
សត្វ២ប្រភេទដែលទើបរកឃើញថ្មី ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីពពួកសត្វដែលប្រឈមនឹងការផុតពូជ ដោយសារតែអាឈ្មោលសម្លាប់ខ្លួនវា ព្រោះតែរួមសង្វាសយ៉ាងព្រៃផ្សៃជាមួយមីញី និងមានរយៈពេលយូរខ្លាំងពេកនោះ។
សត្វ២ប្រភេទនេះ ដែលត្រូវបានគេរកឃើញកាលពីរយៈពេល៥ឆ្នាំមុននោះ នឹងរួមសង្វាសយ៉ាងព្រៃផ្សៃជាទីបំផុតជាមួយមីញីជាច្រើនក្បាល ដោយប្រើពេលរួមសង្វាស់ម្តងៗរហូតដល់ទៅ១៤ម៉ោងឯណោះ។
ការរួមសង្វាសច្រើនបែបនេះ នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដងខ្លួនរបស់វា ក្បាល និងកន្ទុយរបស់វា។
សកម្មភាពរួមសង្វាសដ៏ហួសប្រមាណបែបនេះ កំពុងសម្លាប់ពពួកសត្វមានសណ្ឋានដូចជាកណ្តុរទាំងនេះ ហើយពួកវាត្រូវបានបញ្ចូលទៅក្នុងបញ្ជីសត្វជិតផុតពូជរបស់អូស្ត្រាលី។

លោកវេជ្ជបណ្ឌិត អ៊ែនឌ្រូ បាគឺ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាគ្វីនលែន បាននិយាយថា “វាកម្រខ្លាំងណាស់ ក្នុងការប្រទះឃើញថនិកសត្វប្រភេទថ្មីនេះ នៅ ប្រទេសអភិវឌ្ឍន៍ ដូចជាអូស្ត្រាលី”។ សត្វ២ប្រភេទថ្មីនេះ ត្រូវបានរកឃើញនៅលើកំពូលភ្នំដែលមានចុះអ័ព្ទ។ ពួកវាទំនងជាទៅរស់នៅទីនោះ ដោយសារតែបម្រែបម្រួលអាកាសធាតុ ហើយបច្ចុប្បន្នពួកវាគ្មានកន្លែងណាត្រូវទៅទៀតហើយ។
លោកអ៊ែនឌ្រូ បានបន្តថា ប្រទេសអូស្ត្រាលី មាននូវអត្រាផុតពូជថនិកសត្វដ៏អាក្រក់បំផុតនៅលើពិភពលោក។ យើងត្រូវតែចាត់វិធានការ ហេតុដូច្នេះហើយលោកពេញចិត្តឲ្យរដ្ឋាភិបាលអូស្ត្រាលី អនុម័តលើបញ្ជីមួយនេះ ហើយនិងចេញចំណាត់ការការពារពពួកសត្វទាំងនេះ និងសត្វដ៏ទៃទៀត តាមនិតិរដ្ឋសហព័ន្ធ។
លោកបញ្ជាក់ថា បច្ចុប្បន្នពួកយើងអាចបង្វែរការចាប់អារម្មណ៍របស់ប្រទេសអូស្ត្រាលីមកលើការងារដ៏សំខាន់មួយក្នុងការសង្គ្រោះអាយុជីវិតពពួកសត្វរងការគំរាមកំហែងទាំងអស់នេះ។ បើសិនជាពួកយើងចាត់វិធានការភ្លាម យើងសង្ឃឹមថា វានឹងទាន់ពេល ដើម្បីដកចេញប្រភេទសត្វទាំងនេះ ចេញពីបញ្ជីថនិកសត្វជិតផុតពូជ។
គួរឲ្យដឹងថា លោកអ៊ែនឌ្រូ បានចំណាយពេលរាប់ឆ្នាំ ដើម្បីស្វែងរកសត្វប្រភេទនេះ ។
លោកអ៊ែនឌ្រូ បាននិយាយថា ទាំងអាឈ្មោល និងមីញី រួមសង្វាសខ្លាំងក្លាដូចគ្នា។ គោលដៅរបស់អាឈ្មោលគឺការពារមីញីពីអាឈ្មោលផ្សេងទៀត រីឯគោលដៅមីញី គឺរួមសង្វាសជាមួយអាឈ្មោលឲ្យបានច្រើនក្បាល តាមដែលអាចធ្វើទៅបាន។ មីញីព្យាយាមរត់ តែអាឈ្មោលព្យាយាមដេញកៀង មិនឲ្យរួចពីក្រញ៉ាំរបស់វានោះឡើយ ជូនកាលពួកវារួមសង្វាសរហូតដល់១៤ម៉ោងឯណោះ ហើយក្រោយពីរួមសង្វាសចប់ គឺអាឈ្មោល ត្រូវងាប់តែម្តង៕