សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣

ព្រឹត្តិការណ៍ថ្មីៗ
0
415
​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​«​មរតក​តេ​ជោ​»​និង​ជួប​សំណេះសំណាល​ជា មួយ​កម្មករ កម្មការិនី ថ្នាក់ដឹកនាំ​មន្ត្រី​កីឡា​និង​កីឡាករ​កីឡាការិនី​ជាច្រើនរូប​ផ្សេងទៀត​។​ ​ក្រៅពី​ការពិនិត្យ​និង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រី​កីឡា​និង​កីឡាករ​កីឡាការិនី​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​អញ្ជើញ​ជា​អធិបតី​ដំឡើង​ថាស​កៅអី​បេតុង​ចុងក្រោយ​ដែលជា​និមិត្តរូប នៃ​ការលេចចេញ​ជា​រូបរាង​កីឡដ្ឋាន​ធំ​នេះ​ផងដែរ​។​ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ពហុ​កីឡដ្ឋាន​នេះ មាន​ចម្ងាយ ១២​គីឡូម៉ែត្រ ពី​វត្តភ្នំ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៨៥​ហិកតា​។ ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​សាងសង់ឡើង​ដោយ​ឈរលើ​ទស្សនទាន​បៃតង «Green Sport» ដោយមាន​សំណង់​អគារ​តែ ៣០​ភាគរយ​ប៉ុណ្ណោះ ហើយ ៧០​ភាគរយ ជា​តំបន់​បៃតង មានដូចជា​ដើមឈើ ស្មៅ និង​ទឹក​... ហើយក៏​មានការ​កាត់បន្ថយ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដោយ​ប្រើប្រាស់​បច្ចេកទេស​រចនា​ប្លង់ ដែលមាន​ខ្យល់​ចេញចូល និង​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់កន្លែង​។​ ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​ចំណាយ​ថវិកា​សាងសង់​ចន្លោះ​ពី​១០០​លាន ទៅ​២០០​លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​មួយ​ភាគ​ធំ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ពហុ​កីឡដ្ឋាន​ជាតិ ដ៏​ទំនើប​មួយ​របស់​កម្ពុជា ដែល​សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។​ ​បច្ចុប្បន្ន​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ ស្ថិតក្នុង​ដំណើការ​សាងសង់​ដំណាក់កាល​ទី​២ គឺ​ការសាងសង់​ពហុ​កីឡដ្ឋាន​ធំ ប្រើ​សម្រាប់​ជាទី​លាន​ប្រកួត​បាល់ទាត់ កីឡា​បាល់ឱប និង​កីឡាអត្តពលកម្ម​។ ពហុ​កីឡដ្ឋាន​នេះ​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ​ជាង ១៦​ហិកតា អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់​ទៅ ៦​ម៉ឺន​នាក់​។​ ​