ស៊ី​រី គម្រាម​បើក​ការវាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​អ៊ីស្រាអែល ប្រសិនបើ​ពិភពលោក​មិន​បញ្ឈប់​អ៊ីស្រាអែល​ទេនោះ​

ព្រឹត្តិការណ៍ថ្មីៗ
0
246
(​ទីក្រុង​តេ​ល​អា​វីវ​)៖ ប្រេសិត​ស៊ី​រី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ប្រសិនបើ​ពិភពលោក​មិន​បញ្ឈប់​ការវាយប្រហារ​របស់​អ៊ីស្រាអែល​មកលើ​ប្រទេស​របស់ខ្លួន​ទេ ស៊ី​រីនឹង​ធ្វើការ​សងសឹក​ដោយ​នឹង​បើក​ការវាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​អ៊ីស្រាអែល​នៅ​ខាងក្រៅ​ទីក្រុង​តេ​វ​អា​វីវ គឺ​អាកាសយានដ្ឋាន Ben Gurion​។ នេះ​បើតាម​កាសែត The Times of ISrael ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៤ មករា​នេះ​។​ ​ថ្លែង​នៅឯ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ បេសកជន​ស៊ី​រី​ប្រចាំ​អង្គការសហប្រជាជាតិ លោក Bashar Jaafari បាន​និយាយថា អ៊ីស្រាអែល​អាចធ្វើ​សកម្មភាព​ដោយ​សេរី​នៅក្នុង​ប្រទេស​ស៊ី​រី ពីព្រោះ​គេ​មាន​ខ្នងបង្អែក​អាមេរិកាំង បារាំង អង់គ្លេស​នៅក្នុង​ក្រុមប្រឹក្សា​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​សា​ណា​បាន​ស្រង់​សម្តី​លោក​ចា​ហ្វា​រី​ថា ប្រសិនបើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មិន​អនុវត្តន៍​វិធាន​ការបញ្ឈប់​អ៊ីស្រាអែល​នោះទេ ស៊ី​រីនឹង​អនុវត្តន៍​សិទ្ធ​ស្របច្បាប់​ក្នុងការ​ការពារ​ខ្លួន ហើយ​ស៊ី​រីនឹង​ឆ្លើយតប​ទៅលើ​អាកាសយានដ្ឋាន​ទីក្រុង​តេ​ល​អា​វីវ ឲ្យ​ដូច​ទៅនឹង​ការដែល​អ៊ីស្រាអែល​ឈ្លានពាន​មកលើ​ខ្លួន​។​ ​យ៉ាងណាមិញ គេ​នៅ​មិនដឹង​ទេ​ថា តើ​ស៊ី​រីនឹង​មានលទ្ធភាព​បែប​ណា ក្នុងការ​វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​របស់​អ៊ីស្រាអែល Ben Gurion នោះទេ ប៉ុន្តែ​ការប៉ុនប៉ង​ក្នុង​ការបើក​ការវាយប្រហារ​ទៅលើ​អ៊ីស្រាអែល​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការបង្កើន​នូវ​ភាព​តានតឹង​កាន់តែខ្លាំង និង​កំពុងតែ​ប្រឈម​ជាមួយ​កម្លាំងយោធា​ដ៏​ខ្លាំងក្លា​របស់​អ៊ីស្រាអែល ខណៈដែល​ស៊ី​រី​មាន​រុស្ស៊ី​ជា​បងធំ​ពីក្រោយ​ខ្នង​។​ ​ការ​គម្រាម​វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​អ៊ីស្រាអែល​នេះ បានធ្វើ​ឡើង​ក្រោយ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ទៅលើ​ទីតាំង​សំខាន់ៗ ដោយបាន​សម្លាប់​មនុស្ស ២១​នាក់​។ ក្រៅពី​ស៊ី​រី អ៊ីរ៉ង់​ក៏បាន​បង្កើន​ភាព​តានតឹង​ជាមួយ​អ៊ីស្រាអែល​ផងដែរ ដោយសារ​ការវាយប្រហា​រ​នោះបាន​សម្លាប់​ទាហាន​របស់ខ្លួន ១២​នាក់​៕ ​