សហរដ្ឋអាមេរិក​បោះ​លុយ ១៥​ពាន់​លាន​ដុល្លារ​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Huntington Ingall ដើម្បី​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចំនួន ២​គ្រឿង វ៉ា​ឲ្យ​ឈ្នះ​ចិន និង​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
233
​សារព័ត៌មាន Defence News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២ កុម្ភៈ​នេះ​ថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ផលិត​នាវាចម្បាំង Huntington Ingalls លើ​ការផលិត​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់​ចំនួន ២​គ្រឿង​ដែលមាន​ទំហំ​ទឹ​ប្រាក់ ១៤,៩​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​កង​ទ័ពជើងទឹក​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ មករា​នេះ​។​ ​យោងតាម​សេចក្តីប្រកាស​ដដែល​បាន​ឲ្យ​ដឹងថា ជាមួយនឹង​ការទិញ​នាវា​ផ្ទុក​យន្តហោះ​ទាំងពីរ​គ្រឿង​នេះ កងទ័ព​រំពឹងថា​នឹង​រក្សាទុក ៤​ពាន់​លាន​ដុល្លារ​។​ ​អគ្គលេខាធិការ​កងទ័ព​ជើង​ទឹក លោក Richard Spencer បាន​សរសើរ​កិច្ចព្រមព្រៀង​នេះ​ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ ហើយ​បាន​និយាយថា កិច្ចសន្យា​នេះ​នឹង​បង្កើត​ស្ថេរភាព​សម្រាប់​កម្លាំង​ពលកម្ម ដែលមាន​ជំនាញ​និង​បង្កើត​ប្រាក់​សន្សំ​ជា​លទ្ធផល​។​ ​នាវា​ផ្ទុក​យន្តហោះ​ទាំងពីរ​ក្រុម​នេះ ថ្មីៗ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា មានតម្លៃ ២៤​ពាន់​លាន​ដុល្លារ ហើយ​កងទ័ពជើងទឹក​នឹង​សន្សំទុក ៤​ពាន់​លាន​ដុល្លារ​ពី​ការចុះ​កុងត្រា​នេះ​។ ​ដូច​ការគ្រោងទុក​ទៅតាម​ជើង​ទម្រ​មុំ​នុយក្លេអ៊ែរ​ទាំងបី​របស់លោក​ត្រាំ​កាលពី​ឆ្នាំមុន សហរដ្ឋអាមេរិក​នឹងមាន​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចំនួន ១២​ក្រុម​នា​ឆ្នាំ ២០១៩ ដើម្បី​វ៉ា​ឲ្យ​ដាច់​ចិន និង​រុស្ស៊ី ខណៈដែល​ប្រទេស​ទាំងពីរ​នេះ​មាន​នាវា​ផ្ទុក​យន្តហោះ​តែមួយ​ក្រុម​គត់​។ ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ ចិន​បានធ្វើ​ការសាកល្បង​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​របស់ខ្លួន ប៉ុន្តែ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​។​ ​សហរដ្ឋអាមេរិក ដែលជា​ប្រទេសមួយ​មាន​កម្លាំង​ទ័ពជើងទឹក​ខ្លាំងជាងគេ​ឥត​គូ​ប្រៀប បច្ចុប្បន្ននេះ​បាននិងកំពុង​តែ​ដុតដៃដុតជើង​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​គ្មាន​ប្រទេស​ណា​មានប្រៀប​លើ​ខ្លួន រី​កងទ័ពជើងគោក​វិញ ប្រទេស​នេះ​មានបទពិសោធន៍​ធ្វើសង្គ្រាម​ពេញ​ខ្លួន ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមលោកលើកទី​២​។ យ៉ាងណាមិញ មក​ពេល​ពេល​កំពុង​ផ្សាយ​នេះ ចិន​ត្រូវបាន​គេ​រាយការណ៍​ថា នឹង​បង្កើន​ក្រុម​នាវាចម្បាំង​របស់ខ្លួន​បន្ថែមទៀត ដែលមាន​ចំនួន​ដល់​ទៅ​ជាង ៦០០​គ្រឿង​ឯណោះ ប៉ុន្តែ​នាវា​ទាំងនោះ គឺជា​ក្រុម​នាវា​ហែរ​ហម នាវា​ល្បាត នាវាចម្បាំង​ប្រឆាំង​គ្រាប់មីន​ជាដើម មិនមែនជា​នាវា​ផ្ទុក​យន្តហោះ​ឯណា​។​ ​នាវា​ផ្ទុក​យន្តហោះ គឺជា​ក្រុម​អ្នក​ប្រយុទ្ធ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ដោយ​អាច​វាយ​តាម​ជើង​ទឹក​ក៏បាន និង​ទ័ពអាកាស​ក៏បាន​។ នៅពេល​មាន​សង្គ្រាម អាមេរិក​នឹង​បញ្ជូន​ក្រុម​នាវា​របស់ខ្លួន​ទៅធ្វើ​ប្រតិបត្តិការ ដោយ​បើក​ការវាយប្រហារ​ទៅ​គូសត្រូវ​តាមផ្លូវ​ទឹក និង​ផ្លូវអាកាស ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​កងទ័ព​ថ្មើ​ជើង​ចូលកាន់​កាន់​មូលដ្ឋាន​សំខាន់​។​ ​ពាកព័ន្ធ​ទៅនឹង​កម្លាំង​ជើង​ទឹក​អាមេរិក អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​អាមេរិក បាន​និយាយថា ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង កងទ័ពជើងទឹក​ចិន និង​រុស្ស៊ី បើ​ប្រយុទ្ធ​តទល់​ជាមួយ​អាមេរិក អាច​នឹងត្រូវ​កាច់​បំបាក់​បាន​ដោយ​ស៊ី​ផុយ ទាំង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ឬ​សមុទ្រ​ខ្មៅ​៕​