៦០ ខ្នង​ត្រូវបាន​បំផ្លាញ​ផងដែរ ។​ ​មន្ដ្រី​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្នុង​តំបន់​លោក Ihksan Subur បាន​ប្រាប់ AFP នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ជនរងគ្រោះ​ត្រូវបាន​ស្លាប់ ដោយសារ​សំណង់​អាគារ​បាក់​រលំ​សង្កត់​លើ​ជនរងគ្រោះ ។ លោក​ក៏បាន​បញ្ជាក់ដែរថា មាន​មនុស្ស​រាប់រយ​នាក់​បាន​ភៀសខ្លួន​មកកាន់​ទី សុវត្ថិភាព​ដូចជា​សាលារៀន អាគារ​រដ្ឋាភិបាល​ជាដើម​។​ ​គួរ​ជម្រាបជូន​ដែរ​ថា កាលពី​ឆ្នាំមុន​ការរញ្ជួយ​ដី ៧.៥ រ៉ិ​ច​ទ័ រ​និង​រលក​យក្ស​ស៊ូណាមិ​នៅ​កោះ Palu និង​កោះ Sulawesi បានសម្លាប់​មនុស្ស​ជាង ២០០០ នាក់​ហើយ​មនុស្ស​មួយ​ពាន់​នាក់​បាន​បាត់​ខ្លួន​៕