លី​បង់​គម្រាម​វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន Bengurion របស់​អ៊ីស្រាអែល នៅក្នុង​ការផ្ទុះ​សង្គ្រាម​នាពេលខាងមុខរ​វាង​ប្រទេស​គូសត្រូវ​ទាំងពីរ​

ព្រឹត្តិការណ៍ថ្មីៗ
0
298
​ចំ​ពេលដែល​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​លី​បង់​កំពុងមាន​ភាព​តានតឹង​នឹង​គ្នា​កាន់តែខ្លាំង​នៅតាម​ព្រំដែន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លី​បង់ លោក Elias Bou Saab បាន​ព្រមាន​ថា កងកម្លាំង​យោធា​លី​បង់​នឹងធ្វើ​ការវាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន Bengurion របស់​អ៊ីស្រាអែល បើសិនជា​អាកាសយានដ្ឋាន​អន្តរជាតិ Rafik Hariri របស់​ទីក្រុង​បេ​រូត​ត្រូវ​រង​ការវាយប្រហារ​ណាមួយ នៅក្នុង​ការផ្ទុះ​សង្គ្រាម​នាពេលខាងមុខ​។​ ​លោក​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន al-Manar ថា «​ប្រសិនបើ​អ៊ីស្រាអែល​វាយប្រហារ​មក​លើ​អាកាសយានដ្ឋាន និង​ទីតាំង​ប្រេង​របស់​យើង យើង​ក៏​នឹង​វាយ​ទៅលើ​ទីតាំង​ប្រេង​របស់​ប្រទេស​នេះ​ដូចគ្នា​»​។​ ​ការលើកឡើង​បែបនេះ ធ្វើឡើង​ខណៈដែល​លោក​បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​ខាងត្បូង​នៅជាប់​ព្រំដែន​អ៊ីស្រាអែល​។​ ​ភាព​តានតឹង​ដែល​ញ៉ាំង​ឲ្យ​មានការ​គម្រាម​ប្រកាសសង្គ្រាម​នេះ លេចឡើង​ខណៈដែល​មាន​ការខ្វែងគំនិត​គ្នា​ជុំវិញ​ការសាងសង់​ការដ្ឋាន​សំណាង់​នៃ​ជញ្ជាំង​ព្រំដែន និង​គម្រោង​របស់​លី​បង់​ក្នុងការ​ស្រាវជ្រាវ​រក​ប្រេង​នៅលើ​ឆ្នេរសមុទ្រ និង​ឧស្ម័ន​នៅក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ដែល​ប្រទេស​ទាំងពីរ​កំពុង​ស្ថិតក្នុង​ស្ថានភាព​មាន​សង្គ្រាម​នឹង​គ្នា​។​ ​ប្រវត្តិសាស្ត្រ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​លី​បង់ ប្រទេស​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​អស់​រយៈពេល ៣៣​ថ្ងៃ​នៅ​ឆ្នាំ ២០០៦ និង​បាន​បិទ​បញ្ចប់​ក្រោម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ ១៧០១ ដែល​អំពាវនាវ​ឲ្យ​លី​បង់​ទម្លាក់អាវុធ​ចុះ និង​ឲ្យ​អ៊ីស្រាអែល​ដកទ័ព​ចេញពី​លី​បង់ និង​បាន​ពង្រីក​ការដាក់​ពង្រាយ​កងកម្លាំង​អង្គការសហប្រជាជាតិ​នៅ​ភាគខាងត្បូង​លី​បង់​។​ ​ប៉ុន្តែ​ឥទ្ធិពល​របស់​ក្រុម​ហេស​ប៊ុល​ឡា​នៅ​លី​បង់ បាន​ញ៉ាំង​ឲ្យ​មន្ត្រី​កំពូល​នៅក្នុង​ជួរ​តំណែង​មន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​បាន​ព្រមាន​ថា កងកម្លាំង​លី​បង់​បាន​បាត់បង់​ឯករាជ្យ​របស់​ខ្លួន និង​បាន​ក្លាយទៅជា​ផ្នែក​សមាហរណកម្ម​នៃ​បណ្តាញ​ក្រុម​ហេស​ប៊ុល​ឡា​។​   ​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​រវាង​កង​កម្លា​ង​លី​បង់ និង​ក្រុម​ហេស​ប៊ុល​ឡា​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ កងកម្លាំង​អ៊ីស្រាអែល​បាន​ព្រមាន​ថា សង្គ្រាម​លើក​ក្រោយ អ៊ីស្រាអែល​នឹង​កំណត់​គោលដៅ​មិន​ត្រឹមតែ​ទៅលើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្យោ​ធា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​កំណត់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ដែល​ប្រើប្រាស់​ដោយ​ក្រុម​ហេស​ប៊ុល​ឡា​ផងដែរ​។​ ​កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​សភា​លី​បង់​បាន​និយាយថា ប្រទេស​របស់លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការកំណត់​ដែនទឹក​របស់ខ្លួន​ជាមួយ​អ៊ីស្រាអែល ក្រោម​ការឃ្លាំមើល​ពី​អង្គការសហប្រជាជាតិ ដែល​ដូច​ទៅនឹង​យន្ត​ការដែល​ត្រូវបាន​ប្រើ​សម្រាប់​ព្រំដែន​ពណ៌​ខៀវ​។​ ​ប្រទេស​ទាំងពីរ​មាន​ជម្លោះព្រំដែន​សមុទ្រ​ដែល​មិនទាន់​ដោះស្រាយ​នៅ​ឡើង នៅត្រង់​តំបន់ត្រីកោណ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៨៦០​គីឡូម៉ែត្រ​ការ៉េ​លាតសន្ធឹង​តាម​បណ្តោយ​ប្លុក​រុករក​រ៉ែ​នៅ​ឈូង​សមុទ្រ​ជាច្រើន​ដែល​ប្រទេស​លី​បង់​បានដាក់​ដេញថ្លៃ​កាលពី ២ ឆ្នាំមុន​។​ ​ទីក្រុង Beirut បាន​អះអាងថា ប្លុក​ទី​៨ និង​ទី​៩ នៅ​ដែនសមុទ្រ​ស្ថិតនៅក្នុង​តំបន់ EEZ គឺជា​របស់​របស់​លី​បង់ ហើយ​ផ្នែក​ខ្លះ​នៃ​ប្លុក​៩ កំពុង​ត្រូវបាន​កាន់កាប់​ដោយ​អ៊ីស្រាអែល​។​ ​ថ្មីៗ​នេះ ប្រេង និង​ឧស្ម័ន​ដែល​ត្រូវបាន​រកឃើញ​នៅ​ឆ្នេរ​លី​បង់ និង​អ៊ីស្រាអែល​ត្រូវបាន​ទស្សន៍ទាយ​ថា នឹងមាន​តម្លៃ​ជាង ៦០០​ពាន់​លាន​ដុល្លារ​នៅ​ទសវត្ស​ន៍​ក្រោយ​។ កាលពី​ខែធ្នូ ឆ្នាំ ២០១៧ ទីក្រុង​បេ​រូត​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន ៣ ក្នុងការ​ផ្តល់​ការរុករក​ប្រេង និង​ក្នុង​ប្លុក​ប្រេង​ទាំងពីរ​នេះ​៕ ​