ក្រុមហ៊ុន Huawei នៅតែ​បន្ត​ទៅមុខ​បើទោះជា​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ផែនការ​រាំងខ្ទប់​យ៉ាងណា​ក៏ដោយចុះ

ព្រឹត្តិការណ៍ថ្មីៗ
0
319
​កាលពីពេល​កន្លងទៅនេះ បន្ទាប់ពី​សហរដ្ឋអាមេរិក ក្រុមហ៊ុន Google បានប្រកាស​គម្រោង​ព្យួរ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei​។ ក្រុមហ៊ុន Google ផ្តោត​សំខាន់​លើ​ប្រព័ន្ធ Android ដែល​កំពុង​បំពាក់​នៅក្នុង Smartphone ភាគច្រើន​លើ​លោក ក្នុងនោះ​ក៏មាន Huawei មួយ​ដែរ​។ វិធានការ​របស់ Google ចំពោះ Huawei គឺ​បិទទ្វារ​មិន​ឲ្យ​អតិថិជន​របស់ Huawei បន្ត​ប្រើ​កម្មវិធី Google ដូច​យ៉ាង Gmail Google Maps និង​ការ​បន្ទាន់​សម័យ​លើ​ប្រព័ន្ធ Android​។ ​ថ្មីៗ​នេះ​តាម​ការដកស្រង់​ការផ្សាយ​ចេញពី Channel News Asia នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នេះ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​យក្ស​ចិន Huawei បានដាក់​ញ្ញ​តិ​ប្តឹង​ជំទាស់​មួយ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​តតាំង​នឹង​ទណ្ឌកម្ម​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែល​កំពុង​ព្យាយាម​កម្ទេច​ទីផ្សារ​របស់ខ្លួន​ចេញ ពី​ការប្រកួតប្រជែង​ទីផ្សារ​អន្តរជាតិ​។ ​ក្រុមហ៊ុន Huawei បានដាក់​ញ្ញ​តិ​មួយ​ទៅកាន់​តុលាការ​ក្នុង​រដ្ឋ​តិច​សាស់ ដើម្បី ស្នើ​ឲ្យ​តុលាការ​អាមេរិក​ប្រកាស​ចាត់ទុក ការអនុវត្តន៍​ច្បាប់​ស្តី​សកម្មភាព​ការពារជាតិ​អាមេរិក National Defense Authorization Act (NDAA) ឆ្នាំ​២០១៩ គឺជា​ការអនុវត្តន៍​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​ស​ហ​រដ្ឋ​អាមេរិក​។​ ​កាលពី​កន្លងមក ចាប់តាំងពី​ឆ្នាំ​២០១២​មក រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានបង្ហាញ​ពី​ការសង្ស័យ​នានា​ថា​សម្ភារៈ​របស់​ក្រុមហ៊ុន Huawei ប្រហែលជា​មានការ​ប​ញ្ជូ​ល​បច្ចេកវិទ្យា​ដែល​ជួយ​ដល់​រដ្ឋាភិបាល​ចិន​អាច​ប្រមូលបាន​នូវ​ព័ត៌មាន​សម្ងាត់​នានា​។ ក្តីបារម្ភ​នេះ​បាន​កើន​ឡើងខណៈ​ប្រទេស​ទាំងពីរ​ប្រកួតប្រជែង​គ្នា​ដើម្បី​បង្កើត​ប្រព័ន្ធ​5G ដែលជា​បច្ចេកវិទ្យា​អ៊ិន​ធឺ​ណិ​ត​លឿន​បំផុត​។​ ​ក្រុមហ៊ុន Huawei បាន​ច្រានចោល​ព័ត៌មាន​ដែលថា​សម្ភារៈ​បច្ចេកវិទ្យា​របស់ខ្លួន​គំរាមកំហែង​ដល់​សន្តិសុខ និង​ថា Huawei គឺ​គ្រាន់តែ​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះដែរ ក្រុម​អាជ្ញាធរ​ប្រទេស​កាណាដា​បាន​ចាប់ខ្លួន​នាយិកា​ហរិញ្ញវត្ថុ​ក្រុមហ៊ុន Huawei តាម​សំណើ​របស់​សហរដ្ឋអាមេរិក ជុំវិញ​ការ​ប្រ​ចោទប្រកាន់ថា ក្រុមហ៊ុន​បានធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ដែលជា​ការរំលោភបំពាន​លើ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​អាមេរិក​បានដាក់​លើ​អ៊ីរ៉ង់​។​ ​គួររម្លឹកថា​សហរដ្ឋ​អាមេរិក​បានដាក់​ក្រុមហ៊ុន Huawei ទៅក្នុង​បញ្ជីខ្មៅ​ផ្នែក​ពាណិជ្ជកម្ម​កាលពី​សប្ដាហ៍​មុន​ដោយ​ហាមឃាត់​មិនឱ្យ​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បង្កើត​ប​ណ្ដា​ញ​ទូរគមនាគមន៍​ដ៏​ធំជាងគេ​លើ​ពិភពលោក​មួយ​នេះ​ទៀតឡើយ​និង​បាន​បង្កើន​កម្ដៅ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​មាន​ជម្លោះ​កាន់តែ​ក្តៅគគុក ៕