ប្រទេស​កា​ដា​ណា កំពុង​សាកល្បង​លេងល្បែង​ចាប់​ចំណាប់ខ្មាំង ដើម្បី​យក​ប្រៀប​លើ​ចិន ឫ​យ៉ាងណា ?

បច្ចេកវិទ្យា
0
298


​កាលពីពេល​កន្លងទៅនេះ ក្រោយ​បន្ទាប់ពី​លោកស្រី ម៉េង វ៉ាន់​ចូ​វ (Meng Wanzhou) ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ដែល​ត្រូវជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​កូនស្រី​ស្ថាបនិក​ក្រុមហ៊ុន Huawei ផង​នោះ ត្រូវបាន​ចាប់ខ្លួន តាំងពី​ថ្ងៃទី​១​ខែធ្នូ នៅពេលដែល​លោកស្រី​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​កាណាដា រួចមក ។
​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ថ្លែងថា លោក​នឹងធ្វើ​អន្តរាគមន៍ ករណី​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei ប្រសិនបើ​អន្តរាគមន៍​នេះ អាចជួយ​ឲ្យ​កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​អាមេរិក និង​ចិន អាច​លេចចេញ​ជា​រូបរាង​បាន​។​ការ​ថ្លែង​របស់លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន Reuters កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​។​
​ក្នុង​កិច្ច​សម្ភាស​នោះ លោក​ប្រធានាធិបតី​អាមេរិក មានជំនឿថា លោក​នឹង​អាច​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដោះស្រាយ​វិបត្តិ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ដែល​បណ្ដាល​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាមេរិក ធ្លាក់ចុះ នាពេល​ថ្មីៗ​កន្លងទៅ​។​


​ជុំវិញ​បញ្ហា​នេះដែរ លោកស្រី Chrustia Freeland រដ្ឋមន្ត្រីការបរទេស​កាណាដា កាលពី​ថ្ងៃទី​១២ ខែធ្នូ បាន​ព្រមាន​អាមេរិក ទាក់ទង​ករណី​ចង់​ធ្វើ​បត្យាប័ន​បែប​លក្ខណៈ​នយោបាយ គឺ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថ្លែងថា លោក​អាច​អន្តរាគមន៍ ករណី នាយក​រដ្ឋ​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ហ៊ូ​វ៉ៃ (Huawei) ដែល​ត្រូវ​ប៉ូលិស​ចាប់ឃុំខ្លួន​នៅ​ទឹកដី​កាណាដា តាម​សំណើ​ទីក្រុង​វ៉ាស៊ីនតោន ។​
​លោកស្រី Freeland បាន​ថ្លែងថា ពលរដ្ឋ​កាណាដា​ម្នាក់ទៀត អាច​នឹងមាន​បញ្ហា​នៅក្នុង​ប្រទេស​ចិន ខណៈដែល​អាជ្ញាធរ​ចិន​បាន​ឃុំខ្លួន​ពលរដ្ឋ​កាណាដា​ម្នាក់​ហើយ​នោះ គឺ​អតីតមន្ត្រី​ទូត Michael Koring​កាលពី​ថ្ងៃទី​១០ ខែធ្នូ ។​
​សូមបញ្ជាក់ថា ប្រទេស​ចិន​បាន​កោះហៅ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ចិន ទៅ​ប្រឆាំង​តវ៉ា​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ចាប់ខ្លួន​អគ្គនាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ហ៊ូ​វ៉ៃ អ្នកស្រី MengWanzhou​។ អ្នកស្រី ត្រូវ​អាមេរិក​ចោទថា ជា​មេគំនិត​រំលោភបំពាន​ដល់​ការដាក់ទណ្ឌកម្ម​អាមេរិក ទៅលើ​ប្រទេស​អ៊ីរ៉ង់ ។ អ្នកស្រី Wanzhou​ត្រូវ​ប៉ូលិស​កាណាដា​ចាប់ខ្លួន កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​កំពុង​រង់ចាំ​ជើងហោះហើរ ហើយ​ត្រូវបាន​តុលាការ​ជំនុំជម្រះ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ កាលពី​ថ្ងៃទី​១២ ខែធ្នូ ដោយ​បង់ប្រាក់​ធានា​ប្រមាណ​ជាង​៧​លាន​ដុល្លារ​អាមេរិក ។​
​ទាក់ទិន​បញ្ហា​នេះដែរ រដ្ឋាភិបាល​ចិន បាន​អំពាវនាវ​ឲ្យ​កាណាដា​ដោះលែង​អគ្គនាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ហ៊ូ​វ៉ៃ MengWanshou​ដែល​ចាប់ខ្លួន​តាម​ការស្នើសុំ​ពី​អាមេរិក​នោះ ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ កា​ណា​ណា នឹងរង​ផល​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ហើយ​ជាការ​ចាប់ផ្តើម ចិន​ក៏​សម្រេច​ចាប់ឃុំខ្លួន​អតីតមន្ត្រី​ទូត​កា​ណា​ម្នាក់​នោះ​ភ្លាមៗ ។​
​គួរ​បញ្ជាក់ដែរថា នៅក្នុង​សំណុំរឿង ចាប់ខ្លួន កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei នាយករដ្ឋមន្ត្រី​កាណាដា លោក​Justine Trudeau បាន​អះអាង​ជាថ្មី ថា កាណាដា នៅតែ​បន្ត​គោរព​ច្បាប់ អន្តរជាតិ នោះ​បើទោះបីជា​ប្រទេស​ដទៃ កំពុង​គិត​ធ្វើ​អ្វី​ផ្សេង​ក៏ដោយ​។ នាយករដ្ឋមន្ត្រី​កាណាដា​ចង់​និយាយ​សំដៅ​ដល់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​កាលពី​ថ្ងៃ​អង្គារបា​នព​ន្ល​យ​ថា លោក​នឹង​អាច​អន្តរាគមន៍​លូកដៃ ក្នុង​សំណុំរឿង​លោកស្រី ម៉េង ដែល​តុលាការ​អាមេរិក​ចោទប្រកាន់ថា បាន​រំលោភ ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក ទៅលើ​អ៊ីរ៉ង់​។ សម្រាប់​លោក​ដូ​ណា​ល់ ត្រាំ លោក​អាច​អន្តរាគមន៍ បើសិន​សំណុំ​រឿងនេះ ជួយ​ឲ្យ​អាមេរិក​អាច​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​ការចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​នៅ​ថ្ងៃ​ខាងមុខ​។​