យន្តហោះ​យោធា​ឥណ្ឌា​ទិញ​ពី​រុស្ស៊ី​បាត់​ខ្លួន បន្ទាប់​បាន​ហោះ​ឡើង​នៅ​ជិត​ព្រំដែន​ចិន​

ព្រឹត្តិការណ៍ថ្មីៗ
0
321
​យន្តហោះ​ដឹកជញ្ជូន​យោធា​របស់​ឥណ្ឌា​ប្រភេទ An-32 ដែល​ទិញ​ពី​រុស្ស៊ី បាន​បាត់​ខ្លួន បន្ទាប់ពី​យន្តហោះ​បាន​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​រដ្ឋ​អាសា​ម​។ ការទាក់ទង​ចុងក្រោយ​ជាមួយ​យន្តហោះ​នេះ គឺ​នៅវេលា​ម៉ោង ១ រសៀល​ថ្ងៃ​អង្គារ​ទី​៤ មិថុនា​នេះ​។ មាន​មនុស្ស​ចំនួន ១៣​នាក់​ដែល​ស្ថិតនៅលើ​យន្តហោះ​នោះ ដោយ​ក្នុងនោះ ៨​នាក់​ជា​អ្នកបើក និង ៥​នាក់​ជា​អ្នកដំណើរ​។​ ​កងកម្លាំង​អាកាស​ឥណ្ឌា​បានដាក់​ពង្រាយ​គ្រឿង​សព្វាវុធ​ជាច្រើន ដើម្បី​ស្វែង​រកមើល​ទីតាំង​នៃ​យន្តហោះ ដែល​បាត់​ខ្លួន​នោះ ដោយមាន​ការដាក់​ពង្រាយ​យន្តហោះ​ចម្បាំង Sukhoi Su-30 និង​យន្តហោះ​ចម្បាំង C-130 Hercules ផងដែរ​។ កងទ័ព​ថ្មើ​ជើង​ក៏​ត្រូវបាន​បំបែកជួរ​តាមរក​យន្តហោះ​នោះ An-32 នោះ​ផងដែរ​។​ ​បង្ហោះ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​ប៉ុន្មាន​ក្រោយ​យន្តហោះ​នោះបាន​បាត់​ខ្លួន កងទ័ពអាកាស​ឥណ្ឌា​បាន​និយាយថា ប្រតិបត្តិ​ការរុករក​នេះ​នឹង​បន្ត​ធ្វើឡើង​។​ ​កងទ័ពអាកាស​បាន​និយាយថា របាយការណ៍មួយចំនួន​ត្រូវបាន​ទទួល​ពី​ដំណឹង​នៃ​ការរកឃើញ ប៉ុន្តែ​មិនមែនជា​ការពិត​នោះទេ​។​ ​យន្តហោះ Antonov An-32 បាន​ហោះ​ចេញពី​តំបន់ Jorhat ក្នុង​រដ្ឋ Assam ហើយ​កំពុងធ្វើដំណើរ​ទៅកាន់​ចំណត​អាកាស Mechuka ដែល​ស្ថិតនៅក្នុង​តំបន់ Mechuka Valley នៅ​រដ្ឋ Arunachal Pradesh ។​ ​យន្ដហោះ​នោះបាន​ដាច់​ការទាក់ទង​នៅ​ប្រហែល ៣៥ នាទី​ក្រោយពី​ចេញដំណើរ​។ ទីលាន​ចំណត​យន្តហោះ Mechuka Advanced Landsing មាន​ទីតាំង​ស្ថិតនៅ​ជិត​ព្រំដែន​ចិន​។​ ​កាលពី​ខែកក្កដា ឆ្នាំ ២០១៦ យន្តហោះ​ដឹកជញ្ជូន An-32 របស់​កងទ័ពអាកាស​ឥណ្ឌា​ក៏បាន​បាត់​ខ្លួន​នៅលើ​ឈូង​សមុទ្រ Bengal ដោយមាន​មនុស្ស ២៩​នាក់​នៅលើ​យន្តហោះ​។ យន្ដហោះ​នេះ​បាន​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​មួយ​ក្នុង​ទីក្រុង​ចេ​ណៃ​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​កោះ​អា​ដា​ម៉ាន និង​កោះ​នី​កូ​បា​។ រ៉ា​ដា​ទាក់ទង​ជាមួយ​យន្តហោះ​នោះបាន​ដាច់​ក្នុងពេល​មួយ បន្ទាប់ពី​យន្តហោះ An-32 នោះបាន​ហោះ​ចេញពី​ស្ថានីយ​កងកម្លាំង​អាកាស​តាម​បា​រ៉ា​ម ចេ​ន​ណៃ​។ ចំពោះ​យន្តហោះ​ដែល​បាន​ដាប់​ការទាក់ទង​ថ្មីៗ​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា បាន​ធ្លាក់​ពិតប្រាកដ ហើយ​មនុស្ស​នៅលើ​យន្តហោះ​នោះបាន​ស្លាប់​៕​