សហរដ្ឋអាមេរិក​ថា ខ្លួន​នឹង​ចែក​ជំនួយ​មនុស្សធម៌ បើទោះជា​ត្រូវ​ប្រឈម​ជាមួយ​កងកម្លាំង​លោក​ម៉ា​ឌូ​រ៉ូ​

ព្រឹត្តិការណ៍ថ្មីៗ
0
244
​សារ​ព៌​ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ​ថា រដ្ឋាភិបាល​អាមេរិក​បាន​និយាយថា ខ្លួន​នឹងដាក់​ជំនួយ​មនុស្សធម៌ ១៩០​តោន​នៅ​ថ្ងៃ​សុក្រ​ស្អែក ដើម្បី​ដាក់ពង្រាយ​ជំនួយ​នេះ​នៅ​ពាសពេញ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ នេះ​បើតាម​លោក Mark Green ដែលជា​រដ្ឋបាល​នៃ​ទីភ្នាកងារ​ការអភិវឌ្ឍ​អន្តរជាតិ​។​ ​ចំពោះ​បញ្ហា​នេះ មនុស្ស​គ្រប់គ្នា​កំពុងតែ​ចង់ដឹង​យ៉ាង​អ​ន្តះ​សារ​ថា តើ​សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ជំនួយ​នោះ​ទៅតាម​ណា​។​ ​លោក​ហ្គ្រី​ន​បាន​ប្រាប់​សារព័ត៌មាន Fox News ថា «​វា​អាស្រ័យ​លើ​លោក​ហ្កៃ​ដូ និង​ប្រជាជន​របស់គាត់ និង​ក្រុមការងារ​របស់លោក​»​។ ​ជាមួយនឹង​ការផ្តល់​នេះ ប្រធានាធិបតី​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ​បាន​ហៅ​សកម្មភាព​នោះ​ថា គឺជា​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។​   ​យ៉ាងណាមិញ លោក​ហ្គ្រី​ន​បាន​និយាយថា «​នេះ​មិនមែនជា​គ្រោះ​រញ្ជួយ​ដី​ទេ ហើយក៏​មិនមែនជា​ទឹកបាក់​ទំនប់ ឬ​ជា​ខ្យល់​កន្ត្រាក់​ដែរ ប៉ុន្តែ​វា​ជា​ព្យុះសង្ឃរា​ដ៏​ខ្លាំងក្លា​»​។ នេះ​ជា​បុរស​ម្នាក់ និង​ជា​របប​មួយ​ដែល​កាន់​ដោយ​របប​ផ្តាច់ការ ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខ និង​ឈឺចាប់​»​។​ ​លោក​ហ្គ្រី​ន​បាន​និយាយថា លោក​កំពុង​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី ដើម្បី​ធានាថា​លោក Guaido ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​មាន​ជំនួយ ដែល​ប្រទេស​របស់លោក​ត្រូវការ​។​ ​លោក Guaido បាន​និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន ក្នុង​ទីក្រុង​កា​រ៉ា​កាស​ថា «​យើង​ដឹងថា វា​មិន​គ្រប់គ្រាន់​ទេ​ដែល​ជំនួយ​អាច​ចូល​ទៅដល់​ទឹកដី​នេះ ប៉ុន្តែ​យើង​ត្រូវ​បើក​បណ្តាញ​មនុស្សធម៌ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​»​។​ ​នៅ​ថ្ងៃ​សៅរ៍​ទី​២៣ ខានស្អែក​នេះ ប្រធាន​គណបក្សប្រឆាំង លោក ហ្កៃ​ដូ​ត្រូវបាន​គេ​រាយការន៍​ថា នឹង​ដឹកនាំ​ជំនួយ​មនុស្សធម៌​ចូលទៅ​កាន់​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយ​ប្រឈម​ជាមួយ​កងកម្លាំង​យោធា​ប្រទេស​នេះ​។ ​ថ្មីៗ​នេះ សារព័ត៌មាន​បានបង្ហាញ​ថា កងកម្លាំង​ប្រេ​ស៊ី​ល​បានប្រកាសថា ខ្លួន​នឹងចូលរួម​ទៅ​ចែក​ជំនួយ​មនុស្សធម៌​នៅតាម​ព្រំដែន​ជាមួយ​គណបក្សប្រឆាំង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដើម្បី​ប្រឈម​ជាមួយ​កងកម្លាំង​ប្រទេស​នេះ ដែល​កំពុង​បិទ​ច្រកព្រំដែន​។ អ្នកវិភាគ​មាន​ក្តី​ព្រួយបារម្ភ​ថា អាច​នឹងមាន​ការចូល​អន្តរាគមន៍​លើ​កងកម្លាំង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ប្រសិនបើ​មានការ​សម្លាប់​រង្គាល លើ​ប្រជាជន​ដែល​សម្រុក​មិន​ខ្លាច​មរណា ដើម្បី​ក្រពះ​៕