បណ្តា​ក្រុមហ៊ុន​ចិន​គម្រាម​ដាក់ទណ្ឌកម្ម​ដ​ល់​កម្មករ​របស់ខ្លួន ដែល​ហ៊ាន​ប្រើ​ផលិតផល​ក្រុមហ៊ុន​អ៊ែ​ប​ផល​របស់​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
286


​យោងតាម​សារព័ត៌មាន CNN នៅ​ថ្ងៃទី​១៣ ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា បណ្តា​ក្រុមហ៊ុន​ចិន​ជាច្រើន និង​ក្រុម​អ្នកជំនួញ​ជាច្រើន​បាន​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​ធ្វើពហិការ​មិន​ប្រើប្រាស់​ផលិតផល​ពី​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ទាំងឡាយ​ដូចជា​ក្រុមហ៊ុន​អ៊ែ​ប​ផល បន្ទាប់ពី​មានការ​ចាប់ខ្លួន​ប្រធាន​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ហួ​វ៉េ​។​
​អង្គការ​ជាច្រើន​នៅ​ទូទាំងប្រទេស​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​ដោយបាន​ជម្រុញ​ដល់​សមាជិក​បុគ្គលិក​ទាំងអស់ ឲ្យ​បង្ហាញ​នូវ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ក្រុមហ៊ុន​ហួ​វ៉េ បើ​មិន​ដូច្នោះ​ទេ ពួកគេ​គម្រាម​ដាក់ទណ្ឌកម្ម​ទៅលើ​អ្នកណា​ដែល​ប្រើ​ផលិតផល​ក្រុមហ៊ុន​អ៊ែ​ប​ផល ឬក៏​ផ្តល់ជូន​នូវ​ប្រាក់ឧបត្ថម្ភ​ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន​ចិន​។​
​អង្គភាព​ពាណិជ្ជកម្ម​ណា​ន​ចុង​នៅ​ទីក្រុង​ស៊ា​ង​ហៃ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅ​សប្តាហ៍​នេះ​បាន​ព្រមាន​ថា សមាជិក​ណា​ម្នាក់ ដែល​បាន​ទិញ​ផលិតផល​ក្រុមហ៊ុន​អ៊ែ​ប​ផល​នឹងត្រូវ​ហាមឃាត់​។​


​វិបត្តិ​នេះ​បានចាប់ផ្តើម​បន្ទាប់ពី​ព័ត៌មាន​បាន​លេចឡើង​ថា លោក​ម៉េង​វ៉ាន់​ហ្ស៊ូ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei និង​ជា​កូនស្រី​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​ឃុំខ្លួន​នៅ​ទីក្រុង Vancouver នៅ​ថ្ងៃទី ១​ខែធ្នូ​។ លោកស្រី​អាច​ប្រឈមមុខ​នឹង​ការធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក ដែល​បង្ក​ឲ្យ​កំហឹង​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​។ យ៉ាងណាក៏ដោយ នៅ​ព្រឹម​ថ្ងៃ​១២ ធ្នូ​នេះ លោកស្រី​ត្រូវបាន​ចៅក្រម​កាណាដា​សម្រេច​ដោះលែង​នៅក្រៅ​ឃុំ ដោយ​ទាមទារ​នូវ​ប្រាក់​ធានា​ជាង ៧​លាន​ដុល្លារ​។ ជាមួយគ្នានេះដែរ លោក​ត្រាំ​បាន​និយាយថា លោក​មានបំណង​ចង់​ចូល​អន្តរ​គម​ន៍​នៅក្នុង​សំណុំ​រឿងនេះ ដោយសារតែ​លោក​មិន​ចង់​ឲ្យ​មាន​ភាព​តានតឹង​រឿង​ពាណិជ្ជកម្ម​ជាមួយ​ចិន​កាន់តែខ្លាំង​ជាង​នេះ​៕​