សហរដ្ឋអាមេរិក​សង្ឃឹម​ថា អ៊ីស្រាអែល​នឹង​បន្ត​វាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​បន្តទៀត ប៉ុន្តែ​ក៏មាន​ការព្រួយបារម្ភ​អំពី​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី​ផងដែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
268
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​សម្តែង​ក្តី​សង្ឃឹមថា អ៊ីស្រាអែល​នឹង​ប្រឆាំង​ទៅនឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី ដែល​ទើបត្រូវ​បានដាក់​តម្លើង​នៅក្នុង​ទឹកដី​ស៊ី​រី ដើម្បី​អាច​បន្ត​ការវាយប្រហារ​របស់ខ្លួន ទៅលើ​គោលដៅ​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​បន្តទៀត​។​ ​លោក James Jeffrey ដែលជា​បេសកជន​របស់​ក្រុង​វ៉ាស៊ីនតោន​ប្រចាំ​នៅ​ស៊ី​រី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​មាន​ភាព​ប្រាកដ​ទៅលើ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​យុទ្ធសាស្ត្រ​របស់​អ៊ីស្រាអែល និង​រុស្ស៊ី ដែល​នឹង​បន្ត​ទៅមុខ បើទោះបីជា​ក្រោយ​ហេតុការណ៍​នៃ​ការបាញ់​ទម្លាក់​យន្តហោះ​យោធា​រុស្ស៊ី​ក៏ដោយ​។ យន្តហោះ​ស៊ើប​ការ Il-20 ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ចៃដន្យ​ដោយ​កងកម្លាំង​ការពារ​ដែនអាកាស​ស៊ី​រី ដែល​បាញ់​ច្រ​លំ​ដៃ និង​បាញ់​មិន​រើសមុខ​ចំ​ពេលដែល​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ចំនួន ៤​គ្រឿង​បាន​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​ស៊ី​រី​ព្រម​គ្នា​។ ក្រោយ​ឧបត្តិ​ហេតុនេះ​បានកើត​ឡើង រុស្ស៊ី​បាន​បញ្ជូន​ខែល​ការពារ​មី​ស៊ី​ល​ប្រភេទ S-300 ទៅកាន់​ប្រទេស​ស៊ី​រី​។​ ​លោក Jeffrey បាន​និយាយថា «​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ប្រព័ន្ធ​មី​ស៊ី​ល S-300 ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​ស៊ី​រី​។ បញ្ហា​នេះ​គឺ​ស្ថិតនៅក្នុង​កម្រិត​នៃ​ព័ត៌មាន​លម្អិត​។ តើ​អ្នកណា​នឹង​គ្រប់គ្រង​វា ហើយ​តើ​វា​នឹងត្រូវ​ដើរតួនាទី​យ៉ាងដូចម្តេច​?»​។​ ​អ៊ីស្រាអែល និង​រុស្ស៊ី​មានការ​ខ្វែងគំនិត​គ្នា​ជំវិញ​បញ្ហា​ដ៏​ស្មុ​គ្រ​ស្មាញ ដោយសារតែ​អ៊ីស្រាអែល​នៅ​ខាង​ភាគី​អាមេរិក និង​សម្ព័ន្ធមិត្ត​មួយចំនួន​ដូចជា​កាតា តួ​ក​គី និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ចាប់តាំងពី​ឆ្នាំ ២០១១​មក​។ រីឯ​រុស្ស៊ី និង​អ៊ីរ៉ង់​វិញ​បាន​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន​ដោយផ្ទាល់​ចូល​ជួយ​អន្តរាគមន៍​កងទ័ពរ​ដ្ឋា​ភិ​បាល​អាសាដ ដែល​ដកចង្កាមាន់​រៀបនឹង​ដាច់ខ្យល់​ទៅហើយនោះ ឲ្យ​បន្ត​ដ​ង្ហើ​ន​ជីវិត​របស់ខ្លួន​មកទល់​សព្វថ្ងៃនេះ ដោយ​ប្រទេស​ស៊ី​រី​កាប់​កាប់​ដោយ​ភាគី​ប្រដាប់អាវុធ​ជាច្រើន​ប៉ែក​។ ​ក្រុម​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ជាមួយ​កងកម្លាំង​អ៊ីរ៉ង់ និង​កងកម្លាំង​រុស្ស៊ី​មួយ​ប៉ែក សហរដ្ឋអាមេរិក​និង​ក្រុម​ឃើ​ដ ជាមួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ដែល​គ្រប់​គ្រង់​ធំ​ប្រហាក់ប្រហែល​នឹង​កងទ័ព​អាសាដ​មួយ​ប៉ែក ក្រុម​ស៊ី​រី​សេរី​ដែលមាន​តួ​ក​គី​ជា​ខ្នងបង្អែក​មួយ​ប៉ែក និង​ក្រុម​រដ្ឋ​អ៊ីស្លាម​មួយចំនួនទៀត​។​ ​យូរៗ​ម្តង ក្រុម​ស៊ី​រី​សេរី​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​អាសាដ ដែល​កាលពី​ប៉ុន្មាន​ខែ​មុន មានបំណង​បើក​ការ​វាយ​ផ្តាច់ ដើម្បី​ដណ្តើមយក​ខេត្ត​អ៊ី​ត​លី​ប​ពី​ក្រុម​បះបោរ​មកវិញ​។ សង្គ្រាម​ក្នុង​ខេត្ត​អ៊ី​ត​លី​ប​ត្រូវ​បានបញ្ចប់ ក្រោយ​មានការ​ចុះ​កិច្ច​ព្រមព្រៀងគ្នា នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី រវាង​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី​៕