ឃ្លាំង​ផ្ទុកទំនិញ និង​រោងចក្រ​វាយ​ន​ភណ្ឌ​ទាំងអស់ អាច​នឹង​លែងមាន​វត្តមាន​ក្នុង​រាជធានី​ភ្នំពេញ​ទៀតហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
255
​កាលពីពេល​ថ្មីៗ​នេះ អភិបាល​រាជធានី​ភ្នំពេញ អះអាងថា កំពុង​រៀបចំ​គម្រោង​ឲ្យ​ឃ្លាំង​ផ្ទុកទំនិញ និង​រោង ចក្រ​វាយ​ន​ភណ្ឌ​ទាំងអស់ ត្រូវ​ប្តូរ​ទីតាំង​ទៅតាម​ផ្លូវ​បណ្តោយ​ក្រវ៉ាត់​ក្រុង​ទី​៣​វិញ ដើម្បី​កាត់បន្ថយ ការកកស្ទះ​ចរាចរណ៍ និង គ្រោះថ្នាក់​ចរាចរណ៍ ។​ ​ការរៀបចំ​បែបនេះ ក៏​ស្របគ្នា​នឹង​ការចង់បាន​ពី​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ហៅ​កាត់​ថា (CAMFFA) ដែល​បានស្នើ​ឲ្យ​មានការ​រៀបចំ​ឃ្លាំង​ផ្ទេរ​ទំនិញ​ធុន​ធ្ងន់ នៅ​ខាងក្រៅ​ទីក្រុង ដើម្បី​ឲ្យ ស្រប​នឹង​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ ។​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា​បច្ចុប្បន្ន នៅមាន​រថយន្ត​ធុន​ធំ​មួយចំនួន អាច​បើកបរ​ចូលក្នុង​ក្រុង​ស្ថិតក្នុង​ម៉ោង​ហាមឃាត់​ដដែល បើទោះបី​ជាមាន​ការដាក់​បម្រាម​ក្ដី ។ ករណីនេះ កើតឡើង​តិចតួច​ប៉ុណ្ណោះ ហើយ​ក្នុងនោះ​ក៏មាន​រថយន្ត​ធំ​មួយចំនួន ត្រូវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ដែរ ។​ ​លោក​បន្តថា នៅពេល​ខាងមុខ អាជ្ញាធរ អាច​នឹង​ទប់ស្កាត់បាន ១០០ ភាគរយ​ចំពោះ​រថយន្ត​ដឹកទំនិញ​ធំៗ​ដែល​លួច​បើក​ចូល​ក្រុង ក្រោយពី​មានការ​រៀបចំ​ឲ្យ​ឃ្លាំង​ផ្ទុកទំនិញ និង​រោងចក្រ​វាយ​ន​ភណ្ឌ​ទាំងអស់ ប្ដូរ​ទីតាំង​ពី​ក្នុង​ក្រុង​ទៅ​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវាត់ក្រុង​ទី ៣ នៅពេលដែល​ផ្លូវ នេះ​សាងសង់​រួចរាល់ ។​ ​ជុំវិញ​បញ្ហា​នេះដែរ លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ហៅ​កាត់​ថា (CAMFFA) ចង់ឃើញ​ការដឹកជញ្ជូន​ទំនិញ ដោយ​ប្រភេទ​រថយន្ត​ធុន​ធ្ងន់ គួររៀបចំ​ទីតាំង​ផ្លាស់ប្តូរ​ទំនិញ​នៅក្រៅ​ក្រុង ។ ក្នុងនោះ លោក បានអោយ​យោបល់​ថា គួរ​អាចជា​បណ្តើរៗ តាម​ទីតាំងនៅ​តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ឬ ទី​៣ ដែល​ប្រមុខ​រាជរដ្ឋាភិបាល គ្រោង​បញ្ចប់​ការសាងសង់ និង ផ្តើម​សាងសង់​ថ្មី ដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់​សង្គម ខណៈ​ការបើកបរ​ចូល​ក្រុង អាច​បង្ក​ហានិភ័យ​ច្រើន ។​ ​គួរ​បញ្ជាក់ដែរថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ គឺជា​ប្រភេទ​ផ្លូវ ៤​គន្លង ដែលមាន​ប្រវែង​សរុប ៤៧.៦​គីឡូម៉ែត្រ និង​ទទឹង​តួ​ផ្លូវ​សរុប ២៥​ម៉ែត្រ​។ ផ្លូវ​នេះ​នឹង​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ 14+105 ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ 24+840 ដោយ​ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៣​ត្រង់ ចំណុច​គីឡូម៉ែត្រ លេខ 21+200 កាត់​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ 22+800 និង​កាត់​ផ្លូវជាតិ​លេខ ២១​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ 18+400 និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧​គីឡូម៉ែត្រ​។​ ​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុងការ ជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ លើសពីនេះ​ទៀត ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នេះ គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់ៗ របស់​មហា​អនុតំបន់​មេគង្គ រួមចំណែក ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី ដែល​នៅ​សងខាង ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង​៕ ​