អាជ្ញាធរ​ឥណ្ឌូនេស៊ី​រកឃើញ​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​បាន​ធ្លាក់​នោះ​ហើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
275
​យន្តហោះ​ដឹក​អ្នកដំណើរ Boeing-737 Max ដែល​បានធ្វើ​ដំណើរ​ទៅកាន់​កោះ Bangka ជាមួយ​អ្នកដំណើរ ១៨៩​នាក់ បាន​ធ្លាក់​នៅវេលា​ម៉ោង ៦: ៣៣​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​យន្តហោះ​នេះ​បាន​ចាក​ចេញពី​ព្រលានយន្តហោះ​ទីក្រុង​ចា​កាតា​។​ ​ប្រធាន​គណៈ​ក​ម្មា​ធិ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​ឥណ្ឌូនេស៊ី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ វិច្ឆិកា​នេះ​ថា ប្រអប់​ខ្មៅ​មួយ​នៃ​យន្តហោះ Lion Air ត្រូវបាន​រកឃើញ​ហើយ​។ ​ប្រធាន​គណកម្មការ​រូប​នោះបាន​និយាយថា «​យើង​មិនទាន់​ដឹងថា តើ​វា​ជា​ឧបករណ៍​ថត​ទិន្នន័យ​ជើងហោះហើរ ហៅថា Flight Data Recorder (FDR) ឬមួយ​ក៏​វា​ជា​ម៉ាស៊ីនថតសម្លេង​កាប៊ីន​ខាងមុខ CVR នោះទេ​។​ ​គេហទំព័រ​ព័ត៌មាន Detik News បាន​រាយការណ៍​ថា ប្រអប់​ខ្មៅ​ត្រូវបាន​គេ​រកឃើញ​នៅ​ជិត​បំណែក​យន្តហោះ​នៅ​ជម្រៅ ៣០ ម៉ែត្រ​នៅក្រោម​ផ្ទៃ​ទឹក​ស្ថិតនៅ​ឆ្នេរ​ខាងជើង នៃ​ឥណ្ឌូនេស៊ី ជាទី​ដែល​យន្តហោះ​នោះបាន​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ​។ យោងតាម​បណ្តាញ​ទូរ​ទស្ស​ឥណ្ឌូនេស៊ី Kompas TV ប្រអប់​ខ្មៅ​នោះ​ត្រូវ​ទាញ​ចេញពី​ផ្ទៃ​ទឹក​ហើយ​។ ការស្វែងរក​នេះ​ត្រូវបាន​បង្អាក់ដំណើរ​ដោយសារតែ​ចរន្តទឹក​ខ្លាំងពេក​។​ ​ជើងហោះហើរ JT610 នៃ​យន្តហោះ​ដឹក​អ្នកដំណើរ Lion Air បាន​ដាច់​ការទាក់ទង​ជាមួយ​បញ្ជាការ​គ្រប់គ្រង​ចរាច​រណ៍​នៅវេលា​ម៉ោង ៦: ៣៣​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​យន្តហោះ​នេះ​បាន​ហោះ​ឡើង​ភ្លាមៗ​ចេញពី​ទីក្រុង​ចា​កាតា​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា នៅលើ​យន្តហោះ​នេះ មាន​មនុស្ស​សរុប ១៨៩​នាក់​៕