អាមេរិក ឯកភាព​វាយប្រហារ​អ៊ីរ៉ង់​តែ​បែរជា​ប្រកាស​ផ្អាក​វិញ​ភ្លាមៗ​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​

ព្រឹត្តិការណ៍ថ្មីៗ
0
274
​សហរដ្ឋអាមេរិក បាន​ឯកភាព​ឲ្យ​មានការ​វាយប្រហារ​តាម​ច្រក​អាកាស​មកលើ​គោលដៅ​ជាច្រើន​របស់​អ៊ីរ៉ង់ ដើម្បី​សងសឹក​នឹង​ការបាញ់​ទម្លាក់​ដ្រូ​ន​យោធា​សហរដ្ឋអាមេរិក​របស់​ទីក្រុង​តេ​អេ​រ៉ង់ ប៉ុន្តែ​ការសម្រេចចិត្ត​ផ្អាក​វិញ ត្រូវបាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ​ក្រុម​មេដឹកនាំ​សភា បើ​ពុំ​ដូច្នោះ​ទេ ច្បាស់​ណាស់​ថា សង្គ្រាម​ទ្រង់ទ្រាយ​ធំ​រវាង​អាមេរិក និង​អ៊ីរ៉ង់​នឹង​ផ្ទុះឡើង​ជាក់​ជាពុំខាន​នោះទេ​។​ ​សារព័ត៌មាន​អាមេរិក​ជាច្រើន បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ត្រាំ បាន​យល់ព្រម​ឲ្យ​មានការ​វាយប្រហារ​តាម​ច្រក​អាកាស​មកលើ​គោលដៅ​អ៊ីរ៉ង់ ហើយ​បន្ទាប់មក​ក៏​លប់ចោល​វិញ​ភ្លាមៗ​។​ ​ប្រតិបត្តិការ​យោធា​ដែល​ណែនាំ​ដោយ​មន្ទីរ​ប​ច្ច​កោណ​នេះដែរ ត្រូវបាន​គេ​ជឿថា ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​ទម្លាក់​ដ្រូ​ន​ឈ្លប​កាណ៍​រយៈកម្ពស់​ខ្ពស់​របស់​សហរដ្ឋអាមេរិក ដោយ​អ៊ីរ៉ង់ នៅលើ​ច្រក​សមុទ្រ​ហ័​រ​មូស​។​ ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​ត្រាំ​ក៏បាន​សម្រេចចិត្ត​មិន​ប្រកាស​ឲ្យ​ដឹង​ពី​វិធី​ដែល​សហរដ្ឋអាមេរិក​ត្រូវ​ឆ្លើយតប​ចំពោះ​ការបាញ់​ទម្លាក់​ដ្រូ​ន​របស់ខ្លួន តែ​ផ្ទុយទៅវិញ លោក​បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​អ្នកនឹង​ដឹង​”​។​ ​យន្តហោះ​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា​នៅលើ​ដែនអាកាស ហើយ​នាវាចម្បាំង​ក៏​ស្ថិតនៅ​គោលដៅ​របស់​ពួកគេ ប៉ុន្តែ​មិនដឹង​ជាហេតុ​ផល​អ្វី​នោះទេ​ទេ បានជា​គ្មាន​មី​ស៊ី​ល​ណាមួយ​បាញ់​ចេញទៅ​វិញ​។ យោងតាម​មន្ត្រី​មួយរូប បាន​ឲ្យ​ដឹងថា គោលដៅ​នៃ​ការវាយប្រហារ​តាម​ច្រក​អាកាស​នោះ រួមទាំង​ប្រព័ន្ធ​ចាប់​រ៉ា​ដា និង​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​។​ ​អ៊ីរ៉ង់ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពួកគេ​មាន​ភស្តុតាង​ឥត​ជម្លោះ​ថា ដ្រូ​ន​ឈ្លប​ការណ៍​សហរដ្ឋអាមេរិក ដែល​អ៊ីរ៉ង់​បាញ់​ទម្លាក់ និង​មានតម្លៃ​ប្រហែល​១៣០​លាន​ដុល្លារ​នោះ បាន​បំពាន​លើ​ដែនអាកាស​របស់ខ្លួន​។​ ​លោក​អាប់​បាស់​អា​រ៉ា​ក់​ឈី គឺជា​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ បាន​និយាយថា សូម្បីតែ​បំណែក​មួយចំនួន​របស់​ដ្រូ​ន​មួយគ្រឿង​នេះ ត្រូវបាន​ស្រង់​ចេញពី​ដែនសមុទ្រ​របស់​អ៊ីរ៉ង់​ដែរ​។ ​ក្រសួងការបរទេស​អ៊ីរ៉ង់ បាន​បន្តថា បណ្តឹង​ផ្លូវការ​មួយ ត្រូវបាន​ដាក់ជូន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រួចហើយ​។​ ​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋ​អាម​រិ​ក បាន​ឡើងក​ម្តៅ​ថ្មី​កាលពី​សប្តាហ៍​មុន ក្រោយ​ការ​បំផ្ទុះ​នាវា​ដឹក​ប្រេង​២​គ្រឿង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​អូ​ម៉​ង់​។​ ​សេត​វិមាន បាន​ចោទប្រកាន់​អ៊ីរ៉ង់ ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ ក្នុងនោះ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក​ម៉ៃ ផ​ម​ផ្យូ បាន​គំរាម​ប្រើ​វិធានការ​ចាំបាច់​ទាំងអស់ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ពួកគេ​នៅក្នុង​តំបន់​៕