ចិន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​ស្ទាក់ដំណើរ​នាវា​អាមេរិក ដែល​បើក​ចូល​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ចំពេល​ដែល​ភាព​តានតឹង​រវាង​ភាគី​ទាំងពីរ​បន្ត​ឡើងក​ម្តៅ​

ព្រឹត្តិការណ៍ថ្មីៗ
0
376
(​ទីក្រុង​ប៉េកាំង​)៖ សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៨ មករា ២០១៩​នេះ​ថា ក្រោយ​អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​ទៅកាន់​តំបន់​ដែនទឹក​អន្តរជាតិ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​កងកម្លាំង​យោធា​របស់ខ្លួន​ទៅ​ស្ទាក់ដំណើរ​នាវាចម្បាំង​អាមេរិក ដែល​កំពុង​ធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​ដែនទឹក​អន្តរជាតិ ដែល​ចិន​បាន​វ៉ាង​ថា​ជា​កម្ម​សិទ្ធ​របស់ខ្លួន​ផ្តាច់មុខ នៅក្នុង​ហេតុការណ៍​ដែល​មហា​យក្ស​ទាំងពីរ​កំពុងតែ​មាន​ភា​ព​តានតឹង​នឹង​គ្នា​កាន់តែខ្លាំង​។​ ​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បានដាក់​ពង្រាយ​នាវា​ពិឃាត​ស្ថិតក្នុង​ប្រភេទ​អា​ឡេ​បឺ​ខ្លាស​ឈ​ឈ្មោះ USS McCampbell ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ ១៩​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល ជា​កោះ​មួយ​ដែល​ចិន​កំពុងតែ​អះអាង​ភាពជា​កម្ម​សិទ្ធ​របស់ខ្លួន​ផ្តាច់​មុច​នៅក្នុង​តំបន់​នេះ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្ញើ​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័​រ អ្នកនាំពាក្យ​កង​នាវាចម្បាំង​ប្រចាំ​តំបន់​ស៊ី​ហ្វី​ក លោកស្រី Rachel McMarr បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា សមយុទ្ធ​នេះ​គឺជា​ប្រតិបត្តិការ​មួយ​នៃ​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​ដែលមាន​គោលបំណង​ប្រជែង​ទៅនឹង​ការអះអាង​លើ​ដែនទឹក ទោះបីជា​លោកស្រី​បាន​អះអាងថា មិនមាន​គោលដៅ​ជាក់លាក់ ឬ​សារ​នយោបាយ​ណាមួយ​ក៏ដោយ​។​ ​ទង្វើ​នៃ​ការបញ្ជូន​នាវាចម្បាំង​របស់​អាមេរិក​ទៅកាន់​តំបន់​ដែនទឹក​អន្តរជាតិ​នេះ ត្រូវបាន​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ទីក្រុង​ប៉េកាំង ខណៈដែល​ទីក្រុង​ប៉េកាំង​កំពុងតែ​វ៉ាងទី​លើ​ភាពជា​កម្ម​សិទ្ធ​នៃ​តំបន់​អន្តរជាតិ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ​កាង បាន​អះអាង​នៅក្នុង​ស​ន្និសិទ្ន​សារព័ត៌មាន​មួយ​ថា សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅកាន់​តំបន់​ដែនទឹក ដោយ​គ្មាន​ការអនុញ្ញាត​ពី​ភ​គី​ចិន​។​ ​លោក​លូ​ថា «​ភាគី​ចិន​បាន​បញ្ជូន​ក្រុម​នាវា​យោធា​និង​យន្ដហោះ​ចម្បាំង​ទៅធ្វើ​ការផ្ទៀងផ្ទាត់​ភ្លាមៗ និង​កំណត់​អត្តសញ្ញាណ​នៅលើ​នាវា​អាមេរិក ហើយ​បាន​ព្រមាន​ឱ្យ​ចាកចេញ​»​។​ ​លោក​លូ​បាន​និយាយថា «​សកម្មភាព​ដែល​ពាក់ព័ន្ធ​ដោយ​នាវា​របស់​សហរដ្ឋអាមេរិក បាន​រំលោភ​លើ​ច្បាប់​ចិន និង​ច្បាប់​អន្តរជាតិ​ដែល​ពាក់ព័ន្ធ បំពាន​លើ​អធិបតេយ្យភាព​របស់​ចិន ហើយ​បានធ្វើឱ្យ​ខូច​ដល់​សន្តិភាព សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៃ​ដែនទឹក​ដែល​ពាក់ព័ន្ធ​»​។ «​ភាគី​ចិន​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ទង្វើ​ដែល​ពាក់ព័ន្ធ​របស់​ភាគី​អាមេរិក ហើយ​ទទូច​ឱ្យ​អាមេរិក​បញ្ឈប់​ការ​បង្កហេតុ​ជាបន្ទាន់​។ យើង​នឹង​បន្ត​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ និង​សន្តិសុខ​របស់​យើង​»​។​ ​ជាមួយគ្នានេះដែរ លោក​វរសេនីយ៍ឯក​ជាន់ខ្ពស់​ចិន​Li Huamin បាន​បញ្ជាក់ថា ចិន​បានដាក់​ពង្រាយ​កងកម្លាំង​ទៅកាន់​តំបន់​នេះ ដើម្បី​ឆ្លើយតប​នឹង​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​នាវា​អាមេរិក McCambell ហើយ​បាន​និយាយថា ទីបញ្ជាការ​ភូមិភាគ​ខាងត្បូង​នឹង​ស្ថិតនៅក្នុង​ការត្រៀម​ជើង​ព្រួល​ខ្ពស់ ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ស្ថានការណ៍​ដែនអាកាស និង​ជើង​ទឹក រួមទាំង​ការពារ​សន្តិសុខ និង​អធិបតេយ្យភាព​របស់​ចិន​។​ ​ប្រតិបត្តិ​ការធ្វើ​នាវាចរណ៍​សេរី​របស់​អាមេរិក​គឺធ្វើឡើង​ដោយ​ផ្អែកទៅលើ​សន្និបាត​អង្គការសហប្រជាជាតិ​នា​ឆ្នាំ ១៩៨២​ស្តីពី​ច្បាប់​សមុទ្រ​។ ការព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក​ចំពោះ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ដែនទឹក​អន្តរជាតិ​មួយ​ដោយមាន​ការធ្វើដំណើ​រយ៉ា​ង​មមាញឹក​នៅលើ​ផ្លូវទឹក បាន​បង្ក​ឲ្យ​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក និង​ន​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​មានការ​ត​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​ ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ចិន បាន​ឡើងក​ម្តៅ​ខ្លាំង​បន្ទាប់ពី​មានការ​បោះពាក្យបោះសម្តី​ឲ្យ​គ្នា​ទៅវិញទៅមក​។ កាលពី​ប៉ុន្មាន​ខែ​មុន មន្ត្រី​ការពារជាតិ​អាមេរិក​មួយរូប​បាន​ព្រមាន​ថា ដើម្បី​ឲ្យ​ចិន​ដកទ័ព​ចេញពី​តំបន់​សមុទ្រ​ខាងត្បូង មានតែ​សេនា​រី​យ៉ូ​មួយគត់​នោះ គឺ​ការប្រកាសសង្គ្រាម​ជាមួយ​កងទ័ព​ចិ​ោ​ន​ដោយផ្ទាល់​តែម្តង​។​ ​ដោយឡែក កាលពី​៤ ថ្ងៃ​មុននេះ មន្ត្រី​យោធា​ចិន​ម្នាក់​បាន​គម្រាមថា ចិន​អាច​នឹង​ប្រើ​វិធានការណ៍​ក្នុង​ការបាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ដែល​ព្រហើន​ហ៊ាន​ចូល​ដែនទឹក​របស់ខ្លួន នៅក្នុង​តំបន់​ដែល​ខ្លួន​កំពុងតែ​កាន់កាប់​៕​