អ្នកនិពន្ធ​ចិន​អូស្ត្រាលី​ត្រូវបាន​ឃុំខ្លួន​នៅ​ប្រទេស​ចិន​ពីបទ​ចារកម្ម​

ព្រឹត្តិការណ៍ថ្មីៗ
0
248
​អ្នកនិពន្ធ​ជនជាតិ​ចិន​-​អូស្ត្រាលី លោក Yang Hengjun ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិន​ដោយ​ត្រូវ​ចោទ​ពីបទ​ចារកម្ម នេះ​បើតាម​មេធាវី​របស់​ក្រុមគ្រួសារ​លោក ដែល​បាន​ប្រាប់​សារព័ត៌មាន CNN នៅ​ថ្ងៃទី​២៤ មករា​នេះ​។​ ​យោងតាម​មេធាវី​របស់លោក យ៉ាង គឺ​លោក Mo Shaoping បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​លោក​យ៉ាង​បានទទួល​ដំណឹង​ជា​លាយ​លក្ខ​អក្សរ​ពី​ការិយាល័យ​សន្តិសុខ​រដ្ឋ​ចិន ដោយ​បញ្ជាក់​អំពី​ការឃុំខ្លួន​នោះ​។​ ​លោក​ម៉ូ​បាន​និយាយថា​លោក​នឹងដាក់​ញត្តិ​មួយ ដើម្បី​ជួប​ជាមួយ​កូនក្តី​របស់លោក ប៉ុន្តែ​មិនដឹងថា លោក​ត្រូវបាន​អនុញ្ញាត​ទៅតាម​កា​រ​ស្នើសុំ​ញត្តិ​នោះដែរ​ឬ​អត់​ទេ ដោយសារតែ​ការចោទប្រកាន់​ប្រឆាំង​លោក​យ៉ាង​។​ ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​នឹង​បន្ត​ស្វែងរក​ការបញ្ជាក់​អំពី​មូលហេតុ​នៃ​ការចាប់ខ្លួន​នេះ​។​ ​លោក​យ៉ាង ដែលមាន​វ័យ ៥៣​ឆ្នាំ គឺជា​អ្នកនិពន្ធ​ដែល​ពីមុន​ធ្វើការ​ជា​មន្ត្រី​ជាមួយ​ក្រសួងការបរទេស​ចិន​។ ទោះបីជា​លោក​យ៉ាង​មាន​សញ្ជាតិ​ជា​ពលរដ្ឋ​អូស្ត្រាលី​ក៏ដោយ ក៏​លោក​ចំណាយពេល​ជាច្រើន​ស្ថិតនៅ​សហរដ្ឋអាមេរិក ជាទី​ដែល​លោក​ជួប​ជាមួយ​អ្នកប្រាជ្ញ​នៅ​សាកលវិទ្យាល័យ​កូ​ឡំ​ប៊ី​នាទី​ក្រុង​ញូយ៉ក​។​ ​លោក​យ៉ាង​បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​ចិន​ពី​ទីក្រុង​ញូយ៉ក​ជាមួយ​ភរិយា​របស់គាត់ នៅ​ថ្ងៃទី​១៧ មករា ដើម្បី​មក​ទទួលយក​ទិដ្ឋាការ​កូនចុង​របស់គាត់ និង​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការ​ទៅដល់​។​ ​ទំនាក់ទំនង​រវាង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ បន្ទាប់ពី​ការធ្វើ​សេចក្តីព្រាងច្បាប់​អន្តរាគមន៍​ដ៏​តឹងរ៉ឹង​របស់​ក្រុង​កង់​បេ​រ៉ា ដែល​ក្រុមមន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​ជឿថា ពួកគេ​បានកំណត់​គោលដៅ​មកលើ​ចិន​។ ភាព​តានតឹង​រវាង​ប្រទេស​ទាំងពី​ក៏បាន​ធ្លាក់ចុះ​ក្រោយ​ការហាម​ប្រាម​របស់​អូស្ត្រាលី​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា 5G ផងដែរ​៕ ​