អង្គការ​ណា​តូ​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
269
​សារព័ត៌មាន BBC បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ ធ្នូ​នេះ​ថា បន្ទាប់ពី​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អង្គការ​ណា​តូ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​គាំទ្រ​ទៅលើ​ការចោទប្រកាន់​របស់​ស​ហ​រដ្ឋ​អាមេរិក ដែឡ​បាន​ចោទប្រកាន់​រុស្ស៊ី​ពី​ការរំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​។​ ​សហរដ្ឋអាមេរិក​បាន​គម្រាម​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ ដោយសារតែ​ទង្វើ​របស់​រុស្ស៊ី​។ ផ្ទុយ​ពី​ការចោទប្រកាន់​នេះ រុស្ស៊ី​បាន​បដិសេធ​អំពី​ការរំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ ដោយបាន​និយាយ​ខ្លួន​គោរព​តាម​លក្ខ​ណ្ឌ​របស់ខ្លួន​យ៉ាង​តឹងរឹង​។ កិច្ចព្រមព្រៀង ដែល​អាមេរិក​បាន និង​រុស្ស៊ី​បានធ្វើ​នេះ បាន​ហាមប្រាម​ទៅលើ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ចាប់ពី ៥០០ ដល់ ៥ ៥០០​គីឡូ​មែត្រ​។​ ​សេចក្តីថ្លែងការណ៍​ពី​រដ្ឋមន្ត្រីការបរទេស​អង្គការ​ណា​តូ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ក្រុម​សម្ព័ន្ធមិត្ត​បានធ្វើ​សេចក្តី​សន្និដ្ឋានថា រុស្ស៊ី​បាន​អភិវឌ្ឍន៍ និង​បានដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល 9M729 ដែល​បាន​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ និង​បង្ក​នូវ​ហ​និ​ភ័យ​ដ៏​ខ្លាំងក្លា​ដល​សន្តិសុខ​អ៊ឺរ៉ុប​អា​ត្ល​ង់​ទិច​»​។​ ​សេចក្តីថ្លែងការណ៍​បន្ត​ថា «​យើង​គាំទ្រ​យ៉ាងខ្លាំង​ដល់​ការរកឃើញ​របស់​សហ​រដ្ឋ​អាមេរិក​ដែលថា រុស្ស៊ី​កំពុង​រំលោភបំពាន​លើ​កាតព្វកិច្ច​របស់ខ្លួន ក្រោម​សន្ធិសញ្ញា​នុយក្លេអ៊ែរ​»​។ «​យើង​សូម​អំពាវនាវ​ឱ្យ​ប្រទេស​រុស្ស៊ី វិលត្រឡប់​ជាបន្ទាន់​ទៅរក​ការប្រតិបត្តិ​តាម​ពេញលេញ និង​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​»​។ មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ថ្មី ដែល​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​បាន​ចោទប្រកាន់​ទៅលើ​រុស្ស៊ី​ថា​បានដាក់​ពង្រាយ​នេះ នឹង​អាចធ្វើ​ឲ្យ​រុស្ស៊ី​ចាប់ផ្តើម​បើក​ការវាយប្រហារ​ទៅលើ​បណ្តា​ប្រទេស​ដែលជា​សមាជិក​របស់​អង្គការ​ណា​តូ​បាន​នៅក្នុង​រយៈពេល​ដ៏​ខ្លី​។​ ​ក្រុមអ្នកវិភាគ​និយាយថា រុស្ស៊ី​មើលឃើញ​អាវុធ​បែបនេះ​ជា​ជម្រើស​ដែលមាន​តម្លៃថោក​ជាង​ក​ម្លាំ​ង​ធម្មតា​។ ទន្ទឹមនេះ លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ម៉ា​យ​ខ៍ ផ​ម់​ភី​អូ បានដាក់​ឱសានវាទ​ដល់​រុស្ស៊ី​ក្នុង​រយៈពេល ៦០​ថ្ងៃ​។ បើ​រុស្ស៊ី​មិន​ព្រម​ប្រតិបត្តិ​តាម​ទេ អាមេរិក​នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​។​ ​លោក​រដ្ឋមន្ត្រី​បាន​និយាយថា ក្នុង​រយៈពេល ៦០​ថ្ងៃនេះ យើង​នឹងមិន​ធ្វើតេស្ត មិន​ផលិត ឬ​មិន​ដាក់ពង្រាយ​ប្រព័ន្ធ​ណាមួយ​ទេ ហើយ​យើង​នឹង​ឃើញ​មាន​អ្វី​កើតឡើង​ក្នុងអំឡុងពេល ៦០​ថ្ងៃនេះ​»​។ យើង​បាន​និយាយ​ជាមួយ​រុស្ស៊ី​លើ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​មិនឃើញ​ពីស​ញ្ញា​ណាមួយ​មកទល់ពេលនេះ ដែល​បង្ហាញ​ពី​បំណង​របស់​ពួកគេ​ក្នុងការ​ធ្វើបែបនេះ​។​ ​ដោយឡែក អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Interfax របស់​រុស្ស៊ី​ថា «​ភាគី​រុស្ស៊ី​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ខសន្យា​នៃ​សន្ធិសញ្ញា​នុយក្លេអ៊ែរ ហើយ​អាមេរិក​ក៏បាន​ដឹង​អំពី​រឿងនេះ​ដែរ​»៕