កីឡាករ Ozil និង​មិត្ត​រួម​ក្រុម Kolasinac ត្រូវបាន​ចោរប្លន់​រថយន្ត​នៅ​ក្រុង​ឡុង​ដ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
247
​កីឡាករ Mesut Ozil និង Sead Kolasinac បាន​រត់គេច​ផុត​ដោយ​មិនបាន​រងរបួស​អ្វី​នោះឡើយ ក្រោយ​ករណី​ប៉ុនប៉ង​ប្លន់​ឡាន​ដោយ​ក្រុម​ប្រដាប់​ដោយ​កាំបិត​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​អង់គ្លេស​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​។​ ​វែបសាយ Dail Mail បាន​រាយការណ៍​ថា អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Ozil បាន​បើករថយន្ត Mercedes ក្រោយពេល​រថយន្ត​ជល់​ជាមួយ​ក្រុម​ជិះ​ម៉ូតូ ដែលមាន​ពាក់មួក​សុវត្ថិភាព​។​ ​នៅក្នុង​វីដេអូ​ដែល​បានបង្ហាញ ឃើញ​ខ្សែការពារ​សញ្ជាតិ​បូ​ស្នី និង​ជា​មិត្ត​រួម​ក្លិប​របស់ Ozil គឺ​កីឡាករ Kolasinac ដែល​ធ្វើដំណើរ​រួមគ្នា នៅ​ខាងក្រៅ​រថយន្ត ហើយ​និង​បាន​តតាំង​ជាមួយ​ក្រុមចោរប្លន់​។​ ​នៅក្នុង​រូបភាព​ដែល​បានបង្ហាញ គេ​ឃើញ​កីឡាករ Ozil​និយាយ​ទៅកាន់​ក្រុមនគរបាល​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​តួ​ក​គី​។ វែបសាយ​នេះ បានសរសេរថា អ្នកបម្រើ និង​ចុងភៅ បាន​ប្រញាប់ប្រញាល់​មកជួយ​កីឡាករ​ទាំង​២​នាក់​ផងដែរ​។​ ​លោក Azuka Alintah គឺជា​សាក្សី​ម្នាក់ បាន​និយាយប្រាប់​វែបសាយ Dail Mail ថា កីឡាករ Ozil​ហាក់ដូចជា​ភ័យ​ខ្លាំងណាស់ ដូច​អ្នក​រាល់គ្នា​ដែរ ក្រោយពេល​ត្រូវបាន​គេ​ដេញ​ពីក្រោយ​ដោយ​ក្រុមចោរប្លន់​ប្រដាប់​ដោយ​កាំបិត​បែបនេះ​។ លោក​បន្តថា គាត់​បានរ​ត់រក​ប្រាស់​អាយុ​ដូច​អ្នក​រាល់គ្នា​ដែរ​។​ ​ដោយឡែក ក្លិប Arsenal​បាន​និយាយថា កីឡាករ​ទាំង​២​នាក់​នេះ មិនបាន​កើត​អ្វី​នោះទេ ហើយ​ឧប្បត្តិហេតុ​នោះ គឺជា​បញ្ហា​ឯកជន​ប៉ុណ្ណោះ​។​ ​អ្នកនាំពាក្យ​ក្រុមនគរបាល​ក្រុង​ឡុង​ដ៍ បាន​និយាយថា ពួកគេ​ទទួលបាន​ដំណឹង​ថា​ជនសង្ស័យ​ជិះ​ម៉ូតូ បាន​ប៉ុនប៉ង​ប្លន់​បុរស​ម្នាក់ ដែល​កំពុង​បើកឡាន​។​ ​អ្នកនាំពាក្យ​ម្នាក់​នោះ បន្តថា តៃកុង​រថយន្ត ជាមួយនឹង​អ្នកដំណើរ​របស់គាត់ អាច​រត់គេច​ចេញ​ដោយ​គ្មាន​របួស​អ្វី​នោះឡើយ ហើយ​បាន​រត់​ទៅកាន់​ភោជនីយដ្ឋាន ស្ថិតនៅ​តំបន់ Golders Green ជា​កន្លែង​ដែល​ពួកគេ​និយាយ​ទៅកាន់​ក្រុមមន្ត្រី​នគរបាល​។​ ​មកទល់នឹង​ពេលនេះ នៅ​មិនទាន់មាន​ការចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នោះទេ​។​ ​សូមបញ្ជាក់ថា កីឡាករ Mesut Ozil និង Sead Kolasinac មិនមែនជា​កីឡាករ​បាល់ទាត់​លើកដំបូង​គេ​នោះទេ ដែល​ក្លាយជា​គោលដៅ​ប្លន់​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ឡុង​ដ៍​។ កាលពី​ឆ្នាំ​២០១៦ ខ្សែប្រយុទ្ធ Andy Carroll របស់​ក្លិប West Ham ត្រូវបាន​ក្រុមចោរប្លន់​ភ្ជុង​កាំភ្លើង​តាមផ្លូវ​ទៅផ្ទះ​ពី​ទីលាន​ហ្វឹកហាត់​របស់គាត់​៕​