ភ្លេច​ច្បាប់ធម្មជាតិ​មែន​…​កើតមក​ដៃទទេរ​ទៅវិញ​ក៏​ដៃទទេ​ដែរ ម៉េច​ក៏​ផ្តាំ​ឲ្យ​ដាក់​ប្រាក់​ក្នុង​មឈូស​ជាមួយ​

សង្គមប្លែកៗ
0
348
…​មនុស្ស​គ្រប់រូប​សុទ្ធតែ​បានដឹង​រួចហើយ​នូវ​ច្បាប់ធម្មជាតិ គឺ​កាលពី​កើត​មកជា​ទារក​មាន​ដៃទទេ​ស្អាត​អត់​មាន​យក​អ្វី​មកជា​មួយ​ទេ លុះ​ដល់ពេល​ស្លាប់ទៅ​ក៏​ទៅ​ទាំង​ដៃទទេ​ដែរ​គ្មាន​បាន​យក​អ្វី​ទៅជា​មួយ​នោះឡើយ​។ ដូច្នេះ​ចំពោះ​រឿងរ៉ាវ​នេះ​ស្តាប់ទៅ​ដូចជា​កំប្លែង​បន្តិច​ហើយ​ដែល​បុរស​ជា​ប្តី កាល​នៅរស់​ប្រឹង​រកស៊ី​សន្សំ​ប្រាក់​មិន​ហ៊ាន​ចាយវាយ​ផ្តេសផ្តាស​នោះឡើយ រហូត​សូម្បីតែ​នាំ​ប្រពន្ធ​កូន​ដើរលេង​ក៏​រឹតត្បិត​ក្នុងការ​ចំណាយ​ទិញ​នំចំណី​ហូបចុក​ដែរ​។ លុះ​ថ្ងៃមួយ​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ទំនងជា​គិតថា​ពុំ​អាច​ព្យាបាល​ជាសៈ​ស្បើយ​នោះ​បុរស​ជា​ប្តី បាន​ប្រាប់​ប្រពន្ធ​នូវ​បំណងប្រាថ្នា​មិន​នឹកស្មាន​ដល់​ថា​ចង់​ឲ្យ​នាង​កប់​លុយ​ទាំងអស់​ដែល​គេ​រកបាន​ទៅជា​មួយ​នៅពេល​ស្លាប់ មិន​គិតទុក​ឲ្យ​ប្រពន្ធ​កូន​ឡើយ​។​ហើយ​នៅពេល​រៀប​ផុតដង្ហើម រូបគេ​បាន​និយាយប្រាប់​ប្រពន្ធ​ម្ដងទៀត ឲ្យ​កប់​លុយ​ទាំងអស់​ដែល​រកបាន​ទៅក្នុង​មឈូស​។ ចំណែក​ប្រពន្ធ ក៏​មិនបាន​ប្រកែក​ឡើយ ហើយ​សន្យាថា​នឹង​បំពេញ​បំណងប្រាថ្នា​ចុងក្រោយ​របស់​ប្ដី​។​ពិធី​បុណ្យសព​បាន​ដំណើរការ​ធម្មតា ប៉ុន្តែ​នៅពេល​រៀប​កប់​មឈូស នាង​ជា​ប្រពន្ធ​បាន​ស្រែក​ឲ្យ​គេ​ផ្អាក និង​ដាក់​មឈូស​ចុះ​វិញ​។ បន្ទាប់មក​នាង​បានដាក់​របស់​ម្យ៉ាង​ចូលទៅក្នុង​មឈូស​ជាមួយ​សព​ប្ដី រួច​ចាក់សោ​វិញ​ដូច​មុន​។ ឃើញ​ដូចនេះ មិត្ត​នាង​ម្នាក់​បាន​លាន់មាត់​ឡើង “​ខ្ញុំ​គិតថា​ឯង​មិន​ឆ្កួត​ដល់​ថ្នាក់​យកលុយ​ទាំងអស់ ទៅ​កប់​ជាមួយ​សព​ប្តី​របស់​ឯង​នោះទេ​”​។​ភ្លាមនោះ​នាង ជា​ប្រពន្ធ​បាន​ឆ្លើយតប​វិញ ធ្វើ​ឲ្យ​មិត្ត​នាង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ខ្ញុំ​សន្យា​មែន​… ខ្ញុំ​ជា​គ្រិស្ត​សាសនិក​ដ៏​ល្អ​ម្នាក់ ខ្ញុំ​មិនអាច​កុហក​ទេ​… ខ្ញុំ​សន្យា​ជាមួយ​ប្តី​ខ្ញុំ​ថា ខ្ញុំ​នឹងដាក់​លុយ​ទាំងអស់​ចូល​មឈូស​របស់គាត់​”​។​ ​មិត្ត​នាង​បាន​បន្ត​សួរ​ទៀតថា តើ​នាង​ពិតជា​កប់​លុយ​ឲ្យ​ប្ដី​ទាំងអស់ សូម្បី​មួយ​កាក់​មួយ​សេន​ក៏​មិន​ទុក​ដែរ​មែន​ទេ​? នាង​ជា​ប្រពន្ធ​បាន​ប្រាប់ ថា ខ្ញុំ​បាន​យកលុយ ទៅ​ដាក់​ក្នុង​កុង​ធនាគារ​របស់ខ្ញុំ​… ហើយ​ខ្ញុំ​សរសេរ​សែក​មួយ​ដាក់​លុយ​ទាំងអស់នោះ​ទៅ​ឲ្យ​ប្ដី​”៕