ពិតជា​មិនធម្មតា​មែន​…!! អស់​រយះពេល​៧៥​ឆ្នាំ​ហើយ ដែល​បង​រង់ចាំ​អូន

ព្រឹត្តិការណ៍ថ្មីៗ
0
276
​ទាហាន​ជើងចាស់​អាមេរិក​ក្នុង​សង្គ្រាមលោកលើកទី​២ មួយរូប បាន​ជួបជុំ​ជាមួយនឹង​គូស្នេហ៍​នារី​ជនជាតិ​បារាំង​ដែល​បាន​បែកបាក់​គ្នា​អស់​រយៈពេល ៧៥​ឆ្នាំ​ដែល​ខ្លួន​នៅតែ​ចងចាំ​មិនអាច​បំភ្លេចបាន បន្ទាប់ពី​ពួកគេ​បាន​ជួបគ្នា​ជា​លើកដំបូង​នៅក្នុង​ស្រុកកំណើត​របស់​នាង​។ លោកតា KT Robbins វ័យ ៩៧​ឆ្នាំ បាន​ជួប​ជាមួយនឹង​លោកយាយ Jeannine Pierson ពេល​លោកយាយ​មាន​វ័យ ១៨​ឆ្នាំ បន្ទាប់ពី​ស្នើឱ្យ​ម្តាយ​លោក Jeannine ជួយ​បោក​សម្លៀកបំពាក់​ឱ្យ​គាត់ ខណៈពេលដែល​គាត់​បាន​ល្បាត​នៅក្នុង​ភូមិ Briey ក្នុង​ឆ្នាំ​១៩៤៤​។​   ​បន្ទាប់មក​លោកតា Robbins ដែល​នៅ​គ្រានោះ​មាន​វ័យ ២៤​ឆ្នាំ បាន​លង់​ស្រឡាញ់​លោកយាយ Jeannine បច្ចុប្បន្ន​មាន​វ័យ ៩២​ឆ្នាំ ទោះបីជា​ពួកគេ​ត្រូវបាន​គេ​បំបែក​យ៉ាងណាក្តី ពេលដែល​លោកតា Robbins ត្រូវបាន​បញ្ជូន​ទៅកាន់​ជួរមុខ​នៅ​ភាគ​ខាងកើត​របស់​អាមេរិក​។​ ​លោកយាយ Jeannine បាន​និយាយថា គាត់​បាន​យំ ពេលដែល​លោកតា Robbins ចាកចេញ និង​ថែមទាំង​បាន​រៀន​ពាក្យ​មូលដ្ឋាន​អង់គ្លេស ក្នុង​ក្តី​សង្ឃឹមថា គាត់​នឹង​ត្រឡប់មកវិញ ប៉ុន្តែ​ទាហាន​ជើងចាស់​រូបនេះ​ត្រូវបាន​គេ​បញ្ជូន​ត្រឡប់​ទៅ​អាមេរិក​វិញ បន្ទាប់ពី​សង្គ្រាម​បញ្ចប់​។ ប៉ុន្តែ​លោកតា Robbins មិនដែល​បំភ្លេច​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​រូបនេះ​បានទេ ហើយ​គាត់​បាន​រក្សាទុក​រូបថត​របស់​លោកយាយ Jeannine អស់​រយៈពេល ៧៥​ឆ្នាំ​។​   ​ទាហាន​ជើងចាស់​រូបនេះ​បាន​ប្រាប់​ទៅ​ទូរទស្សន៍​បារាំង France 2 ថា "​ខ្ញុំ​បាន​ប្រាប់​នាង​ថា ប្រហែលជា​ខ្ញុំ​នឹង​ត្រឡប់មកវិញ ហើយ​ខ្ញុំ​នឹង​នាំ​នាង​ទៅជា​មួយ ប៉ុន្តែ​វា​មិនដែល​កើតឡើង​ដូច​នោះទេ​"​។ លោកយាយ Jeannine បាន​និយាយថា "​អូន​តែងតែ​ស្រឡាញ់​បង​។ បង​មិនដែល​លុប​បាត់​ចេញពី​បេះដូង​អូន​ទេ​។ ពេលដែល​បង​ចាកចេញ​ទៅជា​មួយ​ឡាន អូន​យំ ពិតណាស់ អូន​ពិតជា​ក្រៀមក្រំ​បំផុត​។ អូន​ស្រមៃ បន្ទាប់ពី​សង្គ្រាម​បញ្ចប់ បង​នឹងមិន​ត្រឡប់​ទៅ​អាមេរិក​វិញ​ទេ​"​។ លោកតា Robbins និង​លោកយាយ Jeannine បាន​ជួប​គូស្នេហ៍​ថ្មី​រៀងៗ​ខ្លួន និង​បាន​រៀបការ បន្ទាប់ពី​បញ្ចប់សង្គ្រាម ទោះជា​យ៉ាង​ក្តី​ប្តី​ប្រពន្ធ​របស់​ពួកគេ​ទាំងពីរ​បច្ចុប្បន្ន​សុទ្ធតែ​បាន​ចែក​ឋាន​ដូចគ្នា​។ ពួកគេ​បាន​ជួបគ្នា​ម្តងទៀត ពេលដែល​លោកតា Robbins បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​បារាំង​ដើម្បី​រំលឹក​ព្រឹត្តិការណ៍​រំដោះប្រទេស​បារាំង​ចេញពី​អាល្លឺម៉ង់ (D-Day) ខួប​លើក​ទី​៧៥​។​ ​អ្នកកាសែត​អាច​ស្វែង​រកឃើញ​អតីត​គូស្នេហ៍​របស់គាត់ បន្ទាប់ពី​គាត់​បានបង្ហាញ​ពួកគេ​ពី​រូបថត​របស់​លោកយាយ Jeannine ដោយ​ជំរុញឱ្យមាន​ការជួបជុំ​ដ៏​រំជួលចិត្ត​មួយ អំឡុង​ពេលដែល​ពួកគេ​បានផ្តល់​ស្នាម​ថើប​ទៅវិញទៅមក​យ៉ាង​ផ្អែមល្ហែម​។ អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​លោកតា Robbins ត្រូវ​ដល់ពេល​ចាកចេញ ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី D-Day ទោះជា​យ៉ាងណាក្តី គាត់​បាន​សន្យាថា ពួកគេ​ទាំងពីរ​នឹង​ជួបគ្នា​ម្តងទៀត​។ ខណៈដែល​ពួកគេ​បាន​បែក​គ្នា ទាហាន​ជើងចាស់​រូបនេះ​បាន​និយាយថា "Jeannine បង​ស្រឡាញ់​អូន អូន​សម្លាញ់​"៕ ​