ម្ចាស់​បទ Gangnam Style លោក PSY ត្រូវបាន​ក្រុមនគរបាល​កូរ៉េខាងត្បូង​កោះហៅ​ទៅ​សួរចម្លើយ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ពេស្យាចារ​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​ម្ចាស​បទ​ចម្រៀង “Gangnam Style” លោក PSY ត្រូវបាន​ក្រុមនគរបាល​កូរ៉េខាងត្បូង​កោះហៅ​ទៅ​សួរចម្លើយ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​សេវាកម្ម​ពេស្យាចារ បង្កើតឡើង​ដោយ​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​ផលិតកម្ម YG Entertainment លោក​Yang Hyun Suk​។​ ​កាលពី​ថ្ងៃទី​២៣ ខែមិថុនា មុននេះ ក្រុមនគរបាល​បាន​បញ្ជាក់ថា ពួកគេ​បាន​កោះហៅ​លោក PSY ដើម្បី​សួរចម្លើយ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា លោក Yang Hyun Suk បានផ្តល់​សេវាកម្ម​ពេស្យាចារ​ដល់​អ្នកជំនួញ​ម៉ាឡេស៊ី Jho Low ។   លោក PSY ត្រូវបាន​គេ​សួរចម្លើយ​រហូតដល់​ម៉ោង​៣ និង​៣០​នាទី​ព្រឹក​ទាបភ្លឺ កាលពី​ថ្ងៃទី​១៧ ខែមិថុនា​កន្លងទៅ​។​ ​កាលពី​ខែឧសភា​កន្លងទៅ ទូរទស្សន៍ MBC បាន​រាយការណ៍​ថា ករណី​ចោទប្រកាន់ថា លោក Yang Hyun Suk បានផ្តល់​សេវាកម្ម​ផ្លូវភេទ​ដល់​វិនិយោគិន​អាស៊ីអាគ្នេយ៍​២​នាក់ កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។ នៅក្នុង​ចំណោម​អ្នក​ទាំង​២​នោះ គឺជា​អ្នកជំនួញ​មកពី​ម៉ាឡេស៊ី គឺ​លោក Jho Low ។​ ​សេចក្តីរាយការណ៍​នោះ បាន​ចោទប្រកាន់​ទៀតថា លោក Yang Hyun Suk បាន​អញ្ជើញ​នារី​ស្អាតៗ​ចំនួន​២៥​នាក់ ឲ្យ​ចូលរួម​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច ក្នុងនោះ​នារី​១០​នាក់ ត្រូវបាន​នាំយក​ទៅដោយ​ស្ត្រី​ម្នាក់ ឈ្មោះ Madam Jung ។​   ​លោកស្រី Madam Jung ត្រូវបាន​ក្រុមនគរបាល​កោះហៅ​មក​សួរចម្លើយ​ផងដែរ​កាលពី​ថ្ងៃទី​១៨ ខែមិថុនា​កន្លងទៅ ហើយ​លោកស្រី បាន​បញ្ជាក់ថា ថ្វីត្បិតតែ​ការពិត​ថា​ស្ត្រី​ទាំងអស់នោះ បាន​ចូលរួម​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅពេលនោះ​ក៏ដោយ ក៏​គ្មាន​សេវាកម្ម​ពេស្យាចារ​កើតឡើង​នោះដែរ​។​ ​ពាក់ព័ន្ធ​នឹង​ការសួរចម្លើយ​នេះដែរ លោក PSY​បាន​សរសេរ​តាម Instagram​ផ្ទាល់ខ្លួន​របស់លោក​ថា “​ពេលដែល​លោក Jho Low និង​ក្រុមការងារ​របស់គាត់ បាន​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង លោក Yang Hyun Suk និង​ខ្ញុំ ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​។ ក្រោយពី​ការទទួល​អាហារ និង​ផឹកស៊ី​ចប់​ជាមួយ​អ្នក​ដ៏ទៃទៀត​ដែល​បាន​ចូលរួម​កម្មវិធី​នោះដែរ លោក Yang Hyun Suk និង​ខ្ញុំ បានចេញ​ទៅមុន​”​។ ហេតុ​ដូច្នេះហើយ លោក​មិនដឹង​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នោះទេ​៕