អ្នកជំនាញ​បាន​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​បើក​ការវាយប្រហារ​ទៅលើ​អ៊ុយ​ក្រែ​ន​នៅក្នុង​ថ្ងៃបុណ្យ​ណូអែល​

ព្រឹត្តិការណ៍ថ្មីៗ
0
275
​ក្រុម​អ្នកជំនាញ​បាន​និយាយថា ខណៈដែល​ប្រជាជន​នៅ​អឺរ៉ុប​ខាងលិច និង​សហរដ្ឋអាមេរិក​មាន​ភា​ព​កក់ក្តៅ​សម្រាប់​ថ្ងៃបុណ្យ​ណូអែល រុស្ស៊ី​នឹង​ឆ្លៀត​យក​ឱកាស​ក្នុង​ការបើក​ការវាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​គ្រី​ស្ទ​បរិស័ទ​រាប់លាន​នាក់​ដែល​អនុវត្តតាម​ប្រតិទិន​ហ្គ្រី​ហ្គោ​រី​បាន​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នោះ ក្រសួងការបរទេស​រុស្ស៊ី​បាន​ព្រមាន​ថា វា​ពិតជា​អាចទៅរួច​ដែលថា អ៊ុយ​ក្រែ​ន​នឹង​ចាប់ផ្តើម​សកម្មភាព​យោធា​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខនេះ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោកស្រី Maria Zakharova ក៏បាន​លើកឡើងថា ទីក្រុង​កៀវ​កំពុង​រៀបចំ​ផែន​ការបើក​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ធ្វើជា​លេស​ដើម្បី​បើក​ការវាយប្រហារ​មួយ​។​ ​ដោយឡែក អ្នកជំនាញ និង​ក្រុមអ្នកវិភាគ​ខាង​យោធា​លោកខាងលិច​បាន​និយាយថា គឺ​ប្រទេស​រុស្ស៊ី​ទៅ​វ​ញ​ទេ ដែល​ទំនងជា​ចាប់ផ្តើម​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​។​ ​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អ៊ុយ​ក្រែ​ន​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៦ លោក John Herbst បាន​និយាយប្រាប់​សារព័ត៌មាន News Week ថា «​ទីក្រុង​ម៉ូស្គូ​នឹងធ្វើ​ការឈ្លានពាន នៅពេលដែល​ពិភពលោក​មិន​យកចិត្តទុកដាក់​។ ប្រទេស​នេះ​បាន​ឈ្លានពាន​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុងកំឡុងពេល​នៃ​បុណ្យ​ណ​អែល​នៅ​ឆ្នាំ ១៩៧៩ និង​បាន​បើក​ការវាយប្រហារ​ទៅលើ​ហ្ស​ក​ហ្ស៊ី​នៅក្នុង​រដូវ​វិស្សមកាល​ខែសីហា​»​។ ​កាលពី​ថ្ងៃ​សៅរ៍ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​បន្ថែម​ទៅកាន់​ឧបទ្វីប​គ្រី​មា ដែល​តំបន់​នេះ​រុស្ស៊ី​បាន​ស៊ីដាច់​កាលពី​ឆ្នាំ ២០១៤​។ ទន្ទឹមនេះ មេបញ្ជាការ​ទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​បានផ្តល់​សញ្ញា​មក​ថា កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការ​វាយបក​ទៅលើ​រុស្ស៊ី​វិញ ប្រសិនបើ​រុស្ស៊ី​ព្យាម​យាម​មិន​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​កំពង់ផែ​សំខាន់​នៅ​ជុំវិញ​តំបន់​គ្រី​មា​។ ក្រុម​អ្នកជំនាញ​បាន​និយាយថា រុស្ស៊ី​បាន​ប្តេជ្ញា​ថា​នឹង​ពង្រឹង​ការ​កាន់​ក្តាប់​តំបន់​គ្រី​មា ដែល​ខ្លួន​កំពុងតែ​កាន់កាប់​។​ ​ក្រុមអ្នកវិភាគ​ខ្លះ​ក៏បាន​ព្រមាន​ដែរ​ថា ប្រទេស​រុស្ស៊ី​អាច​នឹង​បង្រួបបង្រួម​ទឹកដី​មួយចំនួន ដែល​នៅ​ជុំវិញ​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើត​តំបន់​អាណាព្យាបាល​មួយ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​ខ្មៅ ដែល​ប្រទេស​នេះ​បាន​ផ្គុំ​ខ្សែប្រយុទ្ធ​ជួរមុខ កាល​កាន់កាប់​ដោយ​ចក្រភព​រុស្ស៊ី​។ អ្នកវិភាគ​បន្តថា ការដាក់​ពង្រាយ​យន្តហោះ​ច​ម្ពាំ​ង​ទៅកាន់​តំបន់​គ្រី​មា គឺជា​សញ្ញា​មួយ​នៃ​មហិច្ឆតា​យោធា​របស់​ប្រទេស​នេះ​។​ ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ដែលជា​ប្រទេស​តូច​មួយ​ស្ថិតនៅ​ចន្លោះ​អ៊ុយ​ក្រែ​ន និង​រ៉ូ​ម៉ា​នី បាន​ទទួលបាន​ឯករាជ្យ​ពី​សហភាពសូវៀត ហើយ​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​សហគមន៍​អន្ដរជាតិ នៅ​ឆ្នាំ ១៩៩២​។ ប៉ុន្តែ​ប្រជាជន​មកពី Transnistria ដែល​និយាយ​ភាសា​រុស្ស៊ី បាន​ប្រយុទ្ធ​ជាមួយ​ម៉ុ​ដូ​វ៉ា​ដើម្បី​បង្កើតបានជា​ប្រទេស​របស់​ពួកគេ ប៉ុន្តែ​មិនទាន់​ត្រូវបាន​ទទួលស្គាល់​ជា​ប្រទេស​ដោយ​អន្តរជាតិ​នៅឡើយ​ទេ​។​ ​អ្នកជំនាញ​និយាយថា ទីក្រុង​ម៉ូស្គូ​បន្ត​គាំទ្រ​ដល់​ឯករាជ្យ​របស់ Transnistria ហើយ​កងទ័ព​រុស្ស៊ី​បាន​ឈរជើង​នៅ​ទីនោះ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ។ ក្រុម​អ្នកជំនាញ​យោធា​បាន​កត់សម្គាល់ថា វត្តមាន​យោធា​របស់​រុស្ស៊ី​នៅ​ទីនោះ ធ្វើឱ្យ​អ៊ុយ​ក្រែ​ន​កាន់តែ​ងាយ​រងគ្រោះ​ចំពោះ​ការឈ្លានពាន​។​ ​អ្នកវិភាគ​លើកឡើងថា បច្ចុប្បន្ននេះ អ្វី​ដែលជា​ចក្ខុវិស័យ​សម្រាប់​ការឈ្លានពាន​របស់​រុស្ស៊ី រួមមាន​ដូចជា ជប៉ុន ហ្វាំ​ង​ឡង់ ស៊ុយអែត ន័​រវេ​ស ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​។ ប្រឈម​ទៅនឹង​ស្ថានការណ៍ ដែល​រុស្ស៊ី​កំពុង​ដុតដៃដុតជើង​ទន្ទ្រាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន ប៉ូឡូញ​បានស្នើរ​ឲ្យ​អង្គការ​ណា​តូ និង​សហរដ្ឋអាមេរិក​ដាក់​ប​ញ្ឈ​រ​ជើង​កងទ័ព​រប​ស់​ខ្លួន នៅក្នុង​ទឹកដី​ប៉ូឡូញ ដើម្បី​បញ្ជៀ​ស​ការឈ្លានពាន​ពី​រុស្ស៊ី ដូច​អ៊ុយ​ក្រែ​ន​៕​