វីវរ​ធំ​ហើយ​ពេលនេះ​! កូរ៉េខាងជើង​គំរាម​បញ្ចប់​ចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក និង​ចាប់ផ្តើម​សាកល្បង​មី​ស៊ី​ល​ឡើងវិញ​

ព្រឹត្តិការណ៍ថ្មីៗ
0
204
​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​រដ្ឋធានី​របស់​កូរ៉េខាងជើង ពីស​ម្តី​មន្ត្រីជាន់ខ្ពស់​មួយរូប បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង កំពុង​ពិចារណា​លើ​ការផ្អាក​កិច្ចប្រជុំ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​មេដឹកនាំ​របស់​ពួកគេ អាច​នឹង​គិតគូរ​ឡើងវិញ​ចំពោះ​បំរាម​មកលើ​ការសាកល្បង​មី​ស៊ី​ល​របស់​ពួកគេ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​បាន​រាយការណ៍​ថា ក្រោយ​បរាជ័យ​នៅ​ជំនួប​កំពូល​រវាង​ប្រ​នា​ធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ប្រេសិត​ពិសេស​នុយក្លេអ៊ែរ​កំពូល​មួយរូប​របស់​កូរ៉េខាងជើង បាន​និយាយថា មេដឹកនាំ​របស់លោក កំពុង​ពិចារណា​ទៅលើ​ការលប់ចោល​កិច្ចប្រជុំ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ បាន​រាយការណ៍​សម្តី​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​លោកស្រី ឆូ សុន​ហួយ​ថា យើង​គ្មាន​បំណង​ផ្តល់ជូន​តាម​ការទាមទា​រ​របស់​សហរដ្ឋអាមេរិក​នៅ​ជំនួប​កំពូល​ក្នុង​ទីក្រុង​ហាណូយ​នោះទេ ទោះបី​ក្នុង​រូបភាព​បែបណាក៏ដោយ ហើយ​យើង​ក៏​មិន​ចង់​ចូលរួម​កិច្ចចរចា​បែប​ហ្នឹង​ទៀត​ដែរ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​បាន​រាយការណ៍​ទៀតថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​គីម ជុង​អ៊ុន គ្រោង​នឹង​ប្រកាស​ផ្លូវការ​នូវ​គោលជំហរ​របស់លោក​ពាក់​ព័ន្ធ​នឹង​កិច្ចប្រជុំ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​និង​វិធានការ​បន្ថែមទៀត​រប​ស់​កូរ៉េខាងជើង​។​   ​សេចក្តី​អត្ថាធិប្បាយ​របស់លោក​ស្រី ឆូ សុន​ហួយ បាន​ផ្ទុយស្រឡះ​នឹង​សុទិដ្ឋិនិយម របស់លោក​ស្តេ​ហ្វិ​ន ប៊ី​ហ្គិ​ន គឺជា​ប្រេសិត​ពិសេស​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​ទស្សនីយភាព​នៃ​កិច្ចប្រជុំ​នុយក្លេអ៊ែរ​។ ​លោក​ប៊ី​ហ្គិ​ន បាន​និយាយប្រាប់​សន្និសីទកាសែត​នៅក្នុង​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ក្នុង​សប្តាហ៍​នេះ​ថា ទំនាក់ទំនង​ការទូត​នៅរស់​រាន​នៅឡើយ ថ្វីត្បិតតែ​មាន​ជំនួប​បរាជ័យ​កាលពី​ខែ​មុន​ក៏ដោយ​។​ ​លោក​ប៊ី​ហ្គិ​ន បាន​និយាយថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ឃ្លាំមើល​គ្រប់​វិនាទី​រាល់​សកម្មភាព​ចុងក្រោយ​គេ​នៅ​ទីតាំង​បាញ់​រ៉ុក្កែត​របស់​កូរ៉េខាងជើង ប៉ុន្តែ​លោក​មិន​បានដឹង​នោះទេ ថា​តើ​ទីក្រុង​ព្យុងយ៉ាង អាច​នឹង​បាញ់​សាកល្បង​រ៉ុក្កែត​ថ្មី​ឬ​យ៉ាងណា​នោះទេ​។​ ​លោក​ប៊ី​ហ្គិ​ន បាន​ទទួលស្គាល់ថា ភាគី​ប្រទេស​ទាំង​២ នៅតែ​ខ្វែងគំនិត​គ្នា​នៅឡើយ​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​លោក​បានធ្វើការ​សង្កត់ធ្ងន់​ថា កូរ៉េខាងជើង គួរតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​ពេញលេញ​របស់​ពួកគេ​។​ ​ជំនួប​កំពូល​មួយ​នេះ បញ្ចប់ទៅ​មិន​ទទួល​បានការ​កិច្ចព្រមព្រៀង​ណាមួយ​នោះទេ ក្រោយ​លោក​ត្រាំ បដិសេធន៍​ការផ្តល់ជូន​របស់​កូរ៉េខាងជើង ក្នុងការ​បំផ្លាញចោល​ទីតាំង​នុយក្លេអ៊ែរ Yongbyon ដើម្បី​ដោះដូរ​នឹង​ការដកចេញ​ទណ្ឌកម្ម​ទាំងអស់​។ ​លោក​ត្រាំ បាន​និយាយថា លោក​សុំ​ទ​ទួ​ច​ឲ្យ​កូរ៉េខាងជើង​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​ទាំងអស់​របស់​ពួកគេ ហើយ​លោក​បានប្រកាសថា សហរដ្ឋអាមេរិក បាន​រកឃើញ​ទីតាំង​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​លាក់បាំង​របស់​ទីក្រុង​ព្យុងយ៉ាង​។​ ​គួរ​ឲ្យ​ដឹងថា កូរ៉េខាងជើង បាន​ផ្អាក​កម្មវិធី​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​រូបភាព​ពី​ផ្កាយរណប​កាលពីពេល​ថ្មីៗ​នេះ បង្ហាញថា កូរ៉េខាងជើង អាច​នឹង​កសាង​ឡើងវិញ​ទីតាំង​បាញ់​រ៉ុក្កែត​របស់​ពួកគេ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​អន្លើ កាលពី​ឆ្នាំមុន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បដិសេធន៍​មិន​ធ្វើ​ធ្វើ​សេចក្តីអធិប្បាយ​លើ​អនុសាសន៍​របស់លោក​ស្រី ឆូ ប៉ុន្តែ​ពួកគេ​បាន​និយាយថា នឹង​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់ ដើម្បី​គាំទ្រ​ការចាប់ផ្តើម​កិច្ចប្រជុំ​នុយក្លេអ៊ែរ​ឡើងវិញ​៕ ​