ប្រធានាធិបតី Kenyatta បាន​ច្រានចោល​ព័ត៌មាន​ថា​ចិន​កំពុង​ត្រៀម​រឹបអូស​កំពង់ផែ​របស់​ខ្លួន !

ព្រឹត្តិការណ៍ថ្មីៗ
0
251
​កាលពីពេល​ថ្មីៗ​នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​អាហ្វ្រិក​មួយ ឈ្មោះថា African Stand នាពេល​ឆាប់ៗ​ខាងមុខ កេ​ន​យ៉ា​ប្រហែលជា​នឹងត្រូវ​ប្រគល់​កំពង់ផែ Mombasa ដ៏​ធំ និង​អភិវឌ្ឍន៍​បំផុត​របស់ខ្លួន ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ប្រសិនបើ​ខ្លួន​ពុំមាន​លទ្ធភាព​សងបំណុល​ចិន​ទេនោះ​។ ​ជាការ​ឆ្លើយតប​នឹង​ការចុះផ្សាយ​នេះ យោងតាម​សារព័ត៌មាន​The Star newspaper លោក​ប្រធានាធិបតី Kenyatta បាន​ច្រានចោល​ព័ត៌មាន​ដែលថា ទ្រព្យសម្បតិ្ត​ជាច្រើន​របស់​ប្រទេស​កំពុង​ស្ថិតក្នុង​បញ្ជី​របស់​ចិន ដើម្បី​ធ្វើការ​រឹបអូស​។ លោក​ចាត់ទុក ជាការ​ឃោសនា របស់​ក្រុមប្រឆាំង​។ លោក​ថា​កេ​ន​យ៉ា កំពុង​រៀបចំ​សងបំណុល​ត្រឡប់​ទៅ​ចិន​វិញ​ហើយ ។​តែ​លោក​មិនបាន​បញ្ជាក់ថា​តើ​ឆ្នាំ​នឹង​ចាប់ផ្ដើម កាត់បន្ថយ​បំណុល​ចិន​បាន​ធូរស្រាល​នោះទេ​ខណៈ​ប្រទេស​នេះ ក៏​កំពុង​ជាប់បំណុល បារាំង ជប៉ុន អាល្លឺម៉ង និង​អាមេរិក​ផងដែរ​។ លោក​ប្រធានាធិបតី Kenyatta បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុង​កិច្ចសន្យា ខ្ចីប្រាក់ គឺ​ពុំមាន​ការបញ្ជាក់​អំពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុល​នោះទេ គឺ​គ្រាន់តែ​ដាក់​ការបង្ខិតបង្ខំ​អោយ សងបំណុល​តែប៉ុណ្ណោះ​។ លោក​បាន​ចោទ​សួរថា​តើ​រឹបអូស​បាន​ដោយ​វិធី​ណា​។ យ៉ាងណា កំពង់ផែ​សមុទ្រ​នៃ​ប្រទេស​ស្រីលង្កា គឺ​កំពង់ផែ Hambantota បាន​ធ្លាក់​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ចិន​ទៅ កាលពី​ខែកក្កដា ឆ្នាំ​២០១៧ ។ ​បើ​យោងតាម​របាយការណ៍ កេ​ន​យ៉ា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​បី ជា​ប្រទេស​ដែល​ជំពាក់​បំណុល​ចិន​ច្រើនជាងគេបង្អស់ ក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ​២០០០ ដល់ ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​ផ្តួចផ្តើម​ការស្រាវជ្រាវ​អាហ្វ្រិក​ចិន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។ បើតាម​ការប៉ាន់ស្មាន បច្ចុប្បន្ននេះ កេ​ន​យ៉ា​ជំពាក់​បំណុល​ចិន​សរុប​ប្រមាណ ៩,៨​ពាន់​លាន​ឯណោះ​។ ហើយ​ភាគច្រើន​នៃ​បំណុល​នេះ​គឺ​ចំណាយ​ទៅលើ​ការសាងសង់​ហេ​ដ្ឋ​រចនា​សម្ព័ន្ធជាតិ រួមមាន ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក​ជាដើម​។​