រដ្ឋមន្ត្រីការបរទេស​អាមេរិក​អំពាវនាវ​ឲ្យ​លោក​ម៉ា​ឌូ​រ៉ូ ចុះ​ចេញពី​តំណែង និង​បាន​ជម្រុញ​ឲ្យ​យោធា​ក្រោកឈរ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​

ព្រឹត្តិការណ៍ថ្មីៗ
0
283
​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក​ម៉ា​យ​ខ៍ ផ​ម់​ភី​អូ​បាន​អំពាវ​ឲ្យ​ប្រធានាធិបតី​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ចុះ​ចេញពី​អំណាច និង​បាន​ជម្រុញ​ឲ្យ​យោធា​ប្រទេស​នេះ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង ដើម្បី​ស្តា​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ប្រទេស​នេះ​។ នេះ​បើតាម​សំណេរ​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២៤ មករា​នេះ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍ លោក​ផ​ម់​ភី​អូ​បាន​និយាយថា ទីក្រុង​វ៉ា​ស៊ីន​នឹង​គាំទ្រ​មេដឹកនាំ​គណបក្សប្រឆាំង លោក​ជាន់ ហ្កៃ​ដូ ខណៈដែល​លោក​បង្កើត​រដ្ឋាភិបាល​អ​ន្ត​រកា​ល និង​ត្រៀម​ប្រទេស​នេះ​សម្រាប់​ការបោះឆ្នោត​សាជាថ្មី​។​ ​លោក​រដ្ឋមន្ត្រី​និយាយថា «​ប្រជាជន​វ៉េ​ណ​ហ្ស៊ុ​យ​អេ​ឡា​រង​ការឈឺចាប់​គ្រប់គ្រាន់​ហើយ ក្រោម​របប​ផ្តាច់ការ​ដ៏​មហន្តរាយ​របស់​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ​»​។ «​យើង​អំពាវនាវ​ឲ្យ​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​អំណាច ដើម្បី​គាំទ្រ​ដល់​មេដឹកនាំ​ស្របច្បាប់ ដែល​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ប្រជាជន​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​»​។​ ​ស្រដៀង​គ្នា​នេះដែរ សារព័ត៌មាន The New York Times បាន​សរសេរ​នៅ​ថ្ងៃទី​២៤ មករា​នេះ​ដោយ​ស្រង់​សម្តី​រដ្ឋមន្ត្រី​រូបនោះ​ថា ប្រធានាធិបតី​វ៉េ​ណ​ហ្ស៊ុ​យ​អេ​ឡា គ្មាន​សិទ្ធ​បណ្តេញ​មន្ត្រីការទូត​អាមេរិក​នោះទេ​។ លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​មិន​ទទួលស្គាល់​របប​ម៉ា​ឌូ​រ៉ូ​ជា​រដ្ឋាភិបាល​នោះទេ​។ សហរដ្ឋអាមេរិក​មិន​គិតថា​អតីត​ប្រធានាធិបតី​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ​មាន​សិទ្ធ​កាត់​ផ្តាច់ចំណង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក ឬ​បណ្តេញ​បុគ្គលិក​យើង​នោះទេ​។​ ​កាលពី​ព្រឹក​ថ្ងៃ​ពុធ លោក​ម៉ា​ឌូ​រ៉ូ​បាន​បញ្ជា​ឲ្យ​មានការ​បណ្តេញ​មន្ត្រី​អាមេរិក​ចេញពី​ប្រទេស​របស់ខ្លួន ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក បានប្រកាស​គាំទ្រ​មេដឹកនាំ​គណបក្សប្រឆាំង​របស់​ប្រទេស​នេះ​។ លោក​ប្រធានាធិបតី​បានប្រកាស​នៅ​ពីក្រោយ​ប្រធាន​សភាជាតិ​វ៉េ​ណេ​ហ៊​សុ​យ​អេ​ឡា ក្រោយ​ប្រធានសភា​រូបនោះ​បានប្រកាស​ពី​ភាពមិន​ស្របច្បាប់​នៃ​ការឡើង​កាន់តំណែង​រប​ស់​ម៉ា​ឌូ​រ៉ូ​។​ ​យ៉ាងណាមិញ លោក​ម៉ា​ឌូ​រ៉ូ​ប្តេជ្ញា​បន្ត​ក្រាញ់​អំណាច​របស់ខ្លួន​បន្តទៀត ទោះបីជា​មានការ​បុករុក​ពី​សំណាក់​បរទេស ព​ណី​បក្សប្រឆាំង និង​ពី​សំណាក់​ប្រជាជន​នៅ​ទូទាំងប្រទេស​ក៏ដោយ ហើយ​ថែមទាំង​បញ្ជា​ឲ្យ​ក្រុម​ក្រសួងការបរទេស​អា​មេ​រិ​ក​ចាកចេញ​ក្នុង​រយៈពេល ៧២​ម៉ោង​។ ជាការ​ឆ្លើយតប រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​គម្រាមថា នឹង​ចាត់វិធានការ​ប្រឆាំង​ទៅនឹង​ប្រទេស​នេះ ប្រសិនបើ​បុគ្គលិក​ណាមួយ​របស់ខ្លួន​មាន​គ្រោះថ្នាក់​៕ ​