ជនសង្ស័យ ៧​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រីលង្កា ពាក់ព័ន្ធ​ទៅនឹង​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃអាទិត្យ​

ព្រឹត្តិការណ៍ថ្មីៗ
0
279
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្រីលង្កា​បាន​និយាយថា ជនសង្ស័យ ៧​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ចំនួន ៨​កន្លែង ដែល​បានកំណត់​គោលដៅ​ទៅលើ​ស​ណ្ធា​គារ និង​វិហារ​គ្រឹ​ស្ត​សាសនា​មួយចំនួន ដែល​បានសម្លាប់​មនុស្ស​ជាង ២០០​នាក់ និង​រាប់រយ​នាក់​ផ្សង​ទៀត​រងរបួស ដែល​ត្រូវបាន​គេ​ហៅថា គឺជា​អំពើ​ភេរវកម្ម​ដោយ​ក្រុម​សាសនា​ជ្រុលនិយម​។​ ​ការ​បំផ្ទុះ​គ្រាប់បែក ៦​លើកដំបូង ត្រូវបាន​បង្កឡើង​ស្ទើរតែ​ក្នុងពេល​ដំណាលគ្នា នៅ​ព្រឹក​ថ្ងៃអាទិត្យ ក្នុងប្រទេស​អាស៊ី​ភាគខាងត្បូង​កាន់​ពុទ្ធសាសនា​ភាគច្រើន​មួយ​នេះ​។ សណ្ឋាគារ​លំដាប់​ផ្កាយ ៣ និង​ព្រះវិហារ​មួយ ត្រូវបាន​គេ​វាយប្រហារ​នៅ​រដ្ឋធានី​កូឡុំបូ​។ ព្រះវិហារ​មួយ​ផ្សេងទៀត​ត្រូវបាន​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Negumbo នៅ​ខាង​ភាគ​ជើង​នៃ​រដ្ឋធានី​។ ចំណែក​ព្រះវិហារ​ទី​បី ត្រូវបាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង Batticalao ដែលជា​ទីក្រុង​មួយ​នៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​។​ ​ប៉ុន្មាន​ម៉ោង​ក្រោយមក ការ​បំផ្ទុះ​គ្រាប់បែក​លើក​ទី ៧ ត្រូវបាន​ចាប់ផ្តើម​នៅ​ជិត​សណ្ឋាគារ​មួយ​នៅ​ក្រុង Dehawali ភាគខាងត្បូង​នៃ​ទីក្រុង​កូឡុំបូ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ២ នាក់​និង​មួយសន្ទុះ​ក្រោយមកទៀត ការ​បំផ្ទុះ​គ្រាប់បែក​មួយទៀត​ត្រូវបាន​បំផ្ទុះ​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​។​ ​ប្រភព​មួយ​ដែល​និយាយ​ក្នុងនាម​អនាមិក​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​គ្រាប់បែក​របស់គេ នៅពេល​មន្ត្រី​ប៉ូលីស​បាន​ចូល​ផ្ទះមួយ នៅ​ជាយក្រុង​ភាគ​ខាងជើង​នៃ​រដ្ឋធានី​កូឡុំបូ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។ មន្ត្រី ៣​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការផ្ទុះ​នោះ នៅពេល​ចូលធ្វើ​កោសល្យ​វិ​ច្ច័​យ​។​ ​សរុបទៅ មនុស្ស ២០៧​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ​អាទិត្យ​ទី​២១ មេសា​ម្សិលមិញ ហើយ​មនុស្ស​ជាង ៦០០​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​កម្រិត​ខុសៗ​គ្នា​។​ ​បន្ទាប់ពី​រលក​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​ជា​លើក​ទី​ពីរ ក្រសួងការពារជាតិ​ប្រទេស​ស្រីលង្កា​បាន​បញ្ជា​ឱ្យមាន​បម្រាម​គោចរ​ពេលយប់​នៅ​ទូទាំងប្រទេស ហើយ​អាជ្ញាធរ​បាន​បិទ​គេហទំព័រ និង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​កំពុង​រីកសាយ​ភាព​។ នេះ​បើតាម​រដ្ឋលេខាធិការ​រ​បស់​ប្រធានាធិបតី​ប្រទេស​នេះ ដែល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការន៍​មួយ​។​ ​បំរាម​គោចរ​បាន​ចូល​ជា​ធរមាន​នៅវេលា​ម៉ោង ៦ ល្ងាច​ថ្ងៃអាទិត្យ (​ម៉ោង​ក្នុងស្រុក​) ហើយ​ត្រូវ​បញ្ចប់​នៅ​ម៉ោង ៦​ព្រឹក​ថ្ងៃ​ច័ន្ទ​។ រដ្ឋមន្ត្រី​ការពារជាតិ​ស្រីលង្កា​លោក Ruwan Wijewardena បាន​ពណ៌នា​ការវាយប្រហារ​នេះ​ថា ជា​ឧបទ្ទវហេតុ​ភេរវកម្ម និង​បាន​ស្តីបន្ទោស​ដល់​អ្នក​សាសនា​ជ្រុលនិយម​។ ប៉ុន្តែ​យ៉ាងណាមិញ លោក​Wijewardena មិនបាន​ចេញផ្សាយ​ព័ត៌មាន​បន្ថែម​ណាមួយ អំពី​ការចាប់ខ្លួន​ជនសង្ស័យ ៧​នាក់​នោះទេ​។ រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​មាន​ក្រុម​ណា ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។​ ​ឥស្សរជន​ជាន់ខ្ពស់​កាតូលិក​របស់​ប្រទេស​ស្រីលង្កា​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វែកមុខ​ជនសង្ស័យ ដែល​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ​នេះ​ឲ្យ​ឃើញ និង​សុំ​ឲ្យ​ដាក់ទណ្ឌកម្ម​កុំ​បន្ធូរដៃ ព្រោះ​មានតែ​សត្វ​ទេ ដែល​អាច​ប្រព្រឹត្ត​បែបនេះ​ទៅរួច​។​ ​យោងតាម​សារព័ត៌មាន AFP មាន​ជនបរទេស ៣៥​នាក់​បាន​បាត់បង់​អាយុជីវិត​ក្នុងការ​វាយប្រហារ​នោះ ដោយមាន​ជនជាតិ​ហូ​ឡង់ អង់គ្លេស និង​អាមេរិកាំង ដែល​បាន​បាត់បង់​អាយុជីវិត​ក្នុងការ​វាយប្រហារ​ដ៏​យង់ឃ្នង​នោះ​។​ ​បើតាម​សារព័ត៌មាន AFP ដដែល​បាន​ឲ្យ​ដឹងថា កាលពីមុន​ការវាយប្រហារ​នេះ ១០​ថ្ងៃមុន អាជ្ញាធរ​បានចេញ​សេចក្តី​ព្រមាន​អំពី​ការវាយប្រហារ​ដែល​អាច​កើតមានឡើង​ទៅលើ​វិហារ​គ្រឹ​ស្ត​សាសនា​។​ ​សេចក្តី​ព្រមាន​ដែល​ត្រូវ​បានចេញ​ដោយ​អគ្គស្នងការ​ប៉ូលិស លោក Pujth Jayasundara ផ្ញើជូន​ប៉ូលិស​គ្រប់លំដាប់​ថ្នាក់​បាន​ឲ្យ​ដឹងថា «​ទីភ្នាក់ងារ​ស៊ើប​ការ​សង្ងាត់​បរទេស​បាន​រាយការន៍​ថា ក្រុម​រ៉ាឌីកាល់​ឥស្លាម National Thowheeth Jama’ath ហៅ​កាត់​ថា NTJ កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ទៅលើ​គោលដៅ​វិហា​គ្រឹ​ស្ត​សាសនា មាន​ទាំង​បេសកកម្ម​ជាន់ខ្ពស់​ឥណ្ឌា​នៅ​ទីក្រុង​កូ​ឡំ​បូ​ផងដែរ​»​។​ ​ក្រុម​ឥស្លាម NTJ គឺជា​ក្រុម​ម៉ូ​ស្លី​ម​មួយ​នៅក្នុង​ប្រទេស​ស្រីលង្កា ត្រូវបាន​កត់ចំណាំ​កាលពី​ឆ្នាំមុន នៅពេលដែល​ពួកគេ​បាន​ផ្សារភ្ជាប់​ទៅនឹង​ការបំផ្លិចបំផ្លាញ​ពុទ្ធបដិមា​នៅក្នុង​ប្រទេស​នេះ​៕ ​