ស្តេច​គ្រាប់បែក​មហា​ប្រល័យ​មានតែ​មួយគត់​លើ​លោក Tsar Bomba របស់​អតីត​សហភាពសូវៀត

ព្រឹត្តិការណ៍ថ្មីៗ
0
571
​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន Soviet RDS-220 ដែល​នៅ​លោកខាងលិច​ស្គាល់​ថា​ជា​គ្រាប់បែក Tsar Bomba គឺជា​ស្តេច​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់​ដែលមាន​នៅលើ​ពិភពលោក​។ វា​គឺជា​គ្រាប់បែក​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​ដែល​ផលិតឡើង ហើយ​ធ្លាប់​សាកល្បង​តែ​ម្តងគត់​។​ ​ស្តេច​គ្រាប់បែក Tsar Bomba ផលិត​ដោយ​អ្នកប្រាជ្ញ​សូ​វៀត​មួយក្រុម ក្រោម​ការដឹកនាំ​របស់​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព គឺ​លោក ANDREI SAKHAROV ។ ថ្ងៃទី​៣០ តុលា ឆ្នាំ​១៩៦១ គ្រាប់បែក​ដែលមាន​កម្លាំង​ប្រមាណ​ជា​៥០​មេ​ហ្គា​តោន (១​មេ​ហ្កា​តោន​ស្មើ​១​លាន​តោន​) ឬ​ខ្លាំង​ជាង​គ្រាប់បែក​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រមាណ​ជាជាង​៣៥០០​ដង​នេះ ត្រូវបាន​សាកល្បង​ដោយ​ជោគជ័យ​នៅលើ​ទីតាំង​សាកល្បង NOVAIA ZEMLIA ស្ថិតក្នុង​តំបន់​មហាសមុទ្រ​អាក់​ទិ​ក របស់​រុស្ស៊ី​។ ដុំ​ផ្សែង​មូល​បាញ់​ទៅលើ​មាន​កម្ពស់​៩,៦​គីឡូម៉ែត្រ និង​ផ្សែង​សាយភាយ​បាន​ចម្ងាយ​៥៦​គ​.​ម​។​ ​ការសាកល្បង​នេះ​ជា​ផ្នែក​មួយ​នៃ​ការស្រាវជ្រាវ​ធំៗ តាម​បញ្ជា​របស់​ចូសេប ស្តា​លីន មេដឹកនាំ​អតីត​សហភាពសូវៀត កាលពី​ថ្ងៃទី​២០ សីហា ឆ្នាំ​១៩៤៥ ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​២​រួចមក​នោះ ដែល​សំដៅ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​សហភាពសូវៀត ហើយ​ឱ្យ​ទទួលបាន​តុល្យភាព​កម្លាំង​នុយក្លេអ៊ែរ ជាមួយ​សហរដ្ឋអាមេរិក ដែលមាន​អាវុធ​នុយក្លេអ៊ែរ​រួច​ជា​ស្រាប់​ហើយ​នោះ​។​ ​ស្តេច​គ្រាប់បែក TSAR BOMBA មាន​ប្រវែង​៨​ម៉ែត្រ ទម្ងន់​២៥​តោន ជា​គ្រាប់បែកនុយក្លេអ៊ែរ​ដែល​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​នៃ​សម័យកាល​អភិវឌ្ឍន៍​ដែល​ពួក​សូ​វៀត និង​អាមេរិក​វាស់​ស្ទង់​កម្លាំង​គ្នា​ខាង​គ្រាប់បែកនុយក្លេអ៊ែរ ហើយ​ស្តេច​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​ខ្លាំង​នេះដែរ ត្រូវបាន​គេ​យកមក​ដាក់តាំង​បង្ហាញ​ជា​លើកដំបូង​នៅ​ក្រុង​មូ​ស្គូ ។​   ​ការសាកល្បង​កាលពី​ឆ្នាំ​១៩៦១ បាន​បង្កើត​ឲ្យ​មាន​ទាំង​មោទនភាព និង​ការភ័យខ្លាច ហើយ​ការតាំង​បង្ហាញ​គ្រាប់បែកនុយក្លេអ៊ែរ​ខ្លាំង​នៅក្បែរ​កំពែង​វិមាន​ក្រឹម​ឡាំង​នេះ គឺ​ចង់​បញ្ជាក់​ពី​ប្រវត្តិ​ដ៏​ខ្លាំងក្លា​នៃ​ថាមពលនុយក្លេអ៊ែរ​រុស្ស៊ី ប៉ុន្តែ​គ្រាប់បែក​ដែល​យកមក​ដាក់តាំង​នេះ តាមពិត​គេ​យក​រំសេវ​នុយក្លេអ៊ែរ​ចេញ​អស់ហើយ ៕ ​