ឥណ្ឌា​ធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប ដើម្បី​បញ្ជូន​សារ​ទៅកាន់​ប៉ា​គី​ស្ថាន​

ព្រឹត្តិការណ៍ថ្មីៗ
0
309
​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី​បាន​និយាយ​នៅក្នុង​ការ​ថ្លែង​សន្ទរកថា​កាលពី​ថ្ងៃ​ពុធ​មួយ​ថា ឥណ្ឌា​បាន​បង្កើត​នូវ​កម្លាំង​អវកាស​ដោយ​ខ្លួនឯង​តាមរយៈ​ការបង្កើតឡើង​នូវ​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​ស្ទាក់ចាប់ ដែល​អាច​បាញ់​បាន​រហូតដល់ ៣០០​គីឡូម៉ែត្រ ដើម្បី​កម្ទេច​ផ្កាយរណប​ដែល​វិញ​ជុំវិញ​ផែនដី​។ ​កាសែត The Times of India បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​2 មេសា ២០១៩​នេះ​ថា ទីក្រុង​ញូ​ដេលី​បានធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប ដើម្បី​បញ្ជូន​សារ​ទៅកាន់​គូសត្រូវ​ចិន និង​ប៉ា​គី​ស្ថាន​របស់ខ្លួន​។​ ​កាសែត​ដដែល​បាន​ឲ្យ​ដឹងថា ការសាកល្បង​នេះ​បាន​ផ្លាស់ប្តូរ​ការ​គណនា​យុទ្ធសាស្ត្រ​តាមរយៈ​ការផ្តល់​ឲ្យ​ឥណ្ឌា​នូវ​លទ្ធភាព ក្នុង​ការបាញ់​ទម្លាក់​ផ្កាយ​រណ​គូសត្រូវ​របស់ខ្លួន​។​ ​កាសែត The Times of India ក៏បាន​ស្រង់​សម្តី​មេបញ្ជាការ​ទ័ពអាកាស​ឥណ្ឌា លោក Ajey Lele ដែល​បាន​និយាយ​ជាមួយនឹង​ការសាកល្បង​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ថា ឥណ្ឌា​បញ្ជូន​សារ​ទៅកាន់​គូសត្រូវ​របស់ខ្លួន ដែលជា​មហាអំណាច​យោធា​ដ៏​ក្លាំងក្លា​។ លោក​បាន​បន្ថែមថា «​ប្រសិនបើ​នរណាម្នាក់​ចង់​ធ្វើ​អ្វីមួយ​មកលើ​ផ្កាយរណប​របស់​យើង យើង​មាន​សមត្ថភាព​ធ្វើ​រឿងនេះ​ចំពោះ​ផ្កាយរណប​របស់​យើង​»​។​ ​លោក John Blaxland ដែលជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ការពារជាតិ និង​យុទ្ធសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​ត្រូវបាន​ស្រង់​សម្តី​ដោយ​កាសែត The Times of India ដោយ​លោក​បាន​អះអាងថា ការសាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ច​ង្អុ​រ​បង្ហាញថា ប្រទេសជិតខាង​ឥណ្ឌា​នឹងត្រូវ​គិត​ឡើងវិញ​ឲ្យ​បាន​ពីរដង មុននឹង​ឈានទៅរក​ការប៉ះទង្គិច​គ្នា​ខាង​អវកាស​ជាមួយ​ឥណ្ឌា​។​   ​កាលពី​ថ្ងៃ​ពុធ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី​បាន​និយាយ​នៅក្នុង​សន្ទរកថា​ជាតិ​មួយ​ថា ឥណ្ឌា​បានទទួល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​តាមរយៈ​ការបាញ់​ទម្លាក់​ផ្កាយរណប ដែល​វិញ​ជុំវិញ​ផែនដី ក្នុង​រយៈកម្ពស់​ទាប ជាមួយ​គ្រាប់​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស ក្នុង​រយៈពេល ៣​នាទី​។ លោក​បាន​សង្កត់ធ្ងន់ថា ឥណ្ឌា​បាន​លេច​ឡើងជា​ប្រជាជាតិ​ទី​បួន ក្នុងការ​បង្កើត​សមត្ថភាព​បាញ់​ផ្កាយរណប​ដូចជា​រុស្ស៊ី សហរដ្ឋអាមេរិក និង​ចិន​។​ ​ការសាកល្បង​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ពី​សំណាក់​ឥណ្ឌា​នេះ បាន​លេចឡើង ខណៈដែល​ឥណ្ឌា​កំពុងមាន​ភាព​តានតឹង​ជាមួយ​ចិន និង​ប៉ា​គី​ស្ថាន​។ ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន បន្ទាប់ពី​កងកម្លាំង​ឥណ្ឌា​ជាង ៤០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​តំបន់​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ ឥណ្ឌា​ចោទថា ប៉ា​គី​ស្ថាន​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​។ ឥណ្ឌា​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ភេរ​វករ នៅលើ​ទឹកដី​ប៉ា​គី​ស្ថាន រីឯ​ប៉ា​គី​ស្ថាន​បាន​វាយបក​ទៅលើ​ឥណ្ឌា ដែល​ព្រហើន​ហ៊ាន​វាយ​ចូល​ទឹកដី​ខ្លួន ដោយ​មិនបាន​សុំ​ការអនុញ្ញាត​។ រីឯ​ភាព​តានតឹង​ជាមួយ​ចិន​វិញ ឥណ្ឌា​ធ្លាប់មាន​ជម្លោះ​ជាមួយ​ចិន ពាក់ព័ន្ធ​ទៅនឹង​តំបន់​មាន​ជម្លោះ​។ ឥណ្ឌា​បាន​បញ្ជូន​កងទ័ព​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​ប្រឈម​ជាមួយ​ចិន ខណៈដែល​ចិន​បានធ្វើ​ការដ្ឋាន​សំណង់​នោ​ក​ក្នុង​តំបន់​មាន​ជម្លោះ ប៉ុន្តែ​ត្រូវ​កងទ័ព​ឥណ្ឌា​បញ្ឈប់​ការដ្ឋាន​នោះ ដែល​បាន​បង្ក​ជា​ភាព​តានតឹង​នឹង​គ្នា​មកដល់ពេលនេះ​៕ ​