
ក្រោយពីក្មេងប្រុសមានដើមកំណើតនៅឥណ្ឌាម្នាក់ គឺក្មេងប្រុសអារ៉ាវ អាចាយគូម៉ា កំពុងរស់នៅចក្រភពអង់គ្លេស បានចូលទៅក្នុងអង្គការកម្រិត IQខ្ពស់បំផុតលើពិភពលោក MENSA ជាមួយនឹងកម្រិត IQរហូតដល់១៥២នោះ បច្ចុប្បន្ន មានក្មេងប្រុសដើមកំណើតឥណ្ឌាម្នាក់ទៀតហើយ មកពីប្រទេសសិង្ហបុរី កំពុងតែនាំជ័យលាភី មកដល់ប្រទេសមួយនេះ។
ក្មេងបុរសអាយុ១២ឆ្នាំ ឌ្រូវ ម៉ាណុច រស់នៅក្នុងប្រទេសហិង្ហបុរី ដណ្តើមបានមេដាយមាស២គ្រឿងនៅការប្រកួតដណ្តើមជើងឯកពូកែចងចាំជាងគេបំផុតនៅលើពិភពលោកលើកទី២៧ដែលបានរៀបចំឡើងនៅក្នុងទីក្រុងហុងកុង។ ក្មេងប្រុសម្នាក់នេះ បានឈ្នះមេដាយក្នុងវិញ្ញាសារចងចាំឈ្មោះ មុខ និងពាក្យកម្រៗ។ គាត់ផ្តួលគូប្រកួត៥៦នាក់ផ្សេងទៀត ដើម្បីឈ្នះជើងឯកក្នុងវិញ្ញាសារក្មេងៗ។
ការប្រកួតមួយនេះ បានរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ។ ក្មេងប្រុសម្នាក់នេះ មានខួរក្បាលអព្ភូតហេតុដ៏អស្ចារ្យបំផុត ហើយអាចចងចាំសន្លឹកបៀ៧ហ៊ូ ក្នុងរយៈពេល១ម៉ោង ចំនួនលេខ១.១៥៥ខ្ទង់ ក្នុងរយៈពេលកន្លះម៉ោង ហើយឈ្មោះ និងមុខមនុស្ស៨៧នាក់ ក្នុងរយៈពេល១៥នាទី។
ដើម្បីអាចចងចាំចំនួនព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ក្មេងប្រុសឌ្រូវ មានជំនាញខាងតិចនិករ៉ូម៉ាំង ដែលអាចចងចាំជាមួយនឹងការតភ្ជាប់រូបភាពទៅហ្នឹងវត្ថុនៅក្នុងបន្ទប់។
ក្មេងប្រុសឌ្រូវ ទើបតែរៀនចប់បឋមសិក្សាទេ ហើយក៏ជាសមាជិកម្នាក់នៅក្នុងក្លិបកុំព្យូទ័រដែរ។
និយាយពីការត្រៀមខ្លួនរបស់គេ ក្មេងប្រុសឌ្រូវ បាននិយាយថា រូបគេប្រតិបត្តិរយៈពេលពី២ទៅ៣ម៉ោងក្នុង១សប្តាហ៍ មុនពេលប្រឡងបញ្ចប់ថ្នាក់បឋមសិក្សា។ រូបគេនឹងទន្ទេញចំនួនលេខ និងសន្លឹកបៀរយៈពេលចាប់ពី៤ម៉ោងទៅ៦ម៉ោងក្នុង១ថ្ងៃ។ វាពិតជាពិបាកណាស់សម្រាប់រូបគេឲ្យប្រតិបត្តិបែបនេះ ពេលដែលការប្រឡងបានបញ្ចប់ទៅ ប៉ុន្តែការប្តេជ្ញាចិត្ត បានជួយឲ្យរូបគេជោគជ័យ។
សូមបញ្ជាក់ថា ក្មេងប្រុសឌ្រូវ គឺជាសិស្សសាលាតែម្នាក់គាត់មកពីសិង្ហបុរីដែលបានចូលរួមការប្រកួតប្រជែងក្នុងឆ្នាំនេះ ដែលគេមើលឃើញមានការចូលរួមពីគូប្រកួតជាង២៦០នាក់ មកពីប្រទេសចិន រុស្ស៊ី ឥណ្ឌា តៃវ៉ាន់ និងប្រទេសម៉ាឡេស៊ី៕