ជាថ្មី​ម្តងទៀត​! អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​

ព្រឹត្តិការណ៍ថ្មីៗ
0
378
​សារព័ត៌មាន BBC នៅ​ថ្ងៃទី​២២ មករា​នេះ កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយថា ប្រតិបត្តិការ​របស់ខ្លួន​គឺ​ប្រឆាំង​ទៅនឹង​កងកម្លាំង Quts របស់​អ៊ីរ៉ង់ ដែលជា​អង្គភាព​មួយ​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។​ ​មិនមាន​ការបង្ហាញ​ឲ្យ​បាន​ក្បោះក្បាយ​អំពី​ការ​វាយ​ប្រា​ហរ​នោះទេ ប៉ុន្តែ​មាន​របាយការណ៍​ជាច្រើន​បាន​និយាយ​អំពី​ការវាយប្រហារ​នៅ​ជុំវិញ​ទីក្រុង​ដា​ម៉ាស់​កាលពី​ថ្ងៃ​ចន្ទ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​បាន​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​វាយ​ខ្ទប់​ទៅនឹង​ការវាយប្រហារ​តាមផ្លូវ​អាកាស​។ កាលពី​ថ្ងៃអាទិត្យ កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​បាញ់​ស្ទាក់​គ្រាប់​រ៉ុក្កែត​នៅ​ពីលើ​តំបន់​ហ្កូ​ឡាន​ហាយ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល Times of Israel បាន​និយាយថា អ៊ីស្រាអែល​បាន​បាញ់​ស្ទាក់​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់ ដែល​បាញ់​ចេញពី​ទឹកដី​ស៊ី​រី ឆ្ពោះ​មក​ទឹកដី​របស់ខ្លួន​។​ ​អង្គការ​ឃ្លាំង​មើល​សិទ្ធមនុស្ស​ប្រចាំ​ប្រទេស​ស៊ី​រី​បាន​និយាយថា គ្រាប់​រ៉ុក្កែត​អ៊ីស្រាអែល​បាន​វាយប្រហារ​ទៅលើ​តំបន់​នៃ​ទីក្រុង​ដា​ម៉ាស់​។ ប្រតិបត្តិការ​នៃ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​នេះ បានធ្វើ​ឡើង​ក្រោយ​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ដែល​បាន​និយាយថា គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​ត្រូវបាន​បាញ់​ទៅលើ​ភាគ​ខាងជើង​នៃ​តំបន់​ហ្កូ​ឡាន និង​ត្រូវបាន​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីស្រាអែល អាយ​អិន​ដូ​ម​។​ ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បានចេញ​សេចក្តី​ព្រមាន ដោយបាន​និយាយថា «​យើង​បាន​បង្កើត​គោលនយោបាយ ដើម្បី​វាយប្រហារ​ទី​លើ​លេនដ្ឋាន​អ៊ីរ៉ង់ នៅក្នុង​ទឹកដី​ស៊ី​រី និង​បំផ្លាញ​អ្នកណា​ដែល​បំផ្លាញ​យើង​»​។​ ​កាលពី​ឆ្នាំ ២០១៨ របាយការណ៍​សរុបរ​បស់​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​បើក​ការវាយប្រហារ​ទៅលើ​កងទ័ព​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​រាប់រយ​ដង​។ អ៊ីស្រាអែល​ប្តេជ្ញា​បន្ត​បើក​ការវាយប្រហារ​ទៅលើ​ស៊ី​រី​បន្តទៀត ដោយបាន​ចោទថា កងទ័ព​អ៊ីរ៉ង់​កំពុងផ្តល់​ការគាំទ្រ​ដល់​ក្រុម​ហេស​ប៊ុល​ឡា ដើម្បី​ប្រឆាំងនឹង​ខ្លួន​៕ ​