អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ខណៈដែល​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​បាន​ចូលទៅ​ដល់​ឈូង​សមុទ្រ​ពែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
387


(​ទីក្រុង​តេ​រ៉ង់​)៖ សារព័ត៌មាន​ញូ​ស៍​វី​កបាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ធ្នូ​នេះ​ថា កងកម្លាំង​យោធា​អ៊ីរ៉ង់​ត្រូវបាន​កំណត់ថា នឹងធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ភាគខាងត្បូង​របស់​ប្រទេស​នេះ ខណៈដែល​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​បានធ្វើ​ដំណើរ​ទៅដល់​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែរ បន្ទាប់ពី​នាវា​នោះ​អវត្តមាន​អស់​រយៈពេល​មួយខែ​កន្លងទៅ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Mohammad Pakpour មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ថ្មើរជើង​បដិវត្ត​វរ​អ៊ីរ៉ង់​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា ដំណាក់កាល​ចុងក្រោយ​នៃ​សមយុទ្ធ Payambar-e Azam ឬ​ហៅថា Great Prophet សមយុទ្ធ​ចំនួន ១២​នឹងត្រូវ​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​រួមបញ្ចូល​ទាំង​អង្គភាព​ប្រតិកម្ម​រហ័ស អង្គភាព​ដែនអាកាស អង្គភាព​ប្រយុទ្ធ និង​កម្ទេច កងកម្លាំង​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម និង​កងទ័ពជើងទឹក​ទី​៣​។ មេបញ្ជាការ​យោធា​រូបនោះ​បានបង្ហាញ​ទ​ឡ្ហិ​ករ​ណ៍​ថា សមយុទ្ធ​នេះ​គឺធ្វើឡើង​ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ​អ៊ីរ៉ង់​នឹងមិន​ញញើត​ក្នុង​ការបើក​ការវាយប្រហារ ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ទាំង​ឡាង​ណា​មកលើ​ខ្លួន​នោះទេ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ពាក់កណ្តាល​ផ្លូវការ​អ៊ីរ៉ង់ Mehr បាន​ស្រង់​សម្តី​លោក Pakpour ថា «​យើង​មិន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ទេ ប៉ុន្តែ​ប្រសិនបើ​សត្រូវ​ព្យាយាម​អនុវត្ត​បំណង​អាក្រក់​របស់​ពួកគេ ហើយ​វាយប្រហារ​មកលើ​យើង យើង​នឹង​ឈ្លានពាន​ហើយ​វាយប្រហារ​ទៅលើ​សត្រូវ​នោះ​វិញ​ជាមួយនឹង​កម្លាំង​ដ៏​ខ្លាំងក្លា ហើយ​យើង​កំពុងតែ​អនុវត្តន៍​ទាំងនេះ នៅក្នុង​លំ​ហាត់​សមយុទ្ធ​ទាំងនេះ​»​។​
​សមយុទ្ធ​នេះ​ត្រូវបាន​កំណត់​ធ្វើ​នៅលើ​កោះ​កេះ​សឹម ដែល​ស្ថិតនៅលើ​ឆ្នេរ​នៃ​ខេត្ត Hormozgan នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ង់ ហើយក៏​ស្ថិតនៅក្នុង​ច្រក​សមុទ្រ​អ័ក​មូស​ផងដែរ​។ ទន្ទឹមនឹង​ការឡើង​កម្តៅ​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក អ៊ីរ៉ង់​ក៏បាន​គម្រាម​បិទ​ច្រក​សមុទ្រ​អ័ក​មូស ដែលជា​ច្រក​សំខាន់​សម្រាប់​បណ្តា​ប្រទេស​ផលិត​ប្រេង​ដឹក​ឆ្លងកាត់ ឬ ១​ភាគ ៣​នៃ​តម្រូវការ​ប្រេង​នៅលើ​ពិភពលោក​។​


​វា​ជាហេតុ​ការណ៍​មួយ ដែល​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ស្ថិតក្នុង​ប្រភេទ Nimitz ឈ្មោះ USS John C. Stennis អមដោយ​អ្នក​ប្រយុទ្ធ​របស់ខ្លួន​បាន​ចូលទៅ​ដល់​ឈូង​សមុទ្រ​ពែរ នៅ​ថ្ងៃ​ដដែល ដែលជា​ហេតុ​កាណ៍​មួយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​វត្តមាន​របស់​សហ​រដ្ឋ​អាមេរិក ដ៏​ឆ្ងាយ​ជាងគេ​បង្អស់​នៅក្នុង​តំបន់​ចាប់តាំងពី​អំពើ​ភេរវកម្ម​នៅ​ថ្ងៃទី​១១ កញ្ញា​។ នេះ​បើតាម​សារព័ត៌មាន Associated Press​។ ក្នុងពេលដែល​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​កំពុងធ្វើដំណើរ មាន​ទូក​ចម្បាំង​អ៊ីរ៉ង់​ប្រ​សេក​ប្រសាច​ធ្វើដំណើរ​ស​ដេញតាម​នាវា​ខ្នាត​យក្ស​របស់​អាមេរិក និង​ក្រុម​នាវា​ហែរ​ហម​របស់ខ្លួន​ផងដែរ​។ ជាមួយគ្នានេះដែរ អ៊ីរ៉ង់​បាន​បង្ហោះ​ដ្រូ​ន​ទៅ​ក្បែរ​នាវា​អាមេរិក​យ៉ាង​ឱឡារិក​ផងដែរ ហើយ​ក៏មានដែរ​ក្រុម​អ្នក​ថតរូប និង​អ្នកកាសែត​តាមដាន​វត្តមាន​នាវា​អាមេរិក​យ៉ាង​ភ្លូក​ភ្លូ​កដី​។​
​កាលពី​ប៉ុន្មាន​ខែ​មុន បន្ទាប់ពី​មាន​របាយការណ៍​ថា អាមេរិក​បានគ​ម្រាម​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​តម្លើង​សាច់ដុំ​របស់ខ្លួន​យ៉ាងខ្លាំង ដោយ​បានធ្វើ​សមយុទ្ធ​មហា​សម្បើម ក្នុង​ទំហំ​ផ្ទៃដី កន្លះ​លាន​គីឡូម៉ែត្រ​ការ៉េ ដើម្បី​ធានា​នូវ​ការការពារ​ខ្លួន​ពី​ការវាយប្រហារ​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​។
​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បាន​កើនឡើង បន្ទាប់ពី​លោក​ត្រាំ​បាន​ដក​ខ្លូន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​លោក​ត្រាំ​បាន​និយាយ​បន្ទរ​តាម​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា អ៊ីរ៉ង់​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ តាមរយៈ​ការ​លួច​ផលិត​អាវុធ និង​ភូតកុហក​អំពី​នុយក្លេអ៊ែរ​របស់ខ្លួន​។ អ៊ីរ៉ង់​ថា បើ​បិទ​ការនាំចេញ​របស់ខ្លួន កុំ​ស្រមៃ​ថា​អាច​នាំចេញ​ប្រេង​ពី​ច្រក​សមុទ្រ​អ័ក​មូស​បាន​ឲ្យ​សោះ ប្រទេស​ផ្សេងទៀត​ក៏​មិនអាច​រកស៊ី​បាន​ដូចគ្នា​។ ដោយឡែក អាមេរិក​ថា ហ៊ាន​តែ​បិទ​អាមេរិក​នឹង​ប្រើ​កណ្តាប់ដៃ​ដែក​វាយប្រហារ​ទៅលើ​ប្រទេស​នេះ​៕