ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ដើមឈើ​អាយុកាល​២៦២៤​ឆ្នាំ​នៅ​រដ្ឋ North Carolina

សង្គមប្លែកៗ
0
443
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ដើមឈើ​មួយ​ប្រភេទ​ស្ថិតនៅក្នុង​ចំណោម​ដើមឈើ​អាយុកាល​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក នៅឯ​តំបន់​ព្រៃ​លិច​ទឹក​តាម​ដង​ទន្លេ​ខ្មៅ ស្ថិតក្នុង​រដ្ឋ North Carolina សហរដ្ឋអាមេរិក​។​ ​ដើមឈើ​ប្រភេទ​ស្រល់​ទំពែក​បុរាណ​មួយ​នេះ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ ដែល​បាន​សិក្សា​រង្វង់​ដើមឈើ​នៅក្នុង​តំបន់​នោះ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ដឹង​កាន់តែច្រើន​ពី​ប្រវត្តិសាស្ត្រ​បរិ​កាស​នៅ​តំបន់​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​។​ ​ដើមឈើ​មួយ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ស្ថិតនៅ​ក្នុងចំណោម​ដើមឈើ​មាន​អាយុកាល​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​វា​គឺជា​ដើមឈើ​តែមួយគត់ ដែល​គេ​អាច​កំណត់​អត្តសញ្ញាណ​បាន​។​ ​ដើម​ស្រល់​ទំពែក​បុរាណ​ទី​២​ដែលមាន​អាយុកាល​ប្រហែល​២០៨៨​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ផងដែរ​នៅ​តំបន់​ព្រៃ​លិច​ទឹក​តែមួយ ជាហេតុ​នាំ​ឲ្យ​មានការ​លើកឡើងថា វា​អាច​នឹងមាន​សំណាក​ចាស់ៗ​អាយុកាល​ជាង​២​ពាន់​ឆ្នាំ​ជាច្រើន​ទៀត នៅក្នុង​តំបន់​នោះ​។​ ​ក្រុម​អ្នកស្រាវជ្រាវ បានសរសេរថា ដោយសារតែ​យើង​ធ្លាប់តែ​រកឃើញ​ដើម​ស្រល់​បុរាណ​អាយុកាល​ត្រឹម​១១០​ឆ្នាំ​នៅ​ទីនោះ ការរកឃើញ​ដើម​ស្រល់​ទំពែក​បុរាណ​អាយុកាល​ជាង​២​ពាន់​ឆ្នាំ​នៅ​តំបន់​លិច​ទឹក​នេះ ច្បាស់​ណាស់​ថា នឹងមាន​ដើម​ស្រល់​ទំពែក​បុរាណ​ជាច្រើន​ទៀត មាន​ដុះ​នៅតាម​បណ្តោយ​តំបន់​លិច​ទឹក​លាតសន្ធឹង​ចម្ងាយ​១០០​គ​.​ម​តា​មដង​ទន្លេ​ខ្មៅ​នេះ​។​ ​សូមបញ្ជាក់ថា ការរកឃើញ​នេះដែរ បានធ្វើ​ឲ្យ​ដើម​ស្រល់​បុរាណ​មួយ​នេះ ក្លាយជា​ដើមឈើ​ដុះ​ក្នុង​តំបន់​លិច​ទឹក​មាន​អាយុកាល​ចាស់​ជាងគេ​បំផុត ហើយ​និង​ជា​ដើមឈើ​ចាស់​ជាងគេ​លំដាប់ថ្នាក់​ទី​៥ នៅលើ​ផែនដី ក្នុងនោះ​ដើមឈើ​ដែល​ចាស់​ជាងគេ​បំផុត គឺជា​ដើម​ស្រល់​ប្រ៊ី​ស្ត​ល​ខុន ដែល​ត្រូវបាន​រកឃើញ​នៅ​អាំង​ទឹក Great Basin នៅ​អាមេរិក​ខាងជើង ហើយ​វា​មាន​អាយុកាល​ប្រហែល​៥​ពាន់​ឆ្នាំ​៕​