ក្រុម​ហេស​ប៊ុល​ឡា​ប្តេជ្ញា​ប្រឈម​ជាមួយ​ផែនការ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
258
​មេដឹកនាំ​ក្រុម​បះបោរ​ហេស​ប៊ុល​ឡា​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ថា នឹង​ប្រឈម​ជាមួយ​ផែនការ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​សហរដ្ឋអាមេរិក ដែល​លោក​ប្រធានាធិបតី​ដូ ណ​ល​ត្រាំ​បាន​ហៅថា ជា​កិច្ចព្រមព្រៀង​នៃ​សតវត្ស​នេះ ហើយ​ព្រមាន​ថា ទីក្រុង​វ៉ា​ស៊ី​ង​តោន​នឹង​ជួប​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ ប្រសិនបើ​សហរដ្ឋអាមេរិក​សម្រេច​ចិត្ត​ចាប់ផ្តើម​ធ្វើសង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់​។​ ​លោក Sayyed Hassan Nasrallah បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នៅឯ​ការជួប​ជុំគ្នា​មួយ​ដែល​កត់សម្គាល់​ទិវា Quds ប្រចាំឆ្នាំ​ថា «​សង្គ្រាម​ប្រឆាំងនឹង​អ៊ីរ៉ង់​នឹងមិន​បញ្ឈប់​នៅ​ព្រំដែន​អ៊ីរ៉ង់​ទេ​» ហើយ «​តំបន់​ទាំងមូល​នឹងត្រូវ​ឆេះ​។ «[... ] កងកម្លាំង​និង​ផលប្រយោជន៍​របស់​អាមេរិក​ទាំងអស់​នៅក្នុង​តំបន់​នឹងត្រូវ​បំផ្លាញ​»​។​ ​ការចេញមុខ​លើកឡើង​បែបនេះ លេចឡើង​ខណៈពេលដែល​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​កំពុង​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​នៅ​ឈូង​សមុទ្រ​ព័​ក្ស​។ ក្រុម​ហេស​ប៊ុល​ឡា​ត្រូវបាន​អ៊ីស្រាអែល​ចាត់ទុកថា ជា​ក្រុម​ភេរ​វករ ហើយ​ជារឿយៗ អ៊ីស្រាអែល​ក៏បាន​បើក​ការវាយលុក​ទៅលើ​ក្រុម​នេះ​ផងដែរ​។ កាលពី​ប៉ុន្មាន​ខែ​មុន អ៊ីស្រាអែល​បាន​កម្ទេច​ផ្លូវ​រូង​ក្រោយ​ម​ដី​របស់​ក្រុម​នេះ​។​ ​ក្រុម​ហេស​ប៊ុល​ឡា គឺជា​កងកម្លាំង​តំណាង​របស់​អ៊ីរ៉ង់ ដែល​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​ស៊ី​រី និង​លី​បង់​ជាដើម ក្នុង​គោលបំណង​ប្រឆាំង​ទៅលើ​អ៊ីស្រាអែល​៕​