និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣ យិន ហេង ឬ​«​ចំប៉ី​ខ្មៅ​» អាច​នឹង​ប្រឈម​ជាប់ពន្ធនាគារ ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»

ព្រឹត្តិការណ៍ថ្មីៗ
0
320
​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​នេះ សម្រេច​ចោទប្រកាន់​និង​បើក​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់​លើ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ឈ្មោះ​យិន ហេង ឬ​«​ចំប៉ី​ខ្មៅ​» បន្ទាប់ពី​បុគ្គល​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បានធ្វើការ​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ​ជុំវិញ​បញ្ហា​នេះ មន្ត្រី​តុលាការ​បានបញ្ជាក់​ថាជ​ន​សង្ស័យ យិន ហេង ត្រូវបាន​លោក ពេជ្រ វិជ្ជាធរ ដែលជា​ចៅក្រម​ស៉ើ​ប​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​សិន នៅ​ពន្ធនាគារ​ព្រៃ «​ស​» ដោយ​រង់ចាំ​ចាត់ការ​ជំនុំជម្រះ​តាម​នីតិវិធី​បន្តទៀត តាម​ការចោទប្រកាន់រ​បស់​ព្រះរាជអាជ្ញា​។​ ​ប្រភព​បន្តថា នៅ​រសៀល​ថ្ងៃ​ដដែល ព្រះរាជអាជ្ញា លី សុ​ផា​ណា ក៏បាន​ចោទប្រកាន់​ជនសង្ស័យ យិន ហេង ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​» តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បទល្មើស​នេះ អាចមាន​ទោស​ជាប់ពន្ធនាគារ ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​។​ ​គួរ​បញ្ជាក់ដែរថា​លោក​យិន ហេង ដែល​ត្រូវបាន​គេ​ហៅថា ជា​ភេទ​ទី​បី និង​មានឈ្មោះ​ក្រៅ​ថា​«​ចំប៉ី​ខ្មៅ​»​បាន​បង្ហោះ​វីដេអូ​មួយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយបាន​ប្រើពាក្យ​ពេចន៍​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ និង​ប្រទេសជាតិ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បុគ្គល​នេះ​បាន​អះអាងថា មនុស្ស​បីនាក់​ខោក​ក្បាល​ខ្លួន​។​ ​វីដេអូ​របស់​បុគ្គល​ឈ្មោះ​យិន ហេង ត្រូវបាន​ចែកចាយ​បន្ត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បានធ្វើ​ឲ្យ​មានប្រតិកម្ម​ខឹងសម្បារ​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ នៅ​ថ្ងៃ​បន្ទាប់​លោក​យិន ហេង បាន​បង្ហោះ​វីដេអូ​សុំទោស​ជា​សាធារណៈ​។