សហរដ្ឋអាមេរិក វ៉ា​ដាច់​រុស្ស៊ី​ក្នុងនាម​ជា​ប្រទេស​នាំចេញ​អាវុធ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​

បច្ចេកវិទ្យា
0
293
​ក្រុម​អ្នកស្រាវជ្រាវ​ឈានមុខ​មួយ​បាន​អះអាងថា សហរដ្ឋអាមេរិក​នៅតែ​បន្ត​នាំមុខ​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក ក្នុងនាម​ជា​ប្រទេស​នាំចេញ​អាវុធ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ក្នុងនោះ​រុស្ស៊ី ឈរ​នៅ​លេខ​រៀង​ទី​២​។​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm ឬ​ហៅ​កាត់​ថា SIPRI បាន​អះអាងថា របាយការណ៍​កាលពី​ថ្ងៃ​ទី​១១ ខែមីនា​កន្លងទៅ បាន​ឲ្យ​ដឹងថា គំលាត​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ដ៏ទៃទៀត​នៅលើ​ពិភពលោក កាន់តែ​ឆ្ងាយ​ឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ដោយ​ការនាំចេញ​អាវុធ​អាមេរិក បានកើត​ឡើងដល់​ទៅ​៣៦​ភាគរយ ដែល​កាលពីមុន កើនឡើង​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ​។​ ​លោក Aude Fleurant គឺជា​ប្រធាន​កម្មវិធី​ចំណាយ​យោធា និង​អាវុធ​របស់​វិទ្យាស្ថាន SIPRI បាន​និយាយថា សហរដ្ឋអាមេរិក បាន​ពង្រឹងគោលជំហរ​បស់​ខ្លួន​ក្នុងនាម​ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ឈានមុខ​របស់​ពិភពលោក​។​ ​លោក​បន្តថា ពួកគេ​បាន​នាំចេញ​អាវុធ​ទៅកាន់​៩៨​ប្រទេស​នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ដែល​ការ​ចែកចាយ​ទាំងនោះ រួមមាន​ទាំង​នាវាចម្បាំង មី​ស៊ី​ល​បាលី​ស្ទិ​ក និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត ព្រមទាំង​គ្រាប់បែក​បំពាក់​ឧបករណ៍​បញ្ជា​ថែម​ទៀតផង​។​ ​របាយការណ៍​បានលើកឡើង​ផងដែរ ពី​គំលាត​ដ៏​ធំ​រវាង​ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​ទីក្រុង​ម៉ូ​ស្កូ ក្នុងការ​នាំចេញ​អាវុធ​។​ ​វិទ្យាស្ថាន SIPRI បាន​អះអាង​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​លើ​ការផ្ទេរ​អាវុធ​សកល​ថា ការនាំចេញ​អាវុធ​ធន់​ធំ​របស់​សហរដ្ឋអាមេរិក មាន​ចំនួន​៧៥​ភាគរយ​ខ្ពស់ជាង​រុស្ស៊ី ក្នុងអំឡុង​ឆ្នាំ​២០១៤-១៨ ខណៈពេលដែល​ពួកគេ​កើនឡើង​តែ​១២​ភាគរយ​ប៉ុណ្ណោះ កាលពី​អំឡុង​ឆ្នាំ​២០០៩-១៣​។​​របាយការណ៍​នេះ បន្តថា ជាង​ពាក់កណ្តាល​ស្មើនឹង​៥២​ភាគរយ​នៃ​ការនាំចេញ​អាវុធ​របស់​អាមេរិក គឺ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា អំឡុង​ឆ្នាំ​២០១៤-១៨​។​ ​វិទ្យាស្ថាន SIPRI​បាន​និយាយថា ការនាំចេញ​អាវុធ​របស់​រុស្ស៊ី បាន​ធ្លាក់ចុះ​១៧​ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៤-១៨ ជាមួយនឹង​ការកាត់បន្ថយ​ការនាំ​ចូល​ដោយ​ប្រទេស​ឥណ្ឌា និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​ ​របាយការណ៍​បានបញ្ជាក់​ទៀតថា បារាំង​ឈរ​នៅ​លេខ​រៀង​ទី​៣​ជា​ប្រទេស​នាំចេញ​អាវុធ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ស្មើនឹង​៦.៨​ភាគរយ បន្ទាប់មក​អាល្លឺម៉ង់ ឈរ​នៅ​លេខ​៤ ស្មើនឹង​៦.៤​ភាគរយ និង​ចិន​ឈរ​នៅ​លេខ​រៀង​ទី​៥ ស្មើនឹង​៥.២​ភាគរយ​។ ប្រទេស​កំពូល​ទាំង​៥​នេះ ស្មើនឹង​៧៥​ភាគរយ​នៃ​ការនាំចេញ​អាវុធ​សរុប​ពិភពលោក​។​ ​នៅក្នុង​របាយការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ វិទ្យាស្ថាន SIPRI​បាន​និយាយថា ការនាំចេញ​អាវុធ​ដោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​២២២.៦​ពាន់​លាន​ដុល្លារ ខណៈដែល​រុស្ស៊ី មាន​ត្រឹមតែ​៣៧.៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ នៅក្នុង​រយៈពេល​១​ឆ្នាំ​ដូចគ្នា​៕​